បុណ្យភ្ជុំបិណ្ឌ ប្រភព​នៃ​បុណ្យ​កាន់​បិណ្ឌ​នឹង​ភ្ជុំ​បិណ្ឌ

0

 

តាមដែលបានស្រាវជ្រាវមកឃើញថា៖សាស្ត្រា ឬគម្ពីរក្នុងកម្ពុជរដ្ឋនេះ ដែលជាប្រភពនៃបុណ្យកាន់បិណ្ឌនឹងភ្ជុំបិណ្ឌ មាន ៣ បែប ដូចបានស្រង់យកមកសំដែងដោយសង្ខេប
១- សាស្ត្រាវិជ្ជាធរ មានសេចក្ដីថា “ មានព្រះមហាថេរ ១រូប ឈ្មោះព្រះឧបគុត្តត្ថេរ លោកហោះជ្រែកក្រឡាមហាប្រឹថពីទៅកាន់ឋាននរក។ ដោយអំណាចឫទ្ធិ៍របស់លោក មានផ្កាឈូកមាសប៉ុនកង់រាជរថផុសឡើងទទួលព្រះបាទលោក លោកក៏គង់ពែនលើផ្កាឈូកនោះអណ្ដែតលើពពួកនរក ។ ហេតុតែអានុភាពព្រះថេរៈ ពួកសត្វពួកនរកបានដកដង្ហើមចេញចូលស្រួលមួយពេលនោះ ទើបនាំគ្នាសំពះព្រះថេរៈ ៗ មានព្រះទ័យករុណាសំដែងធម៌ឲ្យស្ដាប់, កាលពួកសត្វនរកបានស្ដាប់ធម៌ហើយក៏ផ្ដាំព័ត៌មានមកកាន់ញាតិសន្ដានរបស់ខ្លួនទីទៃ ៗ ថា “ បពិត្រព្រះមហាថេរបើព្រះករុណានិមន្តត្រឡប់ទៅកាន់មនុស្សលោកវិញ សូមមេត្តាប្រាប់ម្ដាយឪពុកបងប្អូនកូនចៅ ញាតិផៅសន្ដានរបស់យើងខ្ញុំ មានឈ្មោះដូច្នេះ ៗ នៅស្រុកឈ្មោះនេះ ៗ សូមឲ្យអាសូរករុណាមកដល់យើងខ្ញុំធ្វើបុណ្យឲ្យទានឧទ្ទិសផលមកឲ្យយើងខ្ញុំផង” ។
កាលព្រះឧបគុត្តត្ថេរទទួលបណ្ដាំពពួកសត្វនរកហើយ ក៏ហោះត្រឡប់មកកាន់មនុស្សលោកវិញ បានចូលទៅថ្វាយព្រះពរព្រះមហាក្សត្រ ១ ព្រះអង្គ ព្រះមហាក្សត្រទ្រង់នាំនាហ្មឺនសព្វមុខមន្ត្រី សេដ្ឋីគហបតី នឹងអ្នកនគរជាច្រើននាក់ចូលទៅក្រាបបង្គំទុលព្រះដ៏មានបុណ្យថា “បពិត្រព្រះដ៏មានបុណ្យប្រសើរអើយ! បើគ្រូបាធ្យាយ ម្ដាយឪពុក បងប្អូន កូនចៅ ញាតិមិត្តរបស់យើងខ្ញុំ អ្នកខ្លះមិនបានធ្វើបុណ្យឲ្យទានរក្សាសីលឡើយ ធ្វើតែអំពើបាប លុះអស់អាយុទៅ ៗ ទៅកើតក្នុងនរករងទុក្ខវេទនា អស់យើងខ្ញុំជាបងប្អូន កូនចៅ នៅឯក្រោយតើនឹងត្រូវធ្វើបុណ្យដូចម្ដេច ទើបឧទ្ទិសផលជូនទៅសត្វនរកទាំងនោះ ឲ្យលដោះចាកទុក្ខបាន ? ” ។
ព្រះដ៏មានបុណ្យទ្រង់ត្រាស់តបថា ” បើមហារាជចង់ធ្វើអំពើបុណ្យកុសលឧទ្ទិសផលជូនទៅសត្វនរកទាំងនោះឲ្យលដោះរួចមក ត្រូវធ្វើដូច្នេះ គឺចាប់ពីដើមថ្ងៃ ១ រោច ខែភទ្ទបទទៅ ត្រូវធ្វើបាយបិណ្ឌ បាយបិតបូររាល់ថ្ងៃ ហើយត្រូវធ្វើអង្គព្រះពុទ្ធរូប ១ អង្គ ១ ថ្ងៃ ដរាបដល់ថ្ងៃ ១៥ រោច ខែភទ្ទបទនោះឯង ត្រូវចងពិតាន ពាសរនាំងវាំងនន ក្រាលកម្រាល