អភិបាលខេត្តកំពង់ស្ពឺអំពាវនាវឲ្យពលរដ្ឋឈប់ជាបន្ទាន់ការសម្លាប់សត្វព្រៃ ខណៈមានការសម្លាប់សត្វទន្សោងឈ្មោលមួយក្បាលដែលមានទម្ងន់ជាងរាប់រយ គីឡូក្រាមដ៏គួរឲ្យសោកស្តាយបំផុត

0

កំពង់ស្ពឺ៖ សត្វទន្សោងគោព្រៃមួយត្រូវបានគេបាញ់ប្រហាររហូតងាប់ និងត្រូវឈ្មួញភ្លះសាច់បំរ៉ុងដឹកយកទៅលក់ តែត្រូវកម្លាំងការពារសត្វព្រៃ និងកម្លាំងអាវុធហត្ថតាមដានចាប់បាននៅកន្លែង ក្នុងនោះឃាត់ខ្លួនជនសង្ស័យបានម្នាក់ រថយន្ត០១គ្រឿង រួមទាំងសាច់សត្វទន្សោង១២០គីឡូក្រាម នេះនៅសល់តែជើងមុខ និងក្រោយប៉ុណ្ណះ ។
ក្រោយទទួលបានព័ត៏មាននេះនៅព្រឹកថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៨លោក វ៉ី សំណាង អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺបានអំពាវនាវកុំឲ្យពលរដ្ឋសម្លាប់សត្វដ៏កម្រ ជាពិសេសសត្វដែលរស់នៅក្នុងដែនអភិរក្ស ជាក់ស្តែងដូចជាករណីសម្លាប់សត្វទន្សោងគោព្រៃមួយក្បាលមានទម្ងន់រហូត១២០គីឡូក្រាម ជានល្មើសនិងត្រូវទទួលទោសតាមច្បាប់ជាកំហិត ។
កម្លាំងបានប្រទះឃើញករណីសម្លាប់សត្វទន្សោងគោព្រៃនៅ វេលាម៉ោង២១ និង៤០នាទី យប់ថ្ងៃ ២២ ខែមិនា ឆ្នាំ២០១៨ នៅចំនុចភ្នំពពូលក្នុងព្រៃសហគមន៍ ចំរាក ភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេតកំពង់ស្ពឺ សត្វដែលត្រូវគេបាញ់សម្លាប់ជាសត្វទន្សោងឈ្មោលមួយក្បាលក្នុងព្រៃសហគមន៍ខាងលើ ។
មន្ត្រីកងរាជអាវុធហត្ថស្រុកថ្ពងបានឲ្យដឹងថា បង្កដោយជនមួយក្រុមរថយន្ត២គ្រឿង អាវុធ០២ ដើម កែវឆ្លុះ ០៤ កែវត្រូវបានដកហូតពីក្រុមជនសង្ស័យ ។ ឃាត់ខ្លួនជនដែលបានបាញ់សម្លាប់សត្វព្រៃមានឈ្មោះ សូ សុីណា ភេទប្រុស អាយុ ៣៨ឆ្នាំនៅភូមិ អង្គ្រង ឃុំស្វាយរំពារ ស្រុកស្វាយទៀប ខេត្តស្វាយរៀង ដកហូតរថយន្តបានមួយគ្រឿង ម៉ាក VIGO ពត៏ ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2M 7435 សាច់ទន្សោង ១២០kgជើងមុខ ០២ ភ្លៅក្រោយ ០១ ។
ជនបង្កនិងវត្ថុតាង អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានបញ្ជូនទៅ មន្ទីបរិស្ថានខេត្តកំពង់ស្ពឺពេលនេះកងរាជអាវុធហត្ថស្រុកថ្ពង និងរដ្ឋបាលព្រៃឈើ នគបាលស្រុក បរិស្ថាន កំពុងចុះធ្វើកំណត់ហេតុកន្លែងកើតហេតុដើម្បីបំពេញសំណុំរឿង បញ្ជូនទៅតុលាកាតាមនិតិវិធីច្បាប់ ។