មន្ទីរការងារ រដ្ឋបាលរោងចក្រឈីងយី និងកម្មករនិយោជិតប្រារព្ធពិធីទិវាខួបអនុស្សាវរីយ៍លើកទី១៣២ ទិវាពលកម្មអន្ដរជាតិ ១ ឧសភា ២០១៨ ក្រោមប្រធានបទ សន្ដិភាព ស្ថេរភាព ដើម្បីការងារ និងមុខរបរ

0

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរការងារ រដ្ឋបាលរោងចក្រឈីងយី និងកម្មករនិយោជិតប្រារព្ធពិធីទិវាខួបអនុស្សាវរីយ៍លើកទី១៣២ ទិវាពលកម្មអន្ដរជាតិ ១ ឧសភា ២០១៨ ក្រោមប្រធានបទ (សន្ដិភាព ស្ថេរភាព ដើម្បីការងារ និងមុខរបរ)ស្របពេលដែលសភាពការណ៍របស់ប្រទេសជាតិយើងកំពុងមានការអភិវឌ្ឍល្អប្រសើរ។
ថ្លែងក្នុងឱកាសនៃម្មវិធីនេះកាលពីរសៀលថ្ងៃសៅរិ៍ រោច ខែពិសាខ ឆ្នាំច ពស ២៥៦២ ត្រូវនឹងថ្ងៃទី១២ខែឧសភាឆ្នាំ២០១៨ នៅបរិវេណរោងចក្រឈីងយី (អតីតរោងចក្រ RCI) ស្ថិតនៅភូមិ៤ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ និយាយថា៖ ក្រោមដំបូលសន្ដិភាព ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្វែងរកជូនពលរដ្ឋ និងបានបន្ដកសាងនូវសមិទ្ធិផលលើគ្រប់វិស័យជាពិសេសលើវិស័យការងារ។រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអនុវត្ដសិទ្ធិកម្មករនិយោជិត និងសិទ្ធិសហជីព គឺជាការអនុវត្ដសិទ្ធិមនុស្សនៅកម្ពុជា។ រាជរដ្ឋាភិបាល បានបន្ដយកចិត្ដទុកដាក់ដល់ការកែលម្អជីវភាពរស់នៅ និងលក្ខខណ្ឌការងាររបស់កម្មករនិយោជិត ដោយរយៈពេលជាង១០ឆ្នាំនេះ បានតម្លើងប្រាក់ឈ្នួលអប្បបរមាជាបន្ដបន្ទាប់ចំនួន ១០លើក និងត្រៀមចេញច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមានៅចុងឆ្នាំ២០១៨ ដោយបង្កើត និងអនុវត្ដយន្ដការត្រីភាគីនៃគណៈកម្មការប្រឹក្សាការងារ សម្រាប់ពិភាក្សាតម្លើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត។ ជាក់ស្ដែងប្រាក់ឈ្នួលអប្បបរមា បូកជាមួយប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតនោះ ធ្វើឲ្យប្រាក់ឈ្នួលប្រចាំខែរបស់កម្មករអាចកើនជិត ២០០ដុល្លារអាមេរិកក្នុងមួយខែ(១៨៩ ដល់ ១៩៨)។

លោក បន្ដថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្ដទុកដាក់ជម្រុញការអនុវត្ដច្បាប់ស្ដីពីរបបសន្ដិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញនៃច្បាប់ស្ដីពីការងារ មានដូចជា៖ របបធានារ៉ាប់រងគ្រោះថ្នាក់ការងារ (អនុវត្ដឆ្នាំ២០១៨) របបធានារ៉ាប់រងថែទាំសុខភាព (អនុវត្ដឆ្នាំ២០១៧) ដែលកំណត់ឲ្យនិយោជក (ថៅកែ) ជាប់កាតព្វកិច្ចបង់វិភាគទានរបបធានារ៉ាប់រងនេះ ១០០% ជំនួសកម្មករនិយោជិតចាប់ពីខែមករា ឆ្នាំ២០១៨ និងរបបសោធន៍និវត្ដន៍ (គ្រោងនឹងអនុវត្ដពីឆ្នាំ២០១៨តទៅ)។ ការពិនិត្យព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋទាំងអស់ដោយមិនបង់ប្រាក់ ។ កម្មការិនី កំឡុងពេលមានផ្ទៃពោះចាប់ពី ៣ខែលើងទៅ ត្រូវទទួលបានការចេញមុនម៉ោង ១៥នាទី បានអនុវត្ដផ្តល់ប្រាក់ឈ្នួល ១២០% និងការឈប់សម្រាករយៈពេល ៣ខែក្នុងពេលសម្រាលកូន។ អនុវត្ដកម្មវិធីផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មការិនីសម្រាលកូនដោយផ្ដល់ជូនកូន ១នាក់ ថវិកា ៤០ម៉ឺនរៀល កូនភ្លោះ ២នាក់ ថវិកា ៨០ម៉ឺនរៀល និងកូនភ្លោះ ៣នាក់ ១លាន ២សែនរៀល ព្រមទាំងទទួលបានថវិកាបន្ថែមចំនួន ៥លានរៀល ពីសម្ដេចតេជោ និងសម្ដេចកិត្ដិព្រឺទ្ធបណ្ឌិតផ្ទាល់។
លោក បន្ថែមថា ដោយសារសន្ដិភាព បានផ្តល់នូវការអភិវឌ្ឍនានាដូចសព្វថ្ងៃនេះ។ លោក ស្រ៊ុន ស្រ៊ន់ អំពាវនាវដល់ កម្មករនិយោជិតយើងទាំងអស់គ្នា បន្ដគាំទ្រថែរក្សាសន្ដិភាពនេះឲ្យបានគង់វង្ស គឺបន្ដគាំទ្រប្រមុខដឹកនាំរាជរដ្ឋាភិបាលយើងសព្វនេះ ដើម្បីមានឱកាសអភវិឌ្ឍស្រុកទេស និងជួយលើកកំពស់ជីវភាពរស់នៅរបស់កម្មករនិយោជិតបានល្អប្រសើរថែមទៀត។