តាកែវ ៖ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រួលខេត្តតាកែវ រួមជាមួយនឹងអាជ្ញាធរស្រុកទ្រាំង កម្លាំងសមត្ថកិច្ច មន្ទីរពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី ១៩ កញ្ញា ២០១៦ បានចុះបិទទីតាំង៤គ្រួសារ ក្នុងចំណោមទីតាំង៦គ្រួសារ ដែលយកសាច់ត្រីពីប្រទេសវៀតណាមមកធ្វើជាប្រហុក ព្រមទាំងយក សាច់ត្រីចំនួនជិត២០០គីឡូក្រាមទៅកប់ចោលនៅក្នុងសាលាឃុំអង្កាញ់ បន្ទាប់ពីរកឃើញសារធាតុគីមី formalin ។ ការចុះបិទ និងយកសាច់ត្រីទៅកប់ចោលនេះដែរ ធ្វើឡើងនៅចំណុចភូមិព្រៃទូក ភូមិរលាស់ ក្នុងឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ ។
លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រួលខេត្ត ដែលបានដឹកនាំកម្លាំងចម្រុះ បានថ្លែងឲ្យដឹងថា សាច់ត្រីទាំង១៨៣គីឡូក្រាមនេះ ខាងមន្ត្រីជំនាញ រួមនឹងអាជ្ញាធរស្រុក និងឃុំបានឯកភាពយកទៅ កប់ចោលនៅក្នុងបរិវេណសាលាឃុំអង្កាញ់ ដោយមិនឲ្យគាត់បន្តធ្វើ និងនាំសាច់ត្រីដែលមានសារធាតុគីមី នេះយកមកធ្វើជាប្រហុកហើយចរាចរណ៍លើទីផ្សារនោះទេ ព្រោះវាប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់ ។
លោកប្រធានសាខាកាំកុងត្រួលបន្តថា សាច់ត្រីដែលប្រជាពលរដ្ឋនៅទីនេះយកមកធ្វើជាប្រហុក ភាគច្រើនគឺនាំចូលពីប្រទេសវៀតណាមតាមច្រករបៀង ដែលសាច់ត្រីទាំងនេះបានដាក់នូវសារធាតុគីមី formalin ដែលធ្វើឲ្យសាច់ត្រីមានគុណភាពល្អ មិនស្អុយ ទុកបានយូរ ហើយចំពោះសារធាតុគីមី formalin នេះគឺប្រើទៅលើសាកសព ដោយធ្វើឲ្យអ្នកហូបមានគ្រោះថ្នាក់ដល់សុខភាព សម្ពាធឈាមធ្លាក់ចុះ វិលមុខ ហើយអាចមានគ្រោះថ្នាក់ដល់អាយុជីវិត។
លោក ប៉ោ លាងគង់ បន្ថែមទៀតថា ចំពោះទីតាំងកែឆ្នៃប្រហុកដែលយកសាច់ត្រីពីប្រទេសវៀតណាមនេះ គឺប្រជាពលរដ្ឋប្រកបរបរនេះខ្លះបាន១០ឆ្នាំ និងគ្រួសារខ្លះទៀតទើបតែប្រកបរបរ ហើយទាំងអស់នៃគ្រួសារកែច្នៃប្រហុកពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវពីជំនាញ ហើយកន្លែងកែច្នៃទៀតសោតក៍ពុំមានអនាម័យផងដែរ ដូច្នោះពួកគាត់ត្រូវតែធ្វើការកែប្រែចាប់ពីពេលនេះ ដោយមិនបណ្តែតបណ្តោយទុកយូរឡើយ ។
លោក ឈួន ផាន់នី អភិបាលរងស្រុកទ្រាំង នៅក្នុងឱកាសចុះបិទនេះដែរ ក៍បានចាត់ វិធានការណ៍ចំពោះមុខដោយហាមឃាត់មិនឲ្យគាត់បន្តយកសាច់ត្រីធ្វើជាប្រហុកចរាចរណ៍ លើទីផ្សារ និងបិទទីតាំងជាក់ស្តែង ហើយចំពោះគ្រួសារដែលមន្ត្រីជំនាញរបស់កាំកុងត្រួល បានធ្វើតេស្តិ៍កពុំឃើញសារធាតុគីមី Formalin ចំនួន២គ្រួសារ នឹងតម្រូវឲ្យគាត់ទៅធ្វើច្បាប់អនុញ្ញាត ត្រឹមត្រូវពីអាជ្ញាធរជំនាញ ពិសេសគឺត្រូវមានអនាម័យ ៕