សម្តេចប្រធានរដ្ឋសភាសង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីប្រទេសវៀតណាម ចូលរួមអភិវឌ្ឍន៍

0

ភ្នំពេញ៖ កសាង​ថែរក្សាសន្តិសុខ សន្តិភាព ស្ថិរភាព ប្រទេសទំាងពីរនៅពេលអនុញ្ញាតឲ្យ ឯកឧត្តម វូ ក្វាងមិញ ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

វិសាមញ្ញនិងពេញសមត្ថភាព ដែលទើបតែងតំាងថ្មីប្រចំានៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម សម្តេច​អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ​សម្តេចមានជំនឿថា ក្នុងអាណត្តិការទូតថ្មីនេះ ឯកឧត្តម វូ ក្វាងមិញ នឹងបន្តពង្រឹង ពង្រីក និងលើកកម្ពស់​ទំនាក់​ទំនង​ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ នៃប្រទេសទំាងពីរឲ្យរឹងមាំថែមទៀត។
នៅក្នុងជំនួបដែលធ្វើឡើងនាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅវិមានរដ្ឋសភា សម្តេចប្រធា​នរដ្ឋសភា​បានស្នើដល់ឯកឧត្តមឯកអគ្គរដ្ឋទូត សហការជាមួយបណ្តាស្ថាប័ន ក្រសួង មន្ទីរ ខេត្ត ក្រុងនានា ជាពិសេសខេត្តជាប់ព្រំដែន​ នៃ​ប្រទេសទាំងពីរ សំដៅរួមគ្នាអភិវឌ្ឍន៍ និងកសាង​វិបុល​ភាព ជូនប្រជាជាតិនៃប្រទេសយើងទាំងពីរ ក៏ដូចជារួមគ្នាថែរក្សាសន្តិសុខ សន្តិភាព ស្ថិរភាព ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនទំាងសងខាង។
ក្នុងនាមរដ្ឋសភា សម្តេច ហេង សំរិន បានស្វាគមន៍ ដោយសេចក្តីសោមនស្សរីករាយ ​ចំពោះឯកឧត្តម វូ ក្វាង មិញ ដែលត្រូវ​បានបក្ស និងរដ្ឋាភិបាល នៃ​សាធារណ​រដ្ឋសង្គម​និយម​វៀតណាម ផ្តល់សេចក្តីទុក​ចិត្តតែង​តាំង​ជា​ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ​សមត្ថភាព ប្រចាំ​ព្រះ​រាជាណាចក្រកម្ពុជា​។ “បេសកកម្មការទូតថ្មីរបស់ឯកឧត្តមនៅកម្ពុជា នឹងរួមចំណែកដ៏សំខាន់ ក្នុងការលើកកម្ពស់ទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសកម្ពុជា និងវៀតណាម ដែលមានស្រាប់ឲ្យកាន់តែល្អប្រសើរ​ថែមមួយកំរិតទៀត” នេះជាការគូសបញ្ជាក់របស់សម្តេចប្រធានរដ្ឋសភា។
ឯកឧត្តម វូ ក្វាង មិញ បានជម្រាបសម្តេចប្រធានរដ្ឋសភា​ថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ ដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា ក្នុងខណៈដែលចំណងមិត្តភាព និងកិច្ចស​ហ​ប្រតិបត្តិការប្រទេសទំាងពីររឹងមាំ និងរីកចម្រើនលើគ្រប់វិស័យ។
ឯកឧត្តមបានគូសបញ្ជាក់ថា បន្ទាប់ពីបានថ្វាយសារតំាងចំពោះព្រះករុណាព្រះមហាក្សត្រកម្ពុជារួចមក ក្នុងរយៈពេលនេះ ឯកឧត្តមបានចូលរួម និងបានធ្វើកិច្ចការមួយចំនួនក្នុងបេសកកម្ម​ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរនោះ។ ក្នុងនោះឯកឧត្តមបានចូលរួមក្នុងពិធីបញ្ចុះបឋមសីលាជួសជុលប្រាសាទថ្មដានៅក្នុងខេត្តតាកែវ។ ចូលរួមពិធីចុះហត្ថលេខារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ជាមួយក្រុមហ៊ុនស្វាយចាន់ទី របស់ប្រទេសវៀតណាម។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងថា នៅពេលឯកឧត្តមបានចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលកន្លងទៅនេះ សម្តេចនាយករដ្ឋមន្រ្តីបានលើកឡើងថាបេសកកម្មការទូតរបស់ឯកឧត្តមនៅពេលនេះគួរជំរុញទំហំពាណិជ្ជកម្មប្រទេសទំាងពីរឲ្យកើនឡើងថែមទៀត។ ឯកឧត្តម វូ ក្វាង មិញ បានស្នើសូមសម្តេចប្រធានរដ្ឋសភា និងស្ថាប័ននានារបស់កម្ពុជា ផ្តល់កិច្ចសហការដើម្បីបេសកកម្មការទូតរបស់ឯកឧត្តម ទទួលបានជោគជ័យ បម្រើដល់ផលប្រយោជន៍ប្រជាជន និងប្រទេសទំាងពីរ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ក្នុងរយៈពេល៥០ឆ្នាំកន្លងមកនេះ ទំនាក់ទំនងចំណ​ងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង​ប្រទេសកម្ពុជា-វៀតណាម មានការរីកចម្រើនឥត​ឈប់​ឈរលើគ្រប់វិស័យ គ្រប់កម្រិត ក្នុងស្មារតីភាតរភាព​ស្និទ្ធស្នាល ក្រោមពាក្យស្លោក “អ្នកភូមិផងល្អ មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ​ស្អិត​រមួត និងយូរអង្វែង”៕