ដកហូតផលិតផលខូចគុណភាព ផលិតផលគ្មានសុវត្ថិភាព នៅលើទីផ្សារស្រុកម៉ាឡៃជាប់ព្រំដែនកម្ពុជា-ថៃ

0

ខេត្តបន្ទាយមានជ័យ៖ ផលិតផលម្ហូបអាហារខូចគុណភាព ផលិតគ្មានសុវត្ថិភាព ជាច្រើនប្រភេទដែលជាមុខសញ្ញាបង្កគ្រោះថ្នាក់សុខភាពប្រជាពលរដ្ឋប្រើប្រាស់ត្រូវបានមន្រ្តីជំនាញកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យរកឃើញដកហូតទុកដុតកំទេចចោលដើម្បីបញ្ចៀសផលប៉ះពាល់សុខភាព។ការរកឃើញផលិតផលម្ហូបអាហារមានហានិភ័យខណៈដែលមន្ត្រីជំនាញកាំកុងត្រូលបានចុះពង្រឹងត្រួតពិនិត្យគុណភាព សុវត្ថិភាព ផលិតផលម្ហូបអាហារនៅលើទីផ្សារស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២១​ ខែមិថុនា​ ឆ្នាំ២០១៨ដឹកនាំដោយ ប្រធានកាំកុងត្រូលសាខាខេត្ត លោក សាន​ វិជ្ជាសារ៉ាវុធ។ផលិតផលម្ហូបងាហាររងការដកហូតរួមមានៈ​ទឹកដោះគោ​ស្រស់​ ១៩កំប៉ុង​,​ទឹកដោះគោ​ជូ​ ១៦កំប៉ុង​,​ ត្រីខកំប៉ុង​ អត់យីហោ​ ៧កំប៉ុង​,​ ទឹកដោះគោ​កំប៉ុង ច្រេះ​ ១កំប៉ុង​,​ ទឹកផ្លែមៀន​ ច្រេះ​ ១​ កំប៉ុង​,​ ចាហួយ​ ១កំប៉ុង​,​ អាស៊ី​តអាសេទិច​ រូបសញ្ញាទន្សាយ៣៦ដប​,​ ស្រា​បៀរ​៦កំប៉ុង​,​ ទឹកក្រូច​ ២៨កំប៉ុង​,​ ទឹកផ្លែគូលែន​ ៤ដប​,​ ទឹក​ស៊ីអ៊ី៤ដប​,​ ប្រេងឆា​ ១ដបធំ​,កម្ទេចមី​ ១កញ្ចប់ធំ​ ។

មន្រ្តីជំនាញគ្រាន់តែអប់រំអាជីវករទាំងនោះតែប៉ុណ្ណោះមិនមានវិធានការតាមផ្លូវច្បាប់នោះទេ ដោយមន្រ្តីជំនាញយោងទៅលើប្រជាពលរដ