សេចក្តី​ថ្លែង​ការ​ណ៏ ស្ថានការណ៍​នយោបាយ​កម្ពុជា​អាច​​ឡើងកំដៅ​វឹកវរ​សារជាថ្មី

0

​ ​សមាគមយុវជន កំណែ​ទំរង់​រដ្ឋ បានចេញ​សេចក្តី​ថ្លែង​ការ​ណ៏ ស្តីពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ខណៈដែល​ក្រុម​បក្សប្រឆាំង​គំរាម​ធ្វើបាតុកម្ម នៅ​អាមេរិក ក្នុង​គ្រាស​ម្តេច​តេ​ជោ ហ៊ុន សែន ទៅ​ចូលរួម​ប្រជំ​ុ​កំពូល​អាស៊ាន​អាមេរិក

ដោយមាន​ការព្រួយបារម្ភ​ពី​សំណាក់​ប្រជាពលរដ្ឋ​ចំពោះ​ស្ថានការណ៍​នយោបាយ​កម្ពុជា ដែល​អាច​នឹង​ឡើង កំដៅ​វឹកវរ​សារជាថ្មី ដោយសារតែ​ការព្រមាន​ធ្វើបាតុកម្ម​ប្រឆាំង​វត្តមានសម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​កំពូល អាមេរិក​-​អាស៊ាន នៅ​សហរដ្ឋអាមេរិក​នា​ខែកុម្ភៈ​ខាងមុខ ពី​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​បន្ទាប់ពី​បានឃើញ​ការឆ្លើយតប​នឹង​ការព្រមាន​របស់សម្តេចនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ច្បាស់ៗ​ថា​នឹងមាន​បាតុកម្ម​ប្រឆាំង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទូទាំងប្រទេស ពី​សំណាក់​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​។
សមាគមយុវជន​កំណែទម្រង់​រដ្ឋ ក៏​បានឃើញ​សេចក្តីប្រកាស​ព័ត៌មាន របស់​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ​ដែល​បានបង្ហាញ​ពី​ការដកថយ ដោយបាន​អះអាងថា​គណបក្ស​គ្មាន​គោលនយោបាយ​ឱ្យ​សកម្មជន​របស់ខ្លួន​ធ្វើបាតុកម្ម​នោះឡើយ​។ ការបញ្ជា​ក់នូវ​គោលជំហរ​បែបនេះ គឺជា​សញ្ញា​វិជ្ជមាន​សម្រាប់​ពលរដ្ឋ​ខ្មែរ ដែល​ស្រលាញ់​សន្តិភាព និង​សង្ឃឹមថា​បញ្ជៀ​សបាន​នូវ​ការប្រឈមមុខ​ដាក់គ្នា និង​បែកបាក់​សាមគ្គី​ជាតិ​។​
ក្នុង​ស្មារតី​បង្រួបបង្រួម​ជាតិ ស្រលាញ់​សន្តិភាព ស្ថេរភាព​នយោបាយ សមាគមយុវជន​កំណែទម្រង់​រដ្ឋ យល់ឃើញថា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ គួរ​បន្ត​ស្វែងរក​ដំណោះស្រាយ​ដោយ​ឈរលើ​កិច្ចព្រមព្រៀង​ស្តីពី​ដំណោះស្រាយ​នយោបាយ​រវាង​គណបក្ស​ទាំងពីរ ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤ និង​សេចក្តីថ្លែងការណ៍​រួម​នៅ​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៥ ក្នុង​គោលបំណង​ប្តេជ្ញា​អនុវត្ត​វប្បធម៌​សន្ទនា​ឱ្យមាន​ប្រសិទ្ធភាព ដោយស្មោះ​ត្រង់​ជាមួយគ្នា និង​សន្តិវិធី គោរព និង​ឱ្យ​តម្លៃ​គ្នា​ទៅវិញទៅមក ចៀសវាង​ឱ្យបាន​ជាដាច់ខាត​នូវ​ការ​ញុះញង់ ការជេរប្រមាថ ការ​លាប​ពណ៌ និង​លុបបំបាត់​ឱ្យបាន​នូវ​វប្បធម៌​សងសឹក នយោបាយ​ប្រកាន់ពូជសាសន៍ និង​នយោបាយ​ជ្រុលនិយម​ជាដើម​។​
តាងនាម​ប្រជាពលរដ្ឋ​ខ្មែរ សមាគមយុវជន​កំណែទម្រង់​រដ្ឋ សង្ឃឹម​យ៉ាង​មុតមាំ​ថា ថ្នាក់ដឹកនាំ​គណបក្សនយោបាយ​ទាំងពីរ នឹង​ណែនាំ​សកម្មជន​របស់ខ្លួន​គោរព​ឱ្យបាន​នូវ​ឆន្ទៈ​របស់​ថ្នាក់ដឹកនាំ​ដោយ​យក​វប្បធម៌​សន្ទនា​ជា​មូលដ្ឋាន​។
សូមឱ្យ​ដំណើរ​ទស្សនៈកិច្ច​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់​សហរដ្ឋអាមេរិក​ដែល​តំណាងឱ្យ​ប្រជាជាតិ​ខ្មែរ​នៅពេល​ខាងមុខនេះ ទទួលបាន​ផលប្រយោជន៍​ជូន​ជាតិ​មាតុភូមិ និង​ពុំមាន​ការរំខាន ពី​សំណាក់​ក្រុម​ណាមួយ​ឡើយ ៕

សូម​អាន​សេចក្តីថ្លែងការណ៍ ខាងក្រោម​នេះ​

photo_2016-01-27_19-54-18