អភិបាលរងក្រុងព្រះសីហនុ ចុះពិនិត្យទីតាំងចាក់ដីនៅចំណុចក្បែររង្វង់មូលតោ២

0

ព្រះសីហនុ៖ ក្រោយឆ្នេរអូរឈើទាល ស្ថិតក្នុងសង្កាត់លេខ4 ក្រុងព្រះសីហនុ បានធ្វើអោយស្ទះទឹកលិចភូមិប្រជាជនបន្ទាប់ពីមានភ្លៀងកក់ខែមួយមេធំកាលពីរាត្រីទី22ខែមីនាឆ្នាំ2018បន្ទាប់ពីក្រុមម្ចាស់ដីនាំគ្នាចាក់ដីលុបដីកម្មសិទ្ធិខ្លួនដើម្បីអភិវឌ្ឍន៏។

នៅព្រឹកថ្ងៃសុក្រ7កើតខែចេត្រ ឆ្នាំរកា ពស 2561 ត្រូវនឹងថ្ងៃទី23ខែមីនាឆ្នាំ2018 ក្រុមការងារចម្រុះដឹកនាំដោយលោក ស៊ន កុសល អភិបាលរងក្រុងព្រះសីហនុ បានចុះពិនិត្យទីតាំងចាក់ដីនៅចំណុចក្រោយឆ្នេរអូរឈើទាល ស្ថិតក្នុងសង្កាត់លេខ4 ក្រុងព្រះសីហនុដែលក្រុមម្ចាស់ដីនាំគ្នាចាក់ដីលុបធ្វើអោយបាត់ផ្លូវទឹកបណ្តាលអោយស្ទះទឹកលិចភូមិប្រជាជនបន្ទាប់ពីមានភ្លៀងកក់ខែមួយមេធំកាលពីរាត្រីទី22ខែមីនាឆ្នាំ2018។

បន្ទាប់ពីបានពិនិត្យជាក់ស្តែងក្រុមការងារសម្រេចកាយដីធ្វើជាផ្លូវទឹកដើម្បីធ្វើអោយមានទឹកហូរចេញរំដោះការជនលិចភូមិឋានរបស់ប្រជាជននៅក្នុងទីនេះជាបណ្តោះអាសន្នសិន។លោក ស៊ន កុសល អភិបាលរងក្រុងព្រះសីហនុ បានស្នើឲ្យម្ចាស់ដីទាំងអស់ដែលបានចាក់ដីអភិវឌ្ឍនៅទីនេះ សូមចូលរួមសហការជាមួយអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធធ្វើយ៉ាងណាត្រូវគោរពតាមច្បាប់ដោយមិនត្រូវចាក់ដីលុបបំបាត់ផ្លូវទឹកបណ្ដាលមានការលិចលង់ដល់ផ្ទះប្រជាពលរដ្ឋដែលរស់នៅជុំវិញនោះទេ។
ពាក់ព័ន្ធករណីនេះដែរ លោក ណុប ហេង ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះសីហនុ បានអំពាវនាវដល់ម្ចាស់ដីនៅទីនោះដែលបាននិងកំពុងក់ដីលុបធ្វើអោយប៉ះពាល់ទៅដល់ផ្លូវទឹកនេះស្នើសុំឲ្យផ្អាកការចាក់ដីលុបនៅទីនោះជាបណ្ដុះអាសន្នសិន ដើម្បីទុកពេលឲ្យក្រុមមន្ត្រីជំនាញធ្វើការសិក្សារកផលប៉ះពាល់នានានិងកំណត់ទំហំផ្លូវទឹកសម្រាប់បង្ហូរទឹកចេញឲ្យបានត្រឹមត្រូវស្របទៅតាមលក្ខណៈបច្ចេកទេស។ ធ្វើយ៉ាងណាដើម្បីបញ្ចៀសនូវផលប៉ះពាល់នានាដល់ប្រជាពលរដ្ឋនៅទីនោះ។
លោក ណុប ហេង បានបញ្ជាក់ឲ្យដឹងទៀតថាប្រសិនបើម្ចាស់ដីទាំងនោះនៅតែបន្តការចាក់ដីលុបទីនោះនៅរដូវវស្សាខាងមុខចំណុចនេះនឹងត្រូវបានលិចលង់ដោយសារជំនន់ទឹកភ្លៀងជាមិនខានឡើយ។សូមបញ្ជាក់ផងដែរថាផ្ទះពលរដ្ឋដែលកំពុងរងផលប៉ះពាល់នេះភាគច្រើនគឺជាកន្លែងផ្តល់សេវាកម្មបន្ទប់ជួល សណ្ឋាគារ ផ្ទះសំណាក់ កាស៊ីណូនិងកន្លែងលក់ដូររបស់របរផ្សេងៗហើយត្រូវបានជន់ដោយសារតែបញ្ហាគ្មានផ្លូវទឹកហូរចេញ។

គួររំលឹកថាកន្លងទៅនេះ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាឲ្យក្រុងស្រុកទាំង4ត្រូវពិនិត្យនិទប់ស្កាត់អោយបានជាដាច់ខាតនូវសកម្មភាពទាំងឡាយណាបានធ្វើអោយប៉ះពាល់ដល់ផ្លូវទឹក ប្រឡាយ អូរ ដែលបង្កនូវការជន់លិចនៅពេលមានភ្លៀងម្តងៗ៕(ដោយ៖ក្រុមគេហទំព័រខេត្តព្រះសីហនុ)