កំលាំង​សមត្ថកិច្ច​នៃ​អង្គការ​WCS​ចុះ​ល្បាត​ព្រៃ​ការពារ​ ​ដោយ​រឹបអូស​អន្ទាក់​ចាប់​សត្វព្រៃ​បាន​មួយចំនួនធំ​

0

​ ​
​ខេត្តព្រះវិហារ​ៈ ​កំលាំង​សមត្ថកិច្ច​ចម្រុះ​រួមមាន​មន្ដ្រីរដ្ឋបាល​ព្រៃឈើ​ជា​បុគ្គលិក​អង្គការ​ការពារ​ព្រៃឈើ​និង​ជីវចម្រុះ​ហៅ​កាត់​WCS​សហការ​ជាមួយ​នគរបាល​ប្រចាំ​ទីស្នាក់ការ​អភិរក្ស​នៅ​ចំណុច​រខិត​ភូមិ​របុញ​ឃុំ​មរកត​ស្រុក​ជាំ​ក្សាន្ត​បាន​ចុះ​ល្បាត​ឃ្លាំមើល​បទល្មើស​កាប់បំផ្លាញ​ព្រៃឈើ​និង​បរបាញ់​សត្វព្រៃ​កាលពី​ថ្ងៃទី​២៣​ដល់​២៤​មករា​២០១៦​។​ទីស្នាក់ការ​រដ្ឋបាលរ​បស់​អង្គការ​WCS​មាន​មូលដ្ឋាន​ក្នុង​សង្កាត់​កំពង់​ប្រណាក​ក្រុង​ខេត្តព្រះវិហារ​។​
​គួររំលឹកថា​តំបន់​ខាងលើនេះ​មាន​ភូមិសាស្ដ្រ​ស្មុគស្មាញ​លាតសន្ធឹង​ជាប់​៣​ស្រុក​គឺ​ស្រុក​ត្បែងមានជ័យ​ស្រុក​ឆែប​និង​ស្រុក​ជាំ​ក្សាន្ត​ត្រូវបាន​រដ្ឋបាល​ព្រៃឈើ​ដាក់ឈ្មោះថា​ព្រៃ​ការពារ​ព្រះវិហារ​ដែលមាន​ទំហំ​ប្រមាណ​១​ម៉ឺន​ហិកតា​បួន​ជ្រុង​។​រីឯ​សកម្មភាព​ជនល្មើស​កាប់បំផ្លាញ​ព្រៃឈើ​ក្នុងព្រៃ​ជ្រៅៗ​មាន​ជា​រៀងរាល់ថ្ងៃ​ហើយ​ការចុះ​បង្ក្រាប​របស់​កំលាំង​សមត្ថកិច្ច​ទៅលើ​ក្រុម​ជនល្មើស​ក៍​មិន​ងាយស្រួល​ទ្បើ​យ​។​
​សេចក្តីរាយការណ៍​បានអោយដឹងថា​ជា​រៀងរាល់ថ្ងៃ​ស្ថានភាព​ក្នុងព្រៃ​អភិរក្ស​ទាំងមូល​មិនសូវមាន​សន្តិសុខ​ល្អ​ប៉ុន្មាន​ទេ​សំរាប់​ក្រុម​សមត្ថកិច្ច​ខាងលើ​ចុះ​ល្បាត​ព្រោះ​ក្រុម​ជនខិលខូច​កាប់បំផ្លាញ​ព្រៃឈើ​និង​បរបាញ់​សត្វព្រៃ​សុទ្ធ​តែមាន​កាំភ្លើង​កែច្នៃ​ប្រភេទ​កា​រា​ប៊ី​ន​។​កាលពី​ចុងឆ្នាំ​២០១៥​ខ្មាន់កាំភ្លើង​អាការ​៤៧​បាន​លប​បាញ់​សម្លាប់ចោល​មន្ដ្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់​នគរបាល​ស្រុក​ឆែប​ម្នាក់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​ជា​នគរបាល​ការពារ​ព្រំដែន​គោក​នៅ​អូរ​ជុ​ញ​ហើយ​មកដល់ពេលនេះ​អាជ្ញាធរ​មិនទាន់​ចាប់បាន​ជនដៃដល់​នៅ​ទ្បើ​យ​ទេ​។​
​ទោះបីយ៉ាងណា​កំលាំង​សមត្ថកិច្ច​រួមមាន​មន្ដ្រីរដ្ឋបាល​ព្រៃឈើ​និង​នគរបាល​ដែលមាន​ទីស្នាក់ការ​អភិរក្ស​ស្ថិតនៅ​ចំណុច​រខិត​ភូមិ​របុញ​មិនបាន​រាថយ​និង​ខ្លាចញញើត​នឹង​ក្រុម​ជនល្មើស​ទេ​គឺ​នៅតែ​ចុះ​ល្បាត​ការពារ​ធនធានធម្មជាតិ​ព្រៃឈើ​និង​សត្វព្រៃ​ជានិច្ច​នៅតាម​តំបន់​ព្រៃ​ការពារ​ព្រះ​រកា​។​សមត្ថកិច្ច​បាន​រាយការណ៍​អោយដឹងថា​ការចុះ​ល្បាត​មាន​រយះពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៣​ដល់​២៤​មករា​២០១៦​ជា​លទ្ធផល​ដោះ​ខ្សែ​អន្ទាក់​ចាប់​សត្វព្រៃ​ខុសច្បាប់​បាន​ចំនួន​៩៧​អន្ទាក់​ត្រូវបាន​រឹបអូស​។​
​ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ថា​ក្នុងការ​ដើរល្បាត​នោះ​ក្រុម​សមត្ថកិច្ច​មិនបាន​ជួបប្រទះ​សកម្មភាព​បំផ្លាញ​ព្រៃឈើ​និង​ជនខិលខូច​នោះទេ​។​សមត្ថកិច្ច​នគរបាល​អះអាងថា​អន្ទាក់​ចាប់​សត្វព្រៃ​ដែល​រឹបអូស​បាន​គឺ​ជនល្មើស​ទើប​ដាក់​ថ្មីៗ​ហើយ​អាច​រត់គេចខ្លួន​នៅពេល​ដឹងថា​កំលាំង​សមត្ថកិច្ច​បាន​ចុះទៅ​ដល់​៕

k3