ជីវិតដ៏សែនកំសត់​ស្ត្រី​មេម៉ាយតស៊ូ​ចិញ្ចឹម​កូន​ចំនួន​៣​ នាក់ក្រោមដំបូលខ្ទមធ្លុះធ្លាយ បានទទួលការយកចិត្ត ទុកដាក់ពីសំណាក់ឧត្តមសេនីយ៍ទោ សោម ស៊ុន

0

ខេត្តកំពង់ធំៈ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤ បានចុះជួយដល់ ជីវិតដ៏សែន​កំសត់របស់ស្រ្តីមេម៉ាយ ដែលបាន​តស៊ូ​​ចិញ្ចឹម​កូន​ចំនួន​៣​ នាក់ក្រោមដំបូលខ្ទមដ៏ធ្លុះ​ធ្លាយមើលពីម្ខាងធ្លុះទៅ​ម្ខាង តែបើទោះបីជាជីវិតជួបនិងភាពក្រីក្រ យ៉ាងណាក្តី ក៏ប្អូនស្រីប្រឹងប្រែងស៊ីឈ្នួល លាងចានគេ យកប្រាក់​មកចិញ្ចឹមកូនទាំង៣នាក់ឲ្យមានជីវិតរស់រាននឹងគេ ។

ជីវិតដ៏សែនសោកសង្វែក ​របស់ប្អូន​ស្រី​ផៃ​ សុខា អាយុ​៣២​ ឆ្នាំរស់ជាស្ត្រី​មេម៉ាយ បានរៀបរាប់ទាំង​ទឹកភ្នែក​ថា ​ស្វាមីស្លាប់ចោលអស់រយ:ពេល​៧ឆ្នាំ​ ប្អូនស្រីទ្រាំ​រស់​ចិញ្ចឹម​កូន​ចំនួន​៣​ នាក់​នៅ​ក្នុង​ខ្ទម​កំសត់​ដំបូល​ធ្លុះធ្លាយ នៅពេល​មានភ្លៀងម្តងៗប្អូនស្រីអង្គុយ​សំកុក​ទទូរ​កៅស៊ូ​ការ​ពារ​ទឹក​ភ្លៀង​ឱប​កូន​ទាំង​បី​ លាយដំណក់ទឹកភ្នែក​ ជាមួយ​ដំណក់​ទឹក​ភ្លៀង​ រហូត​ដល់​ភ្លៀង​រាំង​ទើប​បាន​សម្រាក​ លុះព្រឹកឡើងងើបពីព្រលឹម​ទៅលាង​ចានឆ្នាំង​ បោក​ខោអាវ​ឲ្យ​គេតាមភូមិ ។

បច្ចុប្បន្ន​គាត់​រស់​នៅ​ភូមិ​កំពង់​គោ​លើ​ ឃុំ​កំពង់​គោ​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​ ជីវិតដ៏សែនអភ័ពនេះ គាត់​នឹង​កូន​ទាំង​បី​នាក់​មិន​ដែល​បាន​ទទួល​ទាន​អាហារ​ដែល​មាន​រស់​ជាតិ​ឆ្ងាញ់​បរិភោគ​ម្តង​ណា​ឡើយ​ ពេល​ខ្លះ​ត្រូវ​នាំ​កូន​ហូប​បាយ​ជាមួយ​អំបិល​ ឬប្រហុក​ អាហារ​ដែល​ មាន​រស់​ជាតិ​ឆ្ងាញ់​ម្តង​ម្កាល​គឺពេលមានពិធីបុណ្យទាន​ ឬពិធីអាពាហពិពាហ​ ដែល​គេ​ជួល​គាត់​ឲ្យ​ទៅលាងចានតែប៉ុណ្ណោះ​។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា  ក្រោយពីទទួលបានព័ត៌មាន របស់ប្អូនស្រី ដែលជាស្ត្រីមេម៉ាយ មានជីវភាពខ្វះខាត ក៏បានដឹកនាំសហការី រួម​ជាមួយ​អាជ្ញាធរ​ដែនដី​ភូមិ ​ឃុំ​ ទៅ​សំណេះសំណាល​សាក​សួរ​សុខទុក្ខ​គាត់​ នឹង​បាន​ផ្ដល់​ជូន​គាត់​នូវ​អង្ករ​ចំនួន​៥០​ គីឡូក្រាម​ មីយើងចំនួន២​កេស​ មុងជ្រលក់ថ្នាំចំនួន២​ នឹង​ថវិកា​ចំនួន​ ១២០,០០០​ រៀល​ នៅព្រឹកថ្ងៃទី​១៨​ ខែមិថុនា​ ឆ្នាំ​២០១៨ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្តាំផ្ញើរ និងសំណូមពរ ដល់អាជ្ញាធរដែនដី រួមទាំងប្រជាពលរដ្ឋ ឲ្យចេះជួយយកអាសារគ្នាទៅវិញទៅមកជាពិសេស គ្រួសារប្រជាកសិករ ក្នុងមូលដ្ឋានជួបនូវភាពខ្វះខាត មានជីវភាពក្រីក្រកំបាក ត្រូវរាយការណ៍មក ថ្នាក់ឃុំ ស្រុក ខេត្ត ដើម្បីជួយគ្នា  ដោយមិនត្រូវទុកឲ្យជួបនិង ភាពវេទនា ដោយមិនបានដឹងលឺពីអាជ្ញាធរនោះឡើយ ។

ដោយ  ប៊ុន  រដ្ឋា