សត្វ​ចង្រិត​កំពុងតែ​ពេញនិយម​នៅតាម​ភោជនីយដ្ឋាន​និង​មាន​តំលៃ​ជាង​សាច់មាន់​ជ្រូក​

0

​ខេត្តកំពង់ធំៈ ប្រជាពលរដ្ឋ ស្ថិតនៅក្នុង​ខេត្តកំពង់ធំ ដែល​រស់​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៦ កំពុងតែ​មមាញឹក​ក្នុងការ​ប្រមូល​ផល​សត្វ​ចង្រិត ដោយ​មធ្យោបាយ​ដាក់​អំពូល​ភ្លើង ទាក់ទាញ​សត្វល្អិត មិនតែប៉ុណ្ណោះ មុខរបរ​ដាក់​ចង្រិត បា​នរក​ចំណូល​ច្រើន​គួរសម​។​

​ជា​រៀងរាល់ថ្ងៃ បងប្អូន​ប្រជាពលរដ្ឋ តែងតែ​ដាក់​អំពូល​ពណ៌ ដើម្បី​ចាប់​សត្វ​ចង្រិត ជា​ហូរហែរ ដែល​អាច​រកឃើញ​ដោយ​ងាយ គឺ​នៅតាម​បណ្តា​វាលស្រែ ក្បែរៗ​ថ្នល់ជាតិ ខ្លះ​ដាក់​ចង្រិត​ជា​លក្ខណៈ​គ្រួសារ ខ្លះ​ដាក់​ជា លក្ខណៈ​អជីវ​កម្ម ដែល​មុខរបរ​ដាក់​ចង្រិត​នេះ អាច​ប្រមូល​ផល​បាន​ក្នុង​មួយ​យប់​ពី​៧០​ម៉ឺន ទៅ​៨០​ម៉ឺន​ក្នុង​មួយ​យប់ តាមតែ​អាកាសធាតុ ។​

​ទិដ្ឋភាព​នៃ​ភ្លើង​ដាក់​សត្វ​ចង្រិត បានបង្ហាញ​នូវ​ភ្លើងពណ៌ ព្រោងព្រាត ប្រៀបបាន​ទៅនឹង​ភ្លើង​បុណ្យ ដែលជា ទិដ្ឋភាព​គួរអោយ​គយគន់ តែ​កា​ពិត​គឺជា​ភ្លើង​ធ្នាក់​ចាប់​សត្វល្អិត​សោះ នៅពេល​ខ្លះ​បានធ្វើ​ឲ្យ​ភ្ញៀវ​ជាតិ និង អន្តរជាតិ​ឈប់​រថយន្ត ដើម្បី​ថតរូប​ភាព​ទុកជា​អនុស្សាវរីយ៍ ក្នុង​ទិដ្ឋភាព​ដោយ​កម្រ​នេះ​។​

​លោក ពូ ម្នាក់​រស់នៅ​ភូមិ សាន​គរ ឃុំ សាន​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ការដាក់​សត្វ ចង្រិត​នេះ គឺជា​ពេលវេលា​ល្អ​នៅ​ចុងខែ ឧសភា រហូតដល់​ខែ​៨ ភ្លៀង​ខ្លាំង ក្នុង​មួយ​យប់​អាច​ចាប់បាន​សត្វ ចង្រិត​ពី​៣០​គីឡូ​ទៅ ១០០​គីឡូក្រាម​ក្នុង​អំពូល ២០ និង​មាន​ឈ្មួញ​បើករថយន្ត​ប្រមូល​ទិញ​ដល់ទី​កន្លែង ទាល់​ភ្លឺ និង​លក់បាន​ក្នុង​១​គីឡូក្រាម ១៣០០០​រៀល ទៅ​១៤០០០​រៀល ។​ ​

តាម​ការ​ឲ្យ​ដឹង​ពី​ឈ្មួញ​ដើរ​ទិញ​សត្វ​ចង្រិត បាន​ឲ្យ​ដឹងថា មុខរបរ​នេះ ពិតជា​ប្រមូល​ផល​បានល្អ និង​មិនមាន ផលប៉ះពាល់​និង​ការងារ​ផ្ទាល់ខ្លួន គឺ​គ្រាន់តែ​ចំណាយ​ពេលវេលា​នៅពេល​យប់ ដាក់​អំពូល​នៅ​ជិតៗ​ផ្ទះ​ក៏​អាច រកចំណូលបាន​ដែរ ឲ្យ​តែរ​ពិស​ដៃ ផ្ទៃ​ឆ្អែត ឈ្មួញ​បាន​បន្តថា ក្រោយពី​ប្រមូល​ទិញ​បាន​សត្វ​ចង្រិត​បាន​ហើយ គឺ​ត្រូវបាន​ដឹក​ទៅ​លក់​នៅ​ប៉ោយប៉ែត នៅពេល​ខ្លះ​ត្រូវបាន​ដឹក​យកទៅលក់​នៅ ភ្នំពេញ​វិញ ។​

​សូមបញ្ជាក់​ផងដែរ​ថា សត្វ​ចង្រិត​ឥឡូវ​មិនធម្មតា ត្រូវបាន​គេ​ចាត់ទុកជា​មុខម្ហូប​ពិសេស សម្រាប់​ក្នុង​ពិធី​ក្លែម ជួបជុំ​ក្នុង​កម្មវិធី​ផ្សេងៗ ជាពិសេស​នៅក្នុង​បរិយាកាស ខារ៉ាអូខេ មុខម្ហូប​នេះ​ក្នុង​មួយ​ចាន​ឈានដល់ ១០​ដុល្លា ឯណោះ និង​ជា​ចំណង​ចំណូលចិត្ត​របស់ អ​ថិ​តិ​ជន​ផងដែរ ។​ ​

ដោយឡែក​អាជ្ញាធរ​ខេត្តកំពង់ធំ ដែលមាន ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ បាន​ជម្រុញ​និង​គាំទ្រ ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ រក​ចំណូល​ដោយ​ការ​សត្វ​ចង្រិត​នេះ ឲ្យ​បាន​ច្រើន និង​មាន​ការប្រមូលទិញ ពី​ភាគី​ថៃ​រាប់រយ​តោន ដោយ​ថ្មី​មកនេះ សភាពាណិជ្ជកម្ម​ថៃ បាន​ចុះ​កិច្ចព្រមព្រៀង ជាមួយ​សភាពាណិជ្ជកម្ម កំពង់ធំ ដើម្បី​នាំចេញ​ចង្រិត ដោយ​ភាគី​ថៃ និង​សាងសង់ ឃ្លាំងក្លា​ស​សេរ នៅ​ស្រុក​អន្លង់វែង ដើម្បី​ចាំ ប្រមូល​ទិញ​ចង្រិត ពី​ខេត្តកំពង់ធំ សៀមរាប ឧ​ត្ត​មានជ័យ ។​ ​

ដោយឡែក​តាម​ប្រភព​ពត៌មាន បាន​ឲ្យ​ដឹងថា សត្វ​ចង្រិត​នេះ មិន​គ្រាន់តែ​យកទៅ​ធ្វើជា​អាហារ សម្រាប់​ពិសារ​ក្នុង​ពិធី​អ្វីមួយ​នោះទេ គឺ​ត្រូវបាន​គេ​ច្នៃប្រឌិត​ធ្វើជា អាហារ​កំប៉ុង​នាំចេញ​ទៅ​ក្រៅប្រទេស​ទៀតផង ទើបបានជា​ទីផ្សា​សត្វ​ចង្រិត​ឡើងថ្លៃ​ជាង​សាច់ជ្រូក សាច់មាន់​ក្នុង​មួយ​គីឡូ​ដល់​ទៅ ២៥០០០​រៀល ខណៈពេល​សាច់ជ្រូក​សាច់មាន់​មាន​តំលៃ​ត្រឹមតែ ១៦០០០​ទៅ ១៧០០០​រៀល​ប៉ុណ្ណោះ​។​ ​Image14 Image15 Image16 Image19 Image20 Image21