​ពិធី​ក្រុង​ពាលី​ដើម្បី​សុំ​បើក​ការដ្ឋាន​ជួសជុល​វិមានឯករាជ្យ​ខេត្តកំពង់ឆ្នាំង

0

​ខេត្តកំពង់ឆ្នាំង​៖​ ​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន « សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង និង​ខេត្តកំពង់ឆ្នាំង ចូលរួម​សហការ​ជួយ​ថែរ​រក្សា​អនាម័យ សណ្តាប់ធ្នាប់ របៀបរៀបរយ​នៅលើ​ចិញ្ចើម សួនច្បារ​សាធារណៈ ភ្លើង​បំភ្លឺ​ផ្លូវ និង​សូមជួយ​ថែរក្សា​នូវ​សមិទ្ធិផល​ផ្សេងៗ​ទៀត​ដែល​រាជរដ្ឋាភិបាល និង​អាជ្ញាធរខេត្ត​បាន​កសាង និង​កំពុងអភិវឌ្ឍន៍ » ។ ឯកឧត្តម បាន​សំណូមពរ​បែបនេះ ទៅកាន់​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ នៅក្នុង​ពិធី​ក្រុង​ពាលី​ដើម្បី​សុំ​បើក​ការដ្ឋាន​ជួសជុល​វិមានឯករាជ្យ​ខេត្តកំពង់ឆ្នាំង និង​សុំ​សេចក្តីសុខសាន្ត​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦ នៅក្នុង​សួនច្បារ​វិមានឯករាជ្យ​ខេត្តកំពង់ឆ្នាំង​។
​ ​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​មានប្រសាសន៍​ទៀតថា​៖ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​រយៈពេល​៣៧​ឆ្នាំ​កន្លងមកនេះ សមិទ្ធិផល​នានា​ត្រូវបាន​កសាង និង​អភិវឌ្ឍ​នៅ​គ្រប់​ទីកន្លែង​។ ដោយឡែក​ខេត្តកំពង់ឆ្នាំង​ក៍​បានទទួល​នូវ​ការអភិវឌ្ឍន៍​បានជា​ច្រើន​ផងដែរ ជាពិសេស​អភិវឌ្ឍន៍ ទៅលើ​ប្រព័ន្ធធារាសាស្ត្រ​ស្រោចស្រព ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ អាគារ សាលារៀន មណ្ឌល​សុខភាព វត្ត​អារាម ។​ល​។ ថ្មីៗ​នេះ ដោយមាន​ជំនួយ​ពី​ប្រទេស​វៀតណាម ក្នុងការ​ជួសជុល​វិមានឯករាជ្យ​ខេត្តកំពង់ឆ្នាំង អាជ្ញាធរខេត្ត​បានចាប់ផ្តើម​ធ្វើ​ពិធីបើកការដ្ឋាន​ជួសជុល​លាបថ្នាំ និង​កែលំអរ​អោយ​វិមានឯករាជ្យ​ខេត្តកំពង់ឆ្នាំង​មាន​សោភ័ណ​ភាពល្អ​ឡើងវិញ​។​
​ ​ឯកឧត្តម​អភិបាលខេត្ត​បាន​បញ្ជាក់ថា​៖ នៅ​ក្នុ​ការជួសជុល​នេះ គឺ​ត្រូវ​ពិនិត្យ​ជួសជុល​ទៅលើ​ក្បាល​នាគ​ទាំង​១០០ ព្រោះថា​ក្បាល​នាគ​មួយចំនួន​បាន​បាក់បែក មួយចំនួន​ពុកផុយ និង​មាន​វៀច​មួយចំនួន​ផងដែរ​។ ដោយឡែក​ចម្លាក់​បិត​ភ្ជាប់​នឹង​ជញ្ជាំង​ដំបូល​ខាងលើ​ក៍​ត្រូវ​រុះរើ​ដាក់​ថ្មី ប្រព័ន្ធ​លូ​ជុំវិញ​វិមាន​ក៍​ត្រូវ​ជួសជុល ហើយ​នៅលើ​ជណ្តើរ​ឡើង​វិមានឯករាជ្យ​ត្រូវ​កែរ​ប្រែ​ដាក់​ថ្ម​ម៉ាប​ជំនួស​វិញ ក្រោយពី​ជួសជុល និង​កែរ​លំអរ​រួច អាជ្ញាធរខេត្ត​នឹង​រៀបចំ​ដាក់​ភ្លើង​បំភ្លឺ​នៅលើ​វិមានឯករាជ្យ​កំពង់ឆ្នាំង​បន្ថែមទៀត គឺ​ធ្វើយ៉ាងណា​អោយ​តួ​វិមានឯករាជ្យ​មាន​ភាពស្រស់ស្អាត​ទាំងថ្ងៃទាំងយប់ ដែលជា​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ផងដែរ​។ ចំពោះ​ផ្លូវ​មួយចំនួន​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​វិញ អាជ្ញាធ​រេ​ខត្ត​នឹងត្រូវ​រៀបចំ​ដាក់​បង្គោល​ភ្លើង​បំភ្លឺ​គ្រប់​ផ្លូវ​ទាំងអស់ តែ​ត្រូវធ្វើ​បន្តិច​ម្តង​ទៅតាម​ទឹកប្រាក់​ដែល​អាជ្ញាធរខេត្ត​មាន​៕

​ ​