បាក់​ច្រាំង​ទន្លេ​ទៀត​ហើយ​​ សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​ បាន​ចុះ​ជួយ​រុះរើ​ផ្ទុះ​ ជម្លៀស​ប្រជាពលរដ្ឋ​ ទៅ​ទី​ទួល​សុវត្ថិភាព​ជា​បន្ទាន់​

0

កំពង់ចាម+ត្បូងឃ្មុំ៖ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលពាមប្រធ្នោះ បានចុះជួយរុះរើលំនៅឋានរបស់ប្រជាពលរដ្ឋដែលបានរងគ្រោះដោយការបាក់ស្រុតដីមាត់ច្រាំងទន្លេជាបន្តបន្ទាប់កាលពីព្រឹកថ្ងៃទី១៧ កញ្ញា ២០១៦ ដែលស្ថិតនៅតាមមាត់ច្រាំងនៃដងទន្លេមេគង្គ ក្នុងទឹកដីស្រុកកោះសូទិន ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវកម្លាំងចុះទៅជួយរុះរើជាបន្ទាន់មានឈ្មោះសួង ម៉េង ភេទប្រុស អាយុ៦០ឆ្នាំ ជាតិខ្មែរ និងប្រពន្ធឈ្មោះថោង ឃីម អាយុ៥៨ឆ្នាំ មានទីលំនៅភូមិពាម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដែលផ្ទះមានទំហំ ៨ម៉ែត្រគុណ ១២ម៉ែត្រ សាងសង់ឡើងអំពីឈើប្រក់ក្បឿង។
ដោយទំហំនៃការបាក់ស្រុតដីមាត់ច្រាំងទន្លេទទឹង៧ម៉ែត្រ បណ្តោយជាង៥០ម៉ែត្រ ដែលផ្ទះត្រូវរុះរើទាំងស្រុង ដើម្បីទៅរកទីទួលមានសុវត្ថិភាព។
ក្នុងនោះដែរតាមតំបន់ទន្លេមេគង្គមួយចំនួនទៀត នៅក្នុងខេត្តកំពង់ចាម មានដូចជានៅស្រុកកោះសូទិន ស្រុកស្ទឹងត្រង់ និងស្រុកកងមាសជាដើម ត្រូវប្រឈមនឹងការបាក់ស្រុតដីមាត់ច្រាំងទន្លេជាបន្តបន្ទាប់ ហើយផ្ទះរបស់ប្រជាពលរដ្ឋ ជាច្រើនខ្នងត្រូវរុះរើទៅកាន់ទីទួលមានសុវត្ថិភាពផងដែរ។
ដោយឡែកនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ប្រជាពលរដ្ឋដែលតាំងទីលំនៅតាមជួរមាត់ទន្លេ ជាច្រើនគ្រួសារ ត្រូវប្រឈមនឹងការបាក់ស្រុតដី និងត្រូវរុះរើផ្ទុះជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាពជាបន្ទាន់ផងដែរ៕

image image