នាវាក្តោង(សំពៅ)លេខ២៨៦ របស់កងទ័ពជើងទឹក ប្រជាជនវៀតណាមចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ

0

ព្រះស៊ីហនុៈ ដោយនាំសិក្ខាកាមចំនួន ៥៥រូប ដែលនឹងបញ្ចប់ការសិក្សានាពេលខាងមុខ ធ្វើទស្សនៈកិច្ចសិក្សា នៅព្រះរាជាណាចក្រកម្ពុជារយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ ២៨ ខែមេសា ឆ្នាំ២០១៨ នៅព្រឹកថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨
មានការទទួលស្វាគមន៍ ពីនាយ នាយរង កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ដឹកនាំដោយលោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរងមូលដ្ឋានសមុទ្រ ។
នាវាក្តោង(សំពៅ)របស់កងទ័ពជើងទឹកប្រជាជនវៀតណាម ជាប្រភេទនាវាបណ្តែតទឹក ឈ្មោះ LE QUI DON លេខ២៨៦ បណ្តោយ ៦៧ម៉ែត្រ ទទឹង ១០ម៉ែត្រ ជម្រៅទឹក ៤.៣ម៉ែត្រ មានទម្ងន់ ៧៤៧តោន ដឹកនាំដោយប្រធានប្រតិភូ ០១រូប ជានាយកវិទ្យាស្ថានកងទ័ពជើងទឹកប្រជាជនវៀតណាម និងប្រធាននាវា ០១រូប ដឹកនាំដោយលោកអនុនាវីឯក កាវ ស៊ុនឡុង (CAO XUAN LONG) មាននាវឹកសរុបចំនួន ២២១នាក់ ក្នុងនោះមានសិក្ខាកាមចំនួន ៥៥នាក់ ។
លោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ បានស្វាគមន៍គណៈប្រតិភូ នាវាក្តោង(សំពៅ)របស់កងទ័ពជើងទឹកប្រជាជនវៀតណាម ដែលបានចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ដើម្បីធ្វើទស្សនៈកិច្ចសិក្សាដល់សិក្ខាកាមចំនួន ៥៥រូប ដែលនឹងត្រូវបញ្ចប់ការសិក្សានាពេលខាងមុខ ពិសេសដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា វៀតណាម កាន់តែជិតស្និទ្ធថែមទៀត។

តាមការគ្រោងទុក គណប្រតិភូនាវាក្តោង(សំពៅ)របស់កងទ័ពជើងទឹកប្រជាជនវៀត ណាមមានគម្រោងចូលជួបសំដែងការគួរសមជាមួយមេបញ្ជាការមូលដ្ឋានសមុទ្ររាម – នាយកសាលាកងទ័ពជើងទឹក – ចូលជួបសំដែងការគួរសមជាមួយអភិបាលខេត្តព្រះសីហនុ – និងមានការប្រកួតកីឡាបាល់ទះ បាល់ទាត់ ទាញព្រ័ត្រ ជាលក្ខណៈមិត្តភាពនៅមូលដ្ឋានសមុទ្ររាមផងដែរ៕