រថយន្ត៣គ្រឿងបុកតកន្ទុយគ្នារងរបួសធ្ងន់ម្នាក់

0

តាកែវៈ បុរសម្នាក់បានរងរបួសធ្ងន់បាក់ស្មងជើងខាងស្តាំដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែក ខេត្តតាកែវ ដោយសារគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តបុកជាមួយរថយន្តហើយបន្តទៅបុករថយន្ត១គ្រឿងទៀត ក្នុងទិសដៅស្របគ្នា ហេតុការណ៍នេះបានកើតឡើងនៅលើបណ្ដោយផ្លូវជាតិលេខ២ ចន្លោះបង្គោលគ.មលេខ ៧៩.៨០ ស្ថិតក្នុងភូមិត្រាំ សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។
លោក ឆាយ សាវុធ អធិការក្រុងដូនកែវបានអោយដឹងថា រថយន្តម៉ាកនីសាន់ ពណ៌ស្លាទុំ ពាក់ស្លាកលេខ ភ្នំពេញ3C 9112 អ្នកបើកបរមិនស្គាល់ឈ្មោះ មិនស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុបានរត់គេចខ្លួនបាត់ ចំណែករថយន្តមួយគ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សទ្រុងខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C 0729 បើកបរដោយឈ្មោះ ទួន សានេន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិត្រើយទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ រងរបួសធ្ងន់បាក់ស្មងជើងខាងស្តាំ រីឯរថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សទ្រុងខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A 0147 បើកបរដោយឈ្មោះ សែម តាំង ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិត្រើយទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានយករថយន្តទាំង៣គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ក្រុងដូនកែវ រងចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់ ។