អគ្គស្នងការរងនគរបាលជាតិប្រាប់អោយស្នងការនគរបាលខេត្តតាកែវត្រូវមានការប្រុងប្រយ័ត្នខ្ពស់លើករណីគ្រោះអគ្គីភ័យ

0

តាកែវ៖ នៅក្នុងឆ្នា ២០១៨ នេះមានករណីគ្រោះនៃអគ្គីភ័យធំៗជាច្រើនករណីបានកើតឡើង នៅតាមបណ្តាខេត្តនានា ក៏ដូចជារាជធានីភ្នពេញ ដូច្នេះដើម្បីត្រៀមទប់ស្កាត់ និងបង្ការមិនអោយកើតមាននូវករណីគ្រោះអគ្គីភ័យដែលកើតឡើងនេះ មន្ត្រីជំនាញទទួលបន្ទុកផែនអគ្គីភ័យត្រូវតែមានមុខប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ដូចកំលាំងអន្តរាគមន៏ពិសេសដូចគ្នា ជាពិសេសត្រូវសិក្សាអោយបានច្បាស់ពីស្ថានភាពអគ្គីភ័យដែលកើតមានឡើង ត្រូវចេះបែងចែក និងគ្រប់គ្រងស្ថានការណ៏ ការពារទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋរបស់យើងអោយបានទាន់ពេលវេលា មួយវិញទៀតចំពោះបញ្ហាបង្ការនោះ មន្ត្រីនគរបាលត្រូវតែបិទក្រដាស់លេខទំនាក់ទំនងទូរស័ព្ទរបស់ រថយន្តពន្លត់អគ្គីភ័យ នៅតាមទីប្រជុំជន និងគ្រប់គ្រឹះស្ថានធំ រោងចក្រ ធ្វើការផ្សព្វផ្សាយពីការអប់រំណែនាំ នៃមូលហេតុដែលកើតជាអគ្គីភ័យនេះឡើងដល់ពលរដ្ឋអោយពួកគាត់បានយល់ដឹង និងមានការប្រុងប្រយ័ត្នខ្ពស់ ។
ថ្លែងបែបនេះក្នុងពេលដែលឯកឧត្តមនាយឧត្តមសេនីយ៏ សួស អង្គារ អគ្គស្នងការរងនគរបាលជាតិ និងលោក យស ណាស៊ី អភិបាលរងខេត្តតតាកែវ បានចូលរួមនៅក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ កាលពីល្ងាចថ្ងៃទី ១៥ មីនា ២០១៨ ក្នុងសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលមន្ត្រីរាជការមន្ទីរជុំវិញខេត្ត និងលោកមេឃុំទាំង ១០០បានចូលរួមផងដែរ ។
សូមបញ្ជាក់ផងដែរថា បើតាមការអានរបាយការណ៏របស់ឯកឧត្តមឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ស្តីពីគ្រោះអគ្គីភ័យក្នុងឆ្នាំ ២០១៧កន្លងទៅនេះនៅក្នុងខេត្តតាកែវមានចំនួន ២១លើក ដែលក្នុងនោះរួមមាន ឆេះព្រៃ ០១លើក ឆេះរោងចក្រ ០៣លើក ឆេះសាលារៀន ០១លើក ឆេះផ្ទះ ១១លើក ឆេះស្ថានីយ៏ប្រេងឥទ្ធននៈ ០២លើក ឆេះឃ្លាំង ០១លើក ឆេះរោងចំប៉ើង ០១លើក និងឆេះរថយន្តមួយលើក ។ ចំពោះករណីដែលបណ្តាលអោយកើតមានជាអគ្គីភ័យខាងលើគឺបណ្តាលពី កត្តាឆ្លងចរន្តអគ្គីសនីប្រមាណ ៧៥% កត្តាឆ្វេសប្រហែស ១៥% កត្តាធម្មជាតិ ៥% និងកត្តាទង្វើរបស់មនុស្ស ៥% ។ ចំពោះការអន្តរាគមន៏ពន្លត់អគ្គីភ័យខាងលើនេះស្នងការនគរបាលខេត្តតាកែវបានប្រើប្រាស់នូវរថយន្តពន្លត់អគ្គីភ័យសរុបចំនួន ១៣លើក ស្មើនឹង ចំណុះទឹក ៧៨០០០លីត្រ និងបំពង់ឧស្ម័នប្រភេទ BC សម្រាប់ពន្លត់អគ្គីភ័យចំនួន ៥៨បំពង់ ដើម្បីធ្វើការពន្លត់ និងគ្រប់គ្រង់ស្ថានការណ៏បាន ១០០% មិនបណ្តាលឲមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងមិនមានការរីករាលដាលដែលមានលក្ខណៈធំដុំនោះទេ ។តាកែវ