អភិបាលខេត្តកំពង់ធំ បន្តចែកអង្ករចំនួន ១០តោនជូនប្រជាពលរដ្ឋចំនួន ២៥០គ្រួសារ ទទួលរងគ្រោះដោយគ្រោះធម្មជាតិ នៅស្រុកសណ្តាន់

0
SHARE

ខេត្តកំពង់ធំ  ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នៅតែបន្តយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលទទួលរងគ្រោះ ដោយគ្រោះធម្មជាតិដោយចែកជូននូវអង្ករចំនួន១០តោនបន្ថែមទៀត ដល់ប្រជាពលរដ្ឋនៅស្រុកសណ្តាន់ខេត្តកំពង់ធំ។

ជាក់ស្តែងនៅរសៀលថ្ងៃច័ន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ បានអញ្ជើញទៅចែកអង្ករជូនប្រជាពលរដ្ឋចំនួន ២៥០គ្រួសារបន្ថែមទៀត នៅស្រុកសណ្តាន់ ដែលជាគ្រួសារធ្លាប់ទទួលរងនូវគ្រោះធម្មជាតិនាពេលកន្លងទៅ។ ការចែកជូននូវអង្កនេះបានមកពីកិច្ចសហការណ៍ រវាងអាជ្ញាធរមូលដ្ឋានដែលបានដឹងពីសុខទុក្ខផ្ទាល់របស់ប្រជាពលរដ្ឋ នេះសរបញ្ជាក់ថា វាជាការគិតគូរពិតប្រាកដ ចំពោះប្រជារាស្រ្តដែលរស់នៅក្រោមដំបូលសន្តិភាព នៃការអភិវឌ្ឍ ដែលផ្តើមចេញពីសេដ្ឋកិច្ចក្នុងគ្រួសារនីមួយៗរបស់ប្រជាជន ឈានទៅរកការអភិវឌ្ឍសង្គមសេដ្ឋកិច្ច នៅក្នុងប្រទេសស្របតាមគោលនយោបាយដឹកនាំ របស់រាជរដ្ឋាភិបាល ប្រកបដោយចក្ខុវិស័យខ្ពស់។ ក្នុងនោះ ឯកឧត្តម សុខ លូ បានលើកឡើងថា ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺជាការដឹកនាំ ប្រកបដោយភាពសហការណ៍ខ្ពស់ ទាំងនៅក្នុងរចនាសម្ព័ន្ធក្នុងប្រទេស ក៏ដូចជានៅលើឆាកអន្តរជាតិផងដែរ ជាពិសេសនោះក្នុងភាពជាសមាជិកក្នុងចំណោមប្រទេសអាស៊ានទាំង១០ប្រទេស ក៏ដូចជាអាស៊ានបូកបីផងដែរ ហើយអង្កទាំង១០ តោន ក្នុងចំណោម ៣២តោន ដែលចែកជូននេះបានមកពីគម្រោងស្បៀងបម្រុងសង្គ្រោះបន្ទាន់អាស៊ានបូក៣ ដែលបង្ហាញពី ភាពជួយគ្នាទៅវិញមក អាចឲ្យយើងទាំងអស់គ្នានិយាយបានថា ជាបងប្អូន នៃសមាជិកអាស៊ាន។ បន្ថែមលើសពីនេះទៅទៀត ឯកឧត្តម បានក្រើនរំលឹកឲ្យប្រជាពលរដ្ឋទាំងអស់ខិតខំប្រឹងប្រែងបង្កបង្កើនផលនារដូវធ្វើស្រែខាងមុខនេះ ឲ្យបានទាន់ពេលវេលា ទាំងស្រែវស្សា និងស្រែប្រាំង កុំឲ្យទឹកជំនន់ ជន់លិចដូចឆ្នាំកន្លងទៅឲ្យសោះ។ ម្យ៉ាងទៀត សូមឲ្យបង្ពូនប្រជាពលរដ្ឋទាំងអស់ដែលមានដីស្រែចំការនៅជិនប្រព័ន្ធធារាសាស្រ្ត ងាកមកដាំដុះតាមបែបកសិកម្មទំនើបវិញ កុំធ្វើស្រែតាមធម្មជាតិ ដូចពាក្យអប់រំមួយឃ្លានិយាយថា “ធ្វើស្រែប្រវះមេឃ”។

ជាចុងក្រោយ ឯកឧត្តម សុខ លូ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវគោរពច្បាប់ចរណ៍ ដូចជាការពាក់មួកសុវត្ថិភាពក្នុងពេលបើកបរម៉ូតូ និងដាក់ខ្សែក្រវ៉ាត់នៅពេលជិះរថយន្ត ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ហើយក្នុងរដូវចូលឆ្នាំចិននាពេលខាងមុខនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លើងធូប ទាន ជាដើម។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here