ប្រជាពលរដ្ឋជាង៩០គ្រួសារដែលរងគ្រោះដោយសារគ្រោះធម៌ជាតិខ្យល់កន្ត្រាក់ក្នុងឃុំស្រអែមទទួលបានអំណោយមនុស្សធម៌សាខាកាកបាទក្រហមខេត្តព្រះវិហារក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ!

0

ព្រះវិហារ: ឯកឧត្តម អ៑ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានកិត្តិយស សាខាកាកបាទក្រហម អមដំណេីរដោយលោកជំទាវ ចឹក ហេង អភិបាលរងខេត្តព្រះវិហារ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងថ្នាក់ដឹកមួយចំនួន នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ ត្រូវនិងថ្ងៃ១កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ពុទ្ធស័ករាជ២៥៦២ បាននាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ មកចែកជូនពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់រលំផ្ទះ និងរបើកដំបូលចំនួន៩២គ្រួសារ រស់នៅក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកប្រាក់ ភី មេឃុំស្រអែម បានអោយដឹកថា ប្រជាពលរដ្ឋដែលបានមកទទួលអំណោយមនុស្សធម៌សាខាកាកបាទក្រហម ពីថ្នាក់ដឹកនាំខេត្ត នាឱកាសថ្ងៃបុណ្យចូលឆ្នាំខ្មែរ មានចំនួន៩២គ្រួសារ ក្នុងនោះភូមិធម្មជាតិសម្តេច២៨គ្រួសារ ភូមិស្រអែម៣គ្រួសារ និងភូមិចំបក់សែនជ័យ៦១គ្រួសារ ដោយក្នុងមួយគ្រួសារអង្ករ២២គីឡូក្រាម តង់១ មី១កេស ត្រីខ ទឹកត្រី ទឹកសុីអុីវ ឃីតមួយកញ្ចប់ និងថវិការមួយចំនួន។

នៅក្នុងឱកាសនោះឯកឧត្តម អ៑ុន ចាន់ដា អភិបាលខេត្ត ក៍បាន ពាំនាំនូវបណ្តាំផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេចតែងគិតគូរជានិច្ចអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងគ្រប់ៗរូប។ ឯកឧត្តម មានប្រសាសន៍បន្តថា អំណោយដែលចែកជូននៅពេលនេះ ទោះបីវាតិចតួចក្តី តែអាចជួយដោះស្រាយការខ្វះខាត របស់បងប្អូនយើងបានមួយគ្រាៗដែរ។

ជាមួយគ្នានោះផងដែរ ឯកឧត្តមអភិបាលខេត្ត បានធ្វេីការផ្តាំផ្ញើរទៅដល់បងប្អូនពលរដ្ឋខ្មែរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលបើកបរយាន្តជំនិះគ្រប់ប្រភេទ ទៅកម្សាន្តនៅតាម រមណីយដ្ឋាន មិនថាទីជិត ឬទីឆ្ងាយត្រូវចេះយោគយល់ អធ្យាស្រ័យអោយគ្នាទៅវិញ ទៅមក ពិសេសត្រូវគោរពផ្លាកសញ្ញាចរាចរណ៍នៅពេលបើកបរ ដោយមិនត្រូវបេីកបរក្នុងស្ថានភាពស្រវឹងនោះទេ៕សួនលីណា