កិច្ចប្រជុំបច្ចេកទេសលើកទី៣០នៃគណៈកម្មការអាយស៊ីស៊ី-អង្គរបញ្ចប់ដោយលើកពីវឌ្ឍនភាពនៃការងារនិងធនធានមនុស្សរបស់អ្នកជំនាញខ្មែរលើកិច្ចការជួសជុលនិងអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងតំបន់អង្គរ

0

សៀមរាប: កិច្ចប្រជុំបច្ចេកទេសលើកទី៣០នៃគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (International Coordinating Committee for the Safeguarding and Development of Historic Site of Angkor : ICC-Angkor) បានបញ្ចប់ដោយជោគជ័យនៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ នាសាលសន្និសីទអង្គរនៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។

កិច្ចប្រជុំនេះបានបង្ហាញពីរបាយការណ៍ការងារដោយអ្នកជំនាញជាតិនិងអន្តរជាតិជាច្រើនដែលក្នុងនោះមានដូចជាវឌ្ឍនភាពនៃការឆ្លាក់កម្រាលពិដានឈើនៅរោងទងកូរសមុទ្រទឹកដោះ ការជួសជុលប្រាសាទភ្នំបាខែង ការជួសជុលស្ពានហាលប្រាសាទអង្គរវត្ត ការសិក្សាស្រាវជ្រាវបុរាណវិទ្យានៅប្រាសាទបេងមាលា-ភ្នំគូលែន និងការជួសជុលប្រាសាទតាព្រហ្ម។ល។ រីឯកិច្ចការអភិវឌ្ឍន៍មានដូចជា ការកែលម្អផ្លូវថ្នល់ក្នុងឧទ្យានអង្គរ ការរៀបចំចំណតរថយន្ត ការរៀបចំនិងបង្កើតវង់ទស្សនាសម្រាប់ភ្ញៀវទេសចរ ការរៀបចំបរិស្ថាន ការទប់ស្កាត់សំណង់ខុសច្បាប់ ។ល។

ក្រៅពីស្តាប់របាយការណ៍និងការវិភាគវែកញែករបស់អ្នកជំនាញ កិច្ចប្រជុំបានសម្តែងនូវសេចក្តីពេញចិត្តជាខ្លាំងចំពោះភាពជោគជ័យដែលក្រុមការងារនៃអាជ្ញាធរជាតិអប្សរានិងក្រុមការងារអន្តរជាតិបានពួតដៃគ្នាយ៉ាងមាំលើវិថីអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់អង្គរក្នុងរយៈពេល២៥ឆ្នាំនេះ។ ភាពជោគជ័យនេះ មិនត្រឹមតែជាមោទនភាពរបស់ជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមោទនភាពរបស់អង្គការយូណេស្កូផងដែរព្រោះទម្រង់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិទៅលើការអភិរក្សជួសជុលនិងអភិរក្សបេតិកភណ្ឌពិភពលោកដែលមាននៅអង្គរត្រូវចាត់ទុកជាគំរូនិងយកទៅអនុវត្តនៅបណ្តាប្រទេសដទៃទៀតផងដែរ។ ជាពិសេសទៀតនោះគណៈកម្មការអាយសីុសីុ-អង្គរក៏បានសម្តែងនូវការកោតសរសើនិងអបអរសាទរយ៉ាងជ្រាលជ្រៅដល់គោលនយោបាយអភិរក្សវប្បធម៌របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសុឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបញ្ជៀសឱ្យផុតនូវផលប៉ះពាល់អវិជ្ជមាននានាពីកំណើនវិស័យទេសចរណ៍ដល់បេតិកភណ្ឌ។

ស្របនឹងគោលនយោបាយនៃរាជរដ្ឋាភិបាលកម្ពុជា លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានលើកឡើងនូវកត្តាសំខាន់ៗចំនួន៤ក្នុងការរក្សាបាននូវតុល្យភាពនៃការអភិរក្សនិងការអភិវឌ្ឍដោយចីរភាពនៅតំបន់អង្គរដូចជា ១. កិច្ចសហប្រតិបត្តិការអន្តជាតិដ៏ល្អ ព្រោះកាលពី២៥ឆ្នាំមុន អ្នកជំនាញខ្មែរមិនទាន់មានកម្រិតអាចគ្រប់គ្រងនិងជំនាញអាចជួសជុល អភិរក្សប្រាសាទបានពេញលេញដូចសព្វថ្ងៃនេះ ដូច្នេះមានតែអ្នកជំនាញបរទេសនេះហើយ ដែលបានជួយអង្គរទាំងអ្នកជំនាញ បច្ចេកទេស និងថវិកា ២. កត្តាអ្នកជំនាញជាតិនិងកិច្ចសហប្រតិបត្តិការជាតិ គឺអាជ្ញាធរជាតិអប្សរា បានខិតខំបណ្តុះបណ្តាលធនធានមនុស្សគ្រប់ផ្នែកទាំងក្នុងស្រុកនិងក្រៅស្រុក រហូតអ្នកជំនាញខ្មែរ អាចដឹកនាំនិងជួសជុលប្រាសាទបានដោយខ្លួនឯង និងមានការកោតសរសើរខ្ពស់ពីអ្នកជំនាញបរទេសផងដែរ។ លើសពីនោះ ក៏មានការរួមចំណែកដ៏ល្អពីស្ថាប័នជាតិនានា ដើម្បីធានាបាននូវភាពទាក់ទាញទេសចរ ការថែរក្សាបានយ៉ាងប្រសើរ ទើបធ្វើឱ្យអង្គរទទួលបានជោគជ័យជាគោលដៅទេសចរណ៍លេខមួយជាច្រើនឆ្នាំ ៣. ការអភិវឌ្ឍជាក់ស្តែងនៅនឹងកន្លែងរបស់សហគមន៍ប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរ ជាពិសេសការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋតាមរយៈកំណើនទេសចរណ៍ ៤. ចុងក្រោយ គឺកត្តាសុខសន្តិភាពនៃគោលនយោបាយឈ្នះៗរបស់រាជរដ្ឋាភិបាលកម្ពុជា នយោបាយបើកចំហជើងមេឃដែលទាក់ទាញបាននូវអ្នកជំនាញការបរទេស ភ្ញៀវទេសចរ និងអ្នកវិនិយោគទុនយ៉ាងច្រើន រួមគ្នាមកអភិរក្សនិងអភិវឌ្ឍន៍តំបន់អង្គរប្រកបដោយចីរភាព៕