VIDEO ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់​ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​និង​ដកហូត​ថ្នាំញៀន​ចំនួន​ជិត​១​គីឡូ​

0

ភ្នំពេញៈ​ដោយមាន​ការអនុញាតិ​ពី​លោក ចែ សុង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏បាន​ឲ្យ​កម្លាំង​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ជាក់ស្ដែង នៅ​សណ្ឋាគារ សុខា ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់ និង​ដកហូត​ថ្នាំញៀន​ជិត​១​គីឡូ ។​ក្នុងការ​ប្រតិបត្តិការ​បង្ក្រាប​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​២០​និង​១៥​នាទី​យប់ ថ្ងៃទី​៣ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅក្នុង​បន្ទប់​លេខ​៥០៧​និង​៥៦៥ នៃ​សណ្ឋាគារ សុខា ផ្លូវ​ទន្លេសាប ក្រុម​១០ ភូមិ​១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។​
បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា ដោយមាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់ថា​មាន​ក្រុម​ជនសង្ស័យ​ខាងលើ​បានធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន នៅក្នុង​សណ្ឋាគារ សុខា ហើយក៏​ជា​មុខសញ្ញា​ចាស់​របស់​សមត្ថកិច្ច​តាមដាន​ជា​យូរ​មកហើយ ។​ក្រោយមក​កម្លាំង​របស់​លោក​ក៏បាន​សុំ​ការអនុញាតិ​ពី​លោក ចែ សុង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​សហការ​ជាមួយ​មន្ត្រី​ក្រោម​អោ​វ៉ាត ក៏បាន​ធ្វើការ​ចុះបង្ក្រាប់​ជាក់ស្ដែង​ដល់​កន្លែងកើតហេតុ​ខាងលើ ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់ រួមទាំង​ដកហូត​ថ្នាំញៀន​ជិត​១​គីឡូ​ផងដែរ​។​
ជន​សង​សង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ទាំង​៤​នាក់​នេះ​មានឈ្មោះ​ទី​១ លី គីម​ឆាយ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ (​ជនជាតិ​ចិន​) ទី​២ ស៊ូ ណាំង​ណាំង ភេទ​ប្រុស អាយុ​២១​ឆ្នាំ (​ជនជាតិ​ចិន​) ទី​៣ ហាយ យៀន ភេទ​ស្រី អាយុ​៣៣​ឆ្នាំ​(​ជនជាតិ​ចិន​)​និង​ទី​៤​ហ្វា​ម គីម​ដុង ភេទ​ស្រី អាយុ​២៥​ឆ្នាំ​(​ជនជាតិ​វៀតណាម​)​។​
ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា ក្រោយមក​កម្លាំង​របស់​លោក​បាន​បន្ត​នាំយក​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៤​នាក់​នោះមក​ចង្អុលបង្ហាញ​ពី​ទីតាំង​កន្លែង​រស់នៅ ដែល​នៅក្បែរ​និង​ភោជនីយ៍ដ្ឋាន តា​យ តា​យ ជាប់​ផ្លូវ​លេខ​២០០ ក្នុង​បន្ទប់​ជួល​លេខ​២២០ ភូមិ​៧ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ហើយក៏​បានធ្វើ​ការឆែកឆេ​រ​ក្នុង​បន្ទប់​ជួល​របស់​ជនសង្ស័យ​ទាំងនោះ ក៏បាន​រកឃើញ​មាន​ប្រដាប់​ប្រើប្រាស់​មានដូចជា​៖​ជ​ញ្ចី​ង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​មួយ ឧបករណ៍​សម្រាប់​ប្រើប្រាស់​ចំនួន​បី​ស្បោង​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន ក្រដាស​អាលុយមីញ៉ូម​ចំនួន​មួយ​ដំ​ុ ដែកកេះ​២ និង​កន្ត្រៃ​ដែក​ចំនួន​១​ផងដែរ​។​
ក្រោយពេល​ធ្វើការ​ចុះបង្ក្រាប​និង​ឆែកឆេរ​រួចហើយ ជន​សង​សង្ស័យ​ប្រុស​ស្រី​ទាំង​៤​នាក់ រួមទាំង​វត្ថុតាង ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន ដឹកយក​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សា​ណុំ​រឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​បុ​ន​ធី​