ខេត្តកែប នៅតែមាន ប្រជាប្រិយភាព បើទោះ ជាមិនបានរៀប ចំកម្មវិធី សង្ក្រាន្ត ឆ្នាំថ្មី ២០១៨

0

កែបៈ ខេត្តដ៏ល្បីល្បាញ បំផុតមួយ នៅក្នុង ចំណោមខេត្ត ជាប់មាត់ សមុទ្រ របស់កម្ពុជា និងធ្លាប់ បានទទួល ពានរង្វាន់ ជាច្រើន ដូចជា ពានរង្វាន់ ទីក្រុងស្អាត ផ្ការំដួល៣ទង នៃ ព្រះរាជា ណាចក្រកម្ពុជា។

ពានរង្វាន់ ទីក្រុង និរន្តរភាព បរិស្ថានអាស៊ាន ពីប្រទេស ប្រុយណេ ពានរង្វាន់ ទីក្រុងស្អាត ទេសចរណ៍ អាស៊ាន នៅក្នុងឱកាស បីថ្ងៃក្នុង អំឡុងពេល បុណ្យចូល ឆ្នាំថ្មី ២០១៨ នេះ ខេត្ត តូចមួយនេះ អាចស្រូប យកភ្ញៀវទេសចរណ៍ បានជាង ១៣ម៉ឺននាក់។

លោក សោម ពិសិទ្ធ អភិបាលរង ខេត្តកែប ប្រាប់ឲ្យដឹងថា ពិធីបុណ្យ ចូលឆ្នាំ ប្រពៃណីជាតិ ឆ្នាំ២០១៨នេះ បានប្រព្រឹត្ត ទៅដោយរលូន និង ពោរពេញ ដោយភាព សប្បាយរីករាយ ជា មួយសន្ដិសុខ សណ្ដាប់ធ្នាប់ យ៉ាងល្អប្រសើរ គ្មានអំពើរចោរកម្ម ចោរលួច ចោរឆក់។

លោកបន្តថា បើទោះ ជាខេត្តកែប មិនបានរៀបចំ កម្មវិធី សង្ក្រាន្ត ឆ្នាំថ្មី ដូចបណ្តា ខេត្ត មួយចំនួន ក៏ពិតមែន ប៉ុន្តែភ្ញៀវទេសចរណ៍ មកកម្សាន្ត មិនចាញ់ ខេត្តជិត ខាងប៉ុន្មានទេ។ ក្នុងរយៈពេលបីថ្ងៃ ១៤,១៥,១៦ នៃ បុណ្យ ចូលឆ្នាំថ្មីនេះ ភ្ញៀវជាតិ និងអន្តរជាតិ មក កម្សាន្ត នៅខេត្ត កែប មានចំនួន សរុប១៣១,៨២៨នាក់(ដប់បីមឺុន មួយពាន់ ប្រាំបីរយ មួយភ័យប្រាំបីនាក់) ប្រើប្រៀបធៀប នឹងរយៈពេលដូចគ្នា ឆ្នាំ ២០១៧ កើនលើសចំនួន១៩,៦០៥នាក់ ស្មើរ នឹងជាង៩% ក្នុងនោះភ្ញៀវ បរទេស ២៦៣៧ នាក់ កើនលើស ឆ្នាំមុន ២៤១ នាក់។

លោក សោម ពិសិទ្ធ បញ្ជាក់ដែរថា ដោយមានការ យកចិត្តទុក ដាក់ពីលោក កែន សេត្ថា អភិបាល ខេត្ត ក្នុងឱកាស ចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ ២០១៨នេះ បានដឹកនាំប្រជាពលរដ្ឋ យុវជន យុវវ័យ លេងល្បែង ប្រជាប្រិយ តាមលក្ខណៈ ប្រពៃណីខ្មែរ ជាច្រើន ប្រភេទ ដូចជាបោះអង្គុយ ទាញព្រ័ត្រ លាក់កន្សែង រាំងវង់ រាំក្បាច់ សាវ៉ាន់ ជាដើម និង មានចែក ជូនរង្វាន់ អនុស្សាវរីយ៍ ជួនអ្នក ចូលរួម លេងកម្សាន្ត ថែមទៀតផង។

លោកក៏បញ្ជាក់ដែរថា សម្រាប់ ស្ថានភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងរយៈពេលបីថ្ងៃ មានភាពល្អប្រសើរ ភ្ញៀវមក កម្សាន្តតំបន់ ឆ្នេរច្រើន ប៉ុន្តែ មិនមានការ កកស្ទះ ចរាចរណ៍នោះទេ ព្រោះកម្លាំង ស្នងការដ្ឋាន នគរបាល ខេត្ត បានចែកគោលដៅ បញ្ជារ ចរាចរណ៍ ទាំងយប់ទាំងថ្ងៃ។

សូមបញ្ជាក់ផងដែរថា បើតាម របាយការណ៍ របស់លោក អ៊ីង សំអុល ស្នងការ នគរបាល ខេត្តកែប ឲ្យដឹងថា ក្នុងរយៈ ពេលបីថ្ងៃ នៃបុណ្យចូលឆ្នាំថ្មីនេះ មិនបញ្ហា ចោលួច ចោឆក់ទេ ប៉ុន្តែ មានគ្រោះថ្នាក់ ចរាចរណ៍ កើតឡើង ៤លើក នៅទូទាំងខេត្ត។

ម៉ូតូ នឹង រថយន្ត ២លើក, រថយន្តបុក ចូលផ្សារ១លើក, ម៉ូតូនិងម៉ូតូកង់បី ១លើក បណ្តាលឲ្យ ស្លាប់២នាក់(ស្រី១) របួសធ្ងន់ ៨នាក់(ស្រី៣នាក់) និងរបួសស្រាល ៤នាក់(ស្រី២នាក់)។ ករណីខាងលើ សមត្ថកិច្ច បានឃាត់ អ្នកបើកឡាន សាំងយ៉ុងម្នាក់ (បុកមនុស្ស ក្នុងផ្សារ) ដើម្បី កសាង សំណុំរឿង បញ្ជូនទៅ តុលាការ ចាត់ការបន្ត តាមច្បាប់៕