រោងសិប្បកម្មកែច្នៃឈើប្រណីតមួយកន្លែងពុំមានច្បាប់ ត្រូវតុលាការ បញ្ជាកម្លាំងសមត្ថកិច្ចចុះបង្ក្រាប

0

ខេត្តរតនគិរី÷ រោងសិប្បកម្មកែច្នៃឈើប្រណីតមួយកន្លែងអត់ច្បាប់ជាយូរមកហើយ ត្រូវកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាប និងរឹបអូសសម្ភារមួយចំនួន។

ការចុះបង្ក្រាបរោងសិប្បកម្មធ្វើឡើងនៅវេលាម៉ោង៣ និង២០នាទីរសៀលថ្ងៃសៅរ៍ ៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុចចុងប្រលានយន្តហោះចាស់ ស្ថិតនៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង។

ការចុះបង្ក្រាបរោងសិប្បកម្មខាងលើនេះ ដឹកនាំកម្លាំងផ្ទាល់ដោយលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក្នុងនោះរួមមានកម្លាំងអាវុធហត្ថក្រុង កម្លាំងអធិការនគរបាលក្រុង កម្លាំងនគរបាលប៉ុស្តិ៍ កម្លាំងនគរបាលអន្តោប្រវេសន៍ក្រុង និងកម្លាំងជំនាញរដ្ឋបាលព្រៃឈើផ្នែកលំផាត់។

ម្ចាស់រោងសិប្បកម្មត្រូវបានគេស្គាល់ឈ្មោះ ម៉ៅ សេងហាក់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរលក់ដូរ។ជាមួយគ្នានោះដែរ កម្លាំងសមត្ថកិច្ចបានដកហូតម៉ាសុីនកែច្នៃឈើប្រណីតចំនួន៤គ្រឿង ក្នុងនោះមានឈើប្រណីតគ្រប់ប្រភេទជាច្រើនកំណាត់ផងដែរ។

បច្ចុប្បន្ន វត្ថុតាងទាំងនោះ ត្រូវបានសមត្ថកិច្ចជំនាញរឹបអូសយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត មិនទាន់ធ្វើការវាស់វែងនៅឡើយ។ដោយឡែក ម្ចាស់រោងសិប្បកម្មត្រូវបានសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើឲ្យធ្វើកិច្ចសន្យាបញ្ឈប់ធ្វើសកម្មភាពអាជីវកម្មនឹងបង់ផាកពិន័យទៅតាមច្បាប់រដ្ឋបាលព្រៃឈើផងដែរ៕ យក្ខឡោម