​លោក ជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន នាំយក​អំណោយ​ជា​អាហារ​និង​ទ្រនាប់ជើង​ជូន​ដល់​កុមារកំព្រា​នៅ​ស្រុក​មង្គល​បូរី

0

 បន្ទាយមានជ័យ ៖ក្នុងថ្ងៃទី១ មិថុនា ២០១៦ ដែលជាថ្ងៃទិវាកុមារអន្តរជាតិលើកទី ៦៧ក្រោមប្រធានបទ រួមគ្នាការពារកុមារពីអំពើហឹង្សានិងការប្រើប្រាស់គ្រឿងញៀន លោក ជំទាវ ម៉ៅ ម៉ាល័យកែ គឹមយ៉ាន តំណាងលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមនិងអាជ្ញាធរខេត្តបន្ទាយមានជ័យ បាននាំយកអំណោយជាសាប៊ូ ទ្រនាប់ជើង និងអាហារថ្ងៃត្រង់មួយពេល ជូនដល់កុមារកំព្រា១៤៧នាក់ នៅមណ្ឌលសង្រោះ្គជនអស់សង្ឃឹមទី២ នៅក្នុងឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ជាមួយនិងការនាំយកអំណោយ និងសួរសុខទុក្ខនេះ លោក ជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ក៏ដូចជាឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានសំណះសំណាល ជាមួយក្មួយ ៗ ជាកុមាកំព្រា ក្នុងភាពរីករាយ និងផ្តាំផ្ញើរដល់ក្មួយ ៗ ខិតខំរៀនសូត្រ និងរៀនវិជ្ជាជីវៈ ស្តាប់តាមការណែនាំអប់រំរបស់លោកគ្រូអ្នកគ្រូ និងអ្នកមើលថែ ធ្វើយ៉ាងណាក្លាយជាក្មេងល្អ និងជាពំពាំងស្នងឬស្សី សម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត ទោះបីជាក្មួយ ៗ ខ្លះកំព្រា ពុំដឹងឪពុកម្តាយនៅទីណា និងខ្លះទៀតឪពុកម្តាយមានជីវភាពលំបាក ដែលមិនអាចមើលថែទាំ ក្មួយៗបានក៏ពិតមែន តែក្មួយមិននៅឯកកោ អនាថាឡើយ ។ អំណោយដែលជូនដល់កុមាកំព្រារួមមាន ទ្រនាប់ជើងកីឡាចំនួន១៤៧គូរ សាប៊ូកក់សក់ដុះខ្លួន ទឹកសុទ្ធ ទឹកក្រូច សារ៉ាយ ស្ករគ្រាប់ ព្រមទាំងអាហាជានុំបញ្ចុកមួយពេលផងដែរ។ ក្រៅពីការសួរសុខទុក្ខ និងនាំយកអំណោយដល់កុមាកំព្រាមណ្ឌលសង្រោះ្គជនអស់សង្ឃឹមទី២ លោក ជំទាវបានបន្តចុះសួរសុខទុក្ខ នាំអំណោយចែកជូនដល់អ្នកជាប់ឃុំឃាំងនៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ ដែលរួមមានទាំងកុមារនៅជាប់ជាមួយម្តាយផងដែរ ។
ឯកឧត្ដម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា: សង្គមជាតិយើងនឹងបន្តលើក កម្ពស់នូវវប្បធម៌ស្រឡាញ់កុមារសំដៅរួមចំណែកលប់បំបាត់អំពើហិង្សាលើកុមារ ការកេងប្រវ័ញ្ចលើពលកម្មកុមារ និងការរំលោភ បំពាន ការជួញដូរកុមារ និងលើកស្ទួយសេចក្តីថ្លៃថ្នូររបស់កុមារដែលជាការលើកកម្ពស់សុខុមាលភាពរបស់សង្គមជាតិ កម្ពុជាទាំងមូល។
ជាងនេះទៅទៀតទិវាកុមារអន្តរជាតិ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០១៦ នឹងពង្រឹងបន្ថែមទៀតនូវឆន្ទៈប្តូរផ្តាច់របស់ប្រជាជនកម្ពុជាយើងឲ្យបន្តយកចិត្តទុកដាក់ខ្ពស់ជាប្រចាំ លើវិស័យសុខុមាលភាពកុមារនៅក្នុងទូទាំង ព្រះរាជាណាចក្រកម្ពុជាយើង៕ដោយ:ឃិន គន្ធា

photo_2016-06-01_18-20-06 photo_2016-06-01_18-20-01 photo_2016-06-01_18-19-56 photo_2016-06-01_18-19-53 photo_2016-06-01_18-19-50