​អភិបាលខេត្ត​គាំទ្រ​ឲ្យ​ប្រជា​សហគមន៍​ដាំ​ម្រុំ ទីផ្សារ​កំពុងតែ​ពេញនិយម​ទាំង​ក្នុង​និង​ក្រៅប្រទេស​

0

កំពង់ធំៈ ខេត្តកំពង់ធំ កំពុងតែពង្រីកសក្តានុពលក្នុងការ និងបង្កើនមុខរបរដល់ប្រជាកសិករ ជម្រុញឲ្យប្រជាកសិកររួមគ្នា អភិវឌ្ឍន៍ បង្កើនចំណូលដល់គ្រួសារ តាមរយះបង្កើតសិប្បកម្ម កសិដ្ឋាន ដើម្បីផលិត សម្ភារៈក្នុងស្រុកដោយគំនិតច្នៃប្រឌិត ពីភូមិបញ្ញាររបស់សហគមន៍ ក្រោមការដឹកនាំគាំទ្រ ដោយលោក អ៊ុត សំអន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ជាក់ស្តែងកសិដ្ឋានដាំម្រុំ បានដាំនៅលើផ្ទៃដី៥០ហិចតា ខណៈនេះកំពុងដាំបានផល ១០ហិចតា ហើយ តែបន្តដាំជាបន្តបន្ទាប់ ស្ថិតនៅក្នុងភូមិ ស្រែស្រម៉ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
កសិដ្ឋានដាំម្រុំកំពុងតែ ដាំជាបន្តនិងពង្រីកសមត្ថភាព និងគុណភាពរបស់ខ្លួន ដើម្បីតម្រូវតាមស្តង់ដាក្នុងការនាំចេញទៅក្រៅប្រទេស ខណៈពេលដែលម្រុំខ្មែរ ត្រូវបានមហាជនលើពិភពលោក ស្គាល់មកជាយូរយាណាស់មកហើយ ដែលរុក្ខជាតិមួយ ជាអាបំប៉នជួយដល់សុខភាព សិប្បកម្មម្រុំខ្មែរកំពុងផលិតផលិតផលពីស្លឹកម្រុំ កែច្នៃជាម្សៅម្រុំ ដោយច្រកម្សៅធ្វើជាគ្រាប់ថ្នាំ អត្ថប្រយោជន៍ស្លឹកម្រុំ វាជាវីតាមីនបំប៉នសុខភាព ជួយសម្រួលសម្រាប់អ្នកជំងឺទឹកនោមផ្អែម និងអ្នកជំងឺលើសឈាម កាត់បន្ថយខ្លាញ់ក្នុងសរសៃឈាម ជាតិអាស៊ីតនៅក្នុងខ្លួន វាមានកាល់ស្យូមជំនួយឆ្អឹង។
ប្រជាជនខ្មែរទូទៅ បាននាំយកស្លឹកម្រុំទៅធ្វើជាម្ហូប ឆា ស្ងោរ និង ស្លកកូរ ស្លឹកម្រុំនេះផ្ទុកទៅដោយ វីតាមីន សារធាតុរ៉ែ និងប្រូតេអ៊ីន និងមិនមានបង្កផលប៉ះពាល់ដល់សុខភាពនោះទេតែវាមានវីតាមីនច្រើនសម្រាប់ជួយ បំប៉នសុខភាពការផលិតម្សៅស្លឹកម្រុំនេះមិនជាការលំបាកនោះទេ ហើយ គ្រប់គ្នាអាចផលិតបានដោយខ្លួនឯង ដោយគ្រាន់តែយកស្លឹកម្រុំនេះទៅហាលឲ្យស្ងួតនៅក្នុងម្លប់ មិនហាលក្រោមពន្លឺថ្ងៃនោះទេវាធ្វើឲ្យបាត់បង់វីតាមីន រួចកិនជាម្សៅសម្រាប់ទទួលទាន១ ទៅ២ស្លាបព្រាកាហ្វេម្តង។
លោក ចៀម ប៉េអា ម្ចាស់កសិដ្ឋាន បានឲ្យដឹងថា ម្រុំខ្មែរត្រូវបានគេស្គាល់មកជាង១០០ឆ្នាំមកហើយ តែទើបតែប៉ុន្មានឆ្នាំចុងក្រោយនេះក្រោយពីអ្នកវិទ្យាសាស្ត្រ បានស្រាវជ្រាវរកឃើញថា ស្លឹកម្រុំ ទាំងគ្រាប់ ទាំងផ្កា គឺសុទ្ធតែមានគុណប្រយោជន៍ដល់សុខភាព ខណៈពេលដែលមនុស្សសម័យនេះ នាំគ្នាបែរមកយកចិត្តទុកដាក់មកលើសុខភាពកាន់តែខ្លាំងឡើង រហូតមានការផលិតជាថ្នាំគ្រាប់ ជាម្សៅសម្រាប់នាំចេញទៅប្រទេសអាលឺម៉ង់ និងប្រទេសចិន លោកបានបញ្ជាក់ថា បានចាប់ផ្តើមដាំតាំងពីមានគ្នា៣នាក់ រហូតមកដល់ពេលនេះមានបុគ្គលិក៣០នាក់ និងមានសហគ្រាសសម្រាប់ផលិតនាំចេញដោយខ្លួនឯង ។
លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា អាជ្ញាធរខេត្តនិងគាំទ្រ និងផ្តល់កំលាំងចិត្ត ដល់ប្រជាកសិករក្នុង សហគមន៍ ផលិតក្នុងស្រុក គ្រប់បែបយ៉ាង ដើម្បីបង្កើនចំណូល ក៏ដូចជាមានការងារធ្វើ ចំណែកមន្ទីរពាក់ព័ន្ឋនិងផ្តល់ការណែនាំ ដល់ក្រុមអជីវកម្ម នូវបច្ចេកទេសនិងការដាំដុះផ្សេងៗ ដោយឡែកការដាំម្រុំនេះ គឺជាផលិតផលមួយជួយដល់សុខភាព ទាំងស្លឹក ទាំងផ្លែ សុទ្ធតែមានគុណប្រយោជន៍ ទាំងអស់ ហើយក៏គាំទ្រឲ្យប្រជាកសិករដែលមានមានបំណងចង់ដាំម្រុំ គឺជាឳកាសល្អខណៈ ពេលដែលទីផ្សារកំពុងតែពេញនិយម ទាំងក្នុងស្រុក និងក្រៅប្រទេស ។ ដោយ ប៊ុន រដ្ឋា

images images (1) Image10 Image9 Image8