កិច្ច​ប្រជុំបូកសរុប​ការងារ​ថ្នាក់​ជាតិ ខេត្ត ពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និងយុទ្ធសាស្ត្រ របស់​រាជរដ្ឋាភិបាល​

0

ខេត្តកំពតៈ  ដើម្បី​ពង្រឹង​ការអនុវត្ត​កម្មវិធី​នយោបាយនិង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​៣ របស់​រាជរដ្ឋាភិបាល អោយមាន​ប្រសិទ្ធ​ភាព ទទួល​បានលទ្ធផលផ្លែផ្កាពិតប្រាកដ និងឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។
រដ្ឋបាលខេត្តកំពត នៅព្រឹកថ្ងៃ​ច័ន្ទ ៥រោច​ខែមាឃ ឆ្នាំរកា​នព្វស័ក ព.ស​២៥៦១​ត្រូវថ្ងៃទី​០៥​ខែកុម្ភៈ​ឆ្នាំ​២០១៨បានបើកកិច្ចប្រជុំបូកសរុប​លទ្ធផល​
ក្រុមការងារ​ថ្នាក់​ជាតិ ខេត្ត ចុះមូលដ្ឋាន​ដើម្បីត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣​របស់​រាជរដ្ឋាភិបាល​។​
កិច្ចប្រជុំ​នេះមានរយៈពេលពេញមួយព្រឹក ក្រោមអធិបតីភាព ឯកឧត្តម​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង ឧស្សាហកម្មនិង​សិប្បកម្ម និងមានវត្តមាន​ចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមការងារ​ថ្នាក់​ជាតិ និងលោក-លោកស្រី ក្រុមការងារ​ថ្នាក់ ខេត្ត ក្រុង ស្រុក​ផងដែរ។​
ឯកឧត្តម ជាវ តាយ អភិបាល នៃ​គណៈអភិបាល​ខេត្ត បានធ្វើរបាយ​ការណ៍​រីកចម្រើននានារបស់រដ្ឋបាលខេត្តកំពតរយៈមួយឆ្នាំ ២០១៧​កន្លងទៅ​គួរអោយមោទនៈ។ ពិសេស​លើការងារ​របស់ក្រុមការងារ​ចុះមូលដ្ឋាន​ថ្នាក់​ជាតិ ខេត្ត និងក្រុង ស្រុក រយៈពេល​មួយឆ្នាំ ២០១៧​កន្លងទៅ នេះ មានចំនួន២០១លើក លើ៩៣ឃុំ សង្កាត់​។ មានក្រុមការងារ​ចូលរួម​ចំនួន ៣៥៩៥នាក់ និងមាន​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន​១៦.៦០០នាក់ ប្រមូលបានបញ្ហា​សំណូមពរ ចំនួន​៦២២ករណី។ ក្នុង​នោះបានដោះស្រាយចំនួន ៣០៦ករណី កំពុងដោះស្រាយបានចំនួន១៧៦ករណី និងមិនទាន់ដោះស្រាយបានមានចំនួន​១៤០​ករណីគឺភាគច្រើន ជាសំណូមពរ​ស្នើសុំ​សមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធ​ដែលមានទំហំធំ​។​
កិច្ចប្រជុំ​ក៏បានបន្តពិភាក្សា លើកយកនិងរកបទពិសោធន៍ល្អៗដើម្បីដាក់ទិសដៅបន្តការងារឆ្នាំ២០១៨អនុវត្តអោយបានកាន់តែមានប្រសិទ្ធភាពថែមទៀត។​
មានប្រសាសន៍​នាឱកាស​នោះឯកឧត្តមបណ្ឌិត​ទេសរដ្ឋមន្ត្រីចម ប្រសិទ្ធ បានចាត់ទុក វេទិកា​សាធារណៈ របស់រាជរដ្ឋាភិបាល នៅតែមាន​សារៈសំខាន់ ចាំបាច់​បំផុតដដែល​។​ព្រោះថា​តាមរយៈ​ការបើកវេទិកាសាធារណៈនេះ គឺដើម្បីជាឱកាស​សម្រាប់ក្រុម ការងារ​ថ្នាក់​ជាតិ ខេត្ត​និងក្រុង ស្រុក​ក៏ដូចជារដ្ឋបាលខេត្ត​បានសហការគ្នា ចុះជាប់មូលដ្ឋាន ឃុំ​សង្កាត់ ជួបផ្ទាល់ជាមួយនឹង ប្រជាពលរដ្ឋ ដើម្បី​ក្ដាប់សភាពការណ៍ បញ្ហា​ប្រឈម និង​កង្វល់​ឬសំណូមពរនានារបស់​ប្រជាពលរដ្ឋ​នៅតាមមូលដ្ឋាន ហើយរួមគ្នាដោះស្រាយដោយស្មារតីទទួលខុសត្រូវខ្ពស់។​
ឯកឧត្តមបណ្ឌិត​ទេសរដ្ឋមន្ត្រី ក៏បានធ្វើការវាយ​តម្លៃ​ខ្ពស់និងកោតសរសើរ ចំពោះ​លទ្ធផល​ក្រុមការងារ គ្រប់លំដាប់ថ្នា​ក់ ដែលបានខិតខំកន្លងមក និងបានសំណូមពរផ្ដាំផ្ញើអោយបន្តខិតខំជាប់ជាប្រចាំនិងទៀងទាត់រៀងរាល់ខែបន្ថែមទៀត។ ពិសេស​ការចុះដោះស្រាយ​មិនត្រូវតែចាំបាច់ពឹងផ្អែកតែលើជំនាញ​ខ្សែ​បណ្ដោយ ឬខ្សែ ទទឹងឡើយ​។ គឺការដោះស្រាយ​ធ្វើយ៉ាងណាអោយមានប្រសិទ្ធភាព ទទួល​បានលទ្ធផលផ្លែផ្កាពិតប្រាកដ និងឆ្លើយតបទៅនឹងបំ​ណង​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ​អោយអស់លទ្ធភាពជាក់ស្ដែង។ ពោលគឺកិច្ចការដែលទុក្ខលំបាក ប៉ះពាល់​នឹងអារម្មណ៍​ផ្លូវចិត្ត​និងការងារមុខរបររបស់ប្រជាពលរដ្ឋផ្ទាល់តែម្ដង។​