ការងារថែរក្សាអនាម័យបរិស្ថាន គឺជាការងាររួមរបស់មនុស្ស និងស្ថាប័នទាំងអស់

0

កែបៈ ឯកឩត្តម អ៊ឹង ឆាយ អភិបាលរងខេត្តកែប បានថ្លែងថា ការងារបរិស្ថាន ការងារថែរក្សាអនាម័យ មិនមែនជាផ្នែកមួយដាច់ដោយឡែក សម្រាប់តែក្រសួងបរិស្ថានទេ គឺវាតម្រូវមានការចូលរួមគ្រប់ផ្នែកទាំងអស់ ទើបប្រទេសយើងពោពេញដោយបរិស្ថានបៃតង និងមានអនាម័យល្អ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងបង្កើនគោលដៅទេសចរ ជំរុញកំណើនភ្ញៀវឲ្យបានច្រើន ចូលមកទស្សនាប្រទេសកម្ពុជា ។

លោកថ្លែងបែបនេះ នៅក្នុងកិច្ចសម្ភាសមួយពេលកំពុងធ្វើកម្មភាពសម្អាតអនាម័យ និងរក្សាបរិស្ថានស្អាតតំបន់ឆ្នេរខេត្តកែប ដែលជាគំនិតផ្តួចផ្តើម ធ្វើឡើងដោយក្រុមនិស្សិតថ្នាក់ពិសេស នីតិសាស្ត្រភាសាបារាំង នៃសាកលវិទ្យាល័យភូមិន្តនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ។

លោកអភិបាលរង បានបញ្ជាក់ថា ខេត្តកែបក្នុងរយៈពេលចុងក្រោយប៉ុន្មានឆ្នាំនេះ មានកំណើនភ្ញៀវទេសចរច្រើន ដោយសារខេត្តនេះ សម្បូរធនធានធម្មជាតិល្អប្រណិត ពិសេសខេត្តនេះរក្សាបានគោលការណ៍បី ទឹកស្អាត ដីស្អាត និងខ្យល់ស្អាត និងបានទទួលបានពានចំនួនបី ទី១-ពានរង្វាន់ទីក្រុងស្អាត ផ្ការំដួល៣ទង នៃព្រះរាជាណាចក្រកម្ពុជា, ទី២-ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន ពីប្រទេសប្រុយណេ, ទី៣-ពានរង្វាន់ទីក្រុងស្អាតទេសចរណ៍អាស៊ាន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ក្នុងឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១៨ (ATF 2018) នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ ។ ហើយឆ្នាំ២០១៨ ថ្មីៗនេះដែរ ខេត្តកែបទទួលបានពានរង្វានទីក្រុងស្អាត “ផ្ការំដួល៣ទងសាជាថ្មីទៀត” ។

ឯកឩត្តម អភិបាលរង ក៏បានអំពាវនាវឲ្យពលរដ្ឋ អាជិវករ មន្ត្រីរាជការ កងកម្លាំង ភ្ញៀវទេសចរ បង្កើនការយកចិត្តទុកដាក់ចូលរួមការងារថែរក្សាអនាម័យ និងបរិស្ថាន ឲ្យបានកាន់តែល្អប្រសើរដើម្បីត្រៀមទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ  និងធ្វើយ៉ាងណាកុំឲ្យខូច ឬប៉ះពាល់កេរ្តិ៍ឈ្មោះខេត្តទេសចរ កម្រិតខ្ពស់ ដែលមានប្រជាប្រិយភាពមួយនេះ៕