បូកសរុបលទ្ធផលយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១ និងលើកទី២ (១.មករា ដល់ ៣១ ឆ្នូ ២០១៧) និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៣ រយ:ពេល១ឆ្នាំ (១.មករា ដល់ ៣១.ឆ្នូ ២០១៨)

0

ព្រះសីហនុ៖ ថ្លែងក្នុងកិច្ចប្រជុំមួយនៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ឯកឧត្ដម យន្ត មីន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា៖ អាស្រ័យដោយនិន្នាការនៃការផលិត ចរាចរ និងការជួញដូរគ្រឿងញៀនខុសច្បាប់នៅក្នុងតំបន់ និងលើពិភពលោកនៅតែមានកំណើន និងនៅតែជះឥទ្ធិពលប្រកបដោយគ្រោះថ្នាក់ដល់កម្ពុជាផងដែរ។
បញ្ហានេះ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣ រយៈពេល១ឆ្នាំ ចាប់ពីថ្ងៃ ១ ខែមករា ដល់ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨ ដោយបន្តជម្រុញ និងពង្រឹងការអនុវត្ដវិធានការ ៦ចំណុចរួមមាន៖ ១.បង្កើនសកម្មភាពអនុវត្តវិធានការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋទូទៅ។
២.ជម្រុញសកម្មភាពរៀបចំវេទិកាជួបជាមួយវិស័យឯកជន និងសប្បុរសជន ជាពិសេសម្ចាស់គ្រប់គ្រងអាជីវកម្មដែលអាចងាយកើតមានបទល្មើសគ្រឿងញៀន។
៣.ពង្រឹងការអនុវត្ដវិធានការរដ្ឋបាល និងវិធានការច្បាប់ឲ្យបានហ្ម៉ងម៉ាត់។
៤.ជម្រុញការរិះរកនីតិវិធីក្នុងការចាត់ចែងវត្ថុតាង និងទ្រព្យសម្បតិ្ដនានា ដែលរឹបអូស។ ៥.ជម្រុញកិច្ចសហប្រតិបត្ដិការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន ជាពិសេសបន្ដខិតខំទប់ស្កាត់ការនាំចូលពីក្រៅប្រទេស។
ទី៦.បន្ដពង្រឹង និងជម្រុញសកម្មភាពអនុវត្ដវិធានការព្យាបាល។
ហើយជាលទ្ធផលយុទ្ធនាការទាំង២លើក កន្លងមកបានដំណើរការយ៉ាងសកម្ម ជាពិសេសការអនុវត្ដវិធានការច្បាប់ទទួលបានលទ្ធផលខ្ពស់ដោយសមត្ថកិច្ចពាក់ព័ន្ធបានបើកប្រតិបត្ដិការយ៉ាងក្តៅគគុក បង្រ្កាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់បានជាង ៨ពាន់ករណី ឃាត់ខ្លួនជនសង្ស័យបានជិត ២ម៉ឺននាក់ និងសារធាតុញៀនចាប់យកគ្រប់ប្រភេទជិត ២០០គីឡូក្រាម។
ឯកឧត្ដម បន្ដថា ដោយឡែកខេត្ដព្រះសីហនុ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នេះកន្លងមក គឺខេត្ដខិតខំធ្វើបានយ៉ាងច្រើនគួរឲ្យកត់សម្គាល់ក្នុងនោះមានការឃាត់ខ្លួនជនល្មើសបញ្ជួនទៅតុលាការរហូតដល់ជាង ៥០០នាក់ ។
លទ្ធផលទាំងនេះដោយសារមានកិច្ចសហការផ្ធៃក្នុងល្អរបស់មន្ត្រីជំនាញ សមត្ថកិច្ចពាក់ព័ន្ធនានាជុំវិញខេត្ដ មន្ត្រីអនុវត្ដច្បាប់ និងអ្នកច្បាប់ ក្នុងការអនុវត្ដនូវវិធានការទាំងឡាយ ក្នុង (ឆមាសទី១ និងទី២) បានល្អប្រសើរ។
ទន្ទឹមនឹងនោះដែរក៏នៅមានចំណុចខ្វះខាតខ្លះដែរ ដោយសារជនល្មើសមានល្បិចកិច្ចកលច្រើន និងកម្លាំងជំនាញសម្រាប់ប្រតិបត្ដិការនៅមានការខ្វះខាត។
ឯកឧត្ដម ប្តេជ្ញាចិត្តថា នឹងបន្ដពង្រឹង និងជម្រុញ សមត្ថកិច្ចពាក់ព័ន្ធ មន្ត្រីជំនាញ អ្នកច្បាប់ និងតាមគ្រឹះស្ថានសិក្សា ជាដើម។ល។ ឲ្យបង្កើនសកម្មភាពយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣ ក្នុងការអនុវត្ដនូវវិធានការទាំង ៦ចំណុច ដែលថ្នាក់ជាតិដាក់ជូន ឲ្យទទួលបានលទ្ធផលល្អគាប់ប្រសើរ និងឈានទៅលុបបំបាត់គ្រឿងញៀនពីខេត្ដព្រះសីហនុ។
ចំពោះវិធានការទី៦ ខេត្ដនឹងបន្ដពង្រឹងជម្រុញសកម្មភាពវិធានការព្យាបាល ស្ដារនីតិសម្បទា និងសមាហរណកម្មជាមួយគ្នានេះ ត្រូវខិតខំលើកកម្ពស់សមត្ថភាព គុណភាព និងពង្រីកសេវាបន្សាបព្យាបាលដោយផ្អែកលើសហគមន៍ និងត្រូវជម្រុញការសាងសង់មជ្ឈមណ្ឌលស្ដារនីតិសម្បទា និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅក្នុងខេត្ដ៕