បុរស​ម្នាក់​ បាន​​លោត​ទឹក​ពី​លើ​ស្ពាន​គីហ្សូណា​ ដើម្បី​បញ្ចប់​ជីវិត​ តែសំណាង​ល្អ​មិន​ស្លាប់​

0

កំពង់ចាម​:​ បុរសម្នាក់បាន​ប៉ុនប៉ង​ធ្វើ​អត្តឃាត​បញ្ចប់ជីវិត​ ដោយ​ទៅ​លោត​ទឹក​ពី​លើ​ស្ពាន​គីហ្សូណា​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឡើង​​ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច​ ថ្ងៃទី០១

ខែគុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចចន្លោះបង្គោលស្ពានទី៧-៨ ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម​ ខេត្តកំពង់ចាម​។​ ប៉ុន្តែការ​ប៉ុនប៉ង​លោតទឹកសម្លាប់ខ្លួនរបស់បុរសខាងលើមិនបាន​សម្រេច​នោះទេ ព្រោះត្រូវបាន​សមត្ថកិច្ច​នគរបាលប្រចាំការនៅគល់ស្ពាន​ និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ឥស្លាម​ចេញ​ទូក​ទៅ​ជួយសង្គ្រោះទាន់ពេលវេលា។
បើយោង​តាមប្រភពពី​សមត្ថកិច្ច​នគរបាលក្រុងកំពង់ចាម​ បានឲ្យដឹងថា បុរស​ដែល​ប៉ុនប៉ងសម្លាប់ខ្លួននេះមាន ឈ្មោះ ញឹម ឡាដា អាយុ៣២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិគគីរ ឃុំគគីរ ស្រុកគៀនស្វាយ ខេត្តកណ្ដាល។
ប្រភពបានបន្តទៀតថា ចំពោះ​មូលហេតុ​ដែល​ឈាន​ដល់​ប៉ុនប៉ង​ចង់ធ្វើ​អត្តឃាត​បញ្ចប់​ជីវិត​នេះ​ ត្រូវបានគេបញ្ជាក់ថាមកពីមាន​វិបត្តិ​ក្នុងក្រុមគ្រួសារ (ជាមួយ​ឪពុកម្ដាយ​)។
ក្រោយពីកើតហេតុ​កម្លាំង​សមត្ថកិច្ច​ និង​បងប្អូន​ខ្មែរ​ឥស្លាម​បានជួយសង្គ្រោះ និងបញ្ជូនទៅមន្ទីពេទ្យខេត្តកំពង់ចាម និងរងចាំក្រុមគ្រួសារមកទទួលយកទៅវិញ ៕