ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៤៥ ដើម្បីពិនិត្យលើរបៀបវារៈចំនួនបី

0

សៀមរាប: ក្រុមប្រឹក្សាខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី០៦ ខែកុម្ភៈនេះ បានបើកកិច្ចប្រជុំរបស់ខ្លួនដើម្បីពិនិត្យនិងអនុម័តលើរបៀបវារៈសំខាន់ចំនួនបី។
ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សា ខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងថា របៀបវារៈទាំងបីដែលត្រូវដាក់ជូនអង្គប្រជុំពិនិត្យសម្រេចនេះរួមមាន ១.ពិនិត្យនិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី ៤៤ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អណត្តិទី២ កាលពីថ្ងៃទី០៩ ខែមករាឆ្នាំ២០១៨។ ២.ពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងលើរបាយការណ៍ប្រចាំខែមករា២០១៨ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តសៀមរាប និងទី៣.ពិនិត្យពិភាក្សា និងអនុម័ត លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលប្រការនៃសេចក្តីសម្រេចលេខ០៣៦ ស.ស.រ ចុះថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០១៧ ស្តីពីការបែងចែកភារកិច្ចជូនក្រុមការងាររបស់ក្រុមប្រឹក្សាខេត្តសៀមរាប។
ឯកឧត្តមបណ្ឌិតបន្តថា ក្រៅពីរបៀបវារៈទាំងបី អង្គប្រជុំក៏បានលើកយកសំណូម ពរផ្សេងរបស់ប្រជាពលរដ្ឋ បញ្ហាអនាម័យ បរិស្ថាន សណ្តាប់ធ្នាប់សាធារណៈ បញ្ហាសោភ័ណ្ឌភាពក្រុងសៀមរាប មកជជែកដេញដោល ដើម្បីរកចំណុចល្អ និងអាក្រក់។
ឆ្លើយតបនឹងការលើកឡើងរបស់ក្រុមប្រឹក្សាខេត្តនេះ ឯកឧត្តមលី សំរិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា បានទទួលស្គាល់ថា ពិតជាមានកង្វះខាតខ្លះដោយសារខ្វះស្មារតីសហការគ្នា។ ឯកឧត្តមបន្តថា ប៉ុន្តែទោះយ៉ាងណាគណអភិបាលក៏បានដាស់តឿនដល់មន្ត្រី នៅតាមមន្ទីរអង្គភាពនានា រហូតដល់សម្រេចការងារមួយចំនួនធំបានល្អ ៕