ហៅម៉ូតូឌុបជិះដល់កន្លែងស្ងាត់ឲ្យឈប់ដើម្បីបន្ទោរបង់ ត្រឡប់មកវិញចាប់គ្រៀក.ក ប្លន់យកម៉ូតូ

0

បន្ទាយមានជ័យ:​ គ្រូ​បង្រៀនភាសាចិនម្នាក់ឆ្លៀតពេលទំនេររត់ម៉ូតូឌុបពេលយប់ ត្រូវបានជនល្មើសធ្វើសកម្មភាពយកកាំបិតចុងស្រួចចាក់ម្ចាស់ប្លន់យកម៉ូតូតែមិនបានសម្រេច ដោយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែតជួយធ្វើអន្តរាគមន៍ជួយទាន់ពេលវេលាចាប់បានជនសង្ស័យនិងជួយដឹកជនរងគ្រោះទៅសង្រ្គោះ។​ ករណីប្លន់យកម៉ូតូនេះបានកើតឡើងថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១៨ វេលាម៉ោង ២១និង០០នាទី នៅចំនុចខាងជើង ស្នាក់ការគណបក្សសង្កាត់ នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក​ ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖ជនល្មើសឈ្មោះដែម រដ្ឋា អាយុ២៥ឆ្មាំ ភេទប្រុស នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរកម្មករ និងជាមនុស្សញៀនថ្នាំ ។ចំណែកជនរងគ្រោះឈ្មោះ តុល រតនះសុខា អាយុ ៣៩ឆ្នាំ ភេទប្រុសជនជាតិខ្មែរ នៅភូមិគីឡូលេខ៤សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ មុខរបរគ្រូបង្រៀនសាលាចិន និងរត់ម៉ូតូឌុប ។
លោកអធិការបានបញ្ជាក់ថា៖តាមការបំភ្លឺពីជនរងគ្រោះបានដឹងថា គាត់បានបើកម៉ូតូម៉ាកហុងដាទ្រីមសេ១២៥ពណ៏ខ្មៅសេរី២០១៧ ពាក់ផ្លាកលេខបន្ទាយមានជ័យ1Q.1146 ដឹកជនល្មើសនេះចេញពីផ្លូវដើមពុទ្រាដឹកទៅតាមផ្លូវZOA ទៅដល់ចំនុចស្ងាត់វាអោយឈប់ចុះនោម ពេលមកវិញ វាចាប់គ្រៀកករគាត់​ ធ្វើសកម្មភាពចាក់គាត់បណ្តាលឲ្យរងបួសពេលនោះក៏មានការប្រតាយប្រតប់គ្នា ហើយក៏គាត់ស្រែកទើបអ្នកភូមិចេញជួយ ស្របពេលនោះមន្រ្តីនគរបាលប៉ុស្តិ៍កំពុងដើរល្បាតក៏ជួយធ្វើអន្តរាគមន៍ចាប់ជនសង្ស័យ យកបានម៉ូតូនិងជួយយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ឯក​ ធិន ស៊ិនដេត បានបន្តថា៖តាមការពិនិត្យរបស់លោកពេទ្យជនរងគ្រោះត្រូវបានជនល្មើសយកកាំបិតស ស្រួចចាក់បណ្តាលរងរបួស៦កន្លែង។ចំពោះជនសង្ស័យជាចោរប្លន់ កម្ឡាំងជំនាញអធិការនគរបាលក្រុងប៉ោយប៉ែតកំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ ដើម្បីចាត់ការបន្ត៕​ដោយ៖ឃិន គន្ធា