ត្រូវសមានទានចាំសីលឲ្យបរិសុទ្ធប្រាកដ ត្រូវបោសច្រាសគ្រវាសវត្តអារាមព្រះវិហារ ត្រូវរៀបរណ្ដាប់គ្រឿងបណ្ណាការ មានភ្ញីផ្កា គន្ធពិដោរជាដើម ហើយត្រូវនិមន្តព្រះគម្ដែងសង្ឃដ៏ទ្រង់សីលបរិសុទ្ធសូត្រធម៌មហាសម័យ ត្រូវប្រកាសបួងសួងអញ្ជើញគ្រូបាធ្យាយ ម្ដាយឪពុក បងប្អូន ញាតិកាលដែលចែកឋានទៅហើយទាំងប៉ុន្មាន មួយអន្លើដោយទេវតា ហើយត្រូវនិមន្តលោកទេសនាសាស្ត្រាវិជ្ជាធរជាតកក្នុងយប់នោះ លុះព្រឹកឡើងត្រូវធ្វើបាយបិណ្ឌ បាយបិត្តបូរ មានទាំងចង្ហាន់ផ្លែឈើនឹងសារពើភោជនាហារផង ផ្គូផ្គាប់រណ្ដាប់អង្គាសដាក់បាត្រព្រះសង្ឃឧទ្ទិសផលជូនទៅដល់អស់ពួកសត្វនរកទាំងនោះ ។
ដោយអានុភាពនៃអំពើកុសលផលបុណ្យនោះ សត្វនរកផងទាំងឡាយ នឹងបានរំដោះ ចេញអំពីទុក្ខភ័យឰដ៏កាលនោះ បានទៅកើតឰដ៏សួគ៌ទេវលោកនាយ ហើយសឹងឲ្យពរសព្ទសាធុការ មកញាតិសន្ដានដែលបានធ្វើបុណ្យឲ្យទានឧទ្ទិសស្មោះចំពោះជូនទៅនោះ ឲ្យមានសុខសួស្ដីទីឃាយុយឺនយូរទីទៃៗ ឰដ៏កាលនោះហោង ” ។
២- សាស្ត្រាអានិសង្សបិណ្ឌ មានសេចក្ដីថា ” ព្រះដ៏មានបុណ្យទ្រង់ត្រាស់ចំពោះអនាថបិណ្ឌិកសេដ្ឋី ថា អស់ម្ដាយឪពុកញាតិកាវង្សាបងប្អូនកូនចៅរបស់ជនទាំងឡាយ ដែលស្លាប់ទៅអំពីមុនៗនោះ ទោះទៅកើតឯណាៗក្ដី តែដល់រនោចខែភទ្ទបទដែលគេរៀបកាន់បិណ្ឌ តែងតែមកជួបជុំនៅពេលនោះ ។ ហេតុតែតេជៈអានិសង្សនៃបុណ្យដែលអស់ញាតិសន្ដានបានធ្វើបាយបិណ្ឌបាយបិត្តបូរនាខែភទ្ទបទ ហើយឧទ្ទិសផលជូនទៅនោះក៏បានរំដោះរួចចេញអំពីនរកប្រេតនោះហោង ” ។
រីឯសត្វនរកប្រេតផងទាំងឡាយ ដែលមកកាន់មនុស្សលោកក្នុងខែភទ្ទបទនោះ ប្រេតខ្លះមកកើតជាកណ្ដូបខ្មោចទំយំនៅដំបូលផ្ទះ ខ្លះមកទំយំនៅចុងកាត់ផ្ទះ ធ្នឹមផ្ទះ មាត់ទ្វារផ្ទះ ជើងជណ្ដើរផ្ទះ ដើមឈើក្បែរផ្ទះ ប្រេតខ្លះមកដល់ពាក់កណ្ដាលផ្លូវ ខ្លះមកចំអើតមើលទៅមក ខ្លះបាំងដៃមើលមកអំពីចម្ងាយ ហើយគិតអាណិតអនិច្ចាខ្លួនថា ” ឱរូបអញអើយ ! អភ័ព្វអ្វីម្ល៉េះមកកើតជាប្រេតនរករងទុក្ខវេទនាទូរាទូរន់ពន់ប្រមាណ យូរឆ្នាំហើយ កើតសម្រេកគម្លានក្រៃពេក ” ។
សត្វនរកប្រេតទាំងនោះ កាលបើដល់ខែភទ្ទបទ ដែលជនទាំងឡាយបានរៀបរណ្ដាប់បាយបិណ្ឌបាយបិត្តបូរ ឧទ្ទិសផលានិសង្សបញ្ជូនទៅ ក៏សឹងតែបានលដោះរួចមកហោង ។
ព្រះដ៏មានបុណ្យទ្រង់ត្រាស់ថា៖ ហៃអនាថបិណ្ឌិក ! ន

image

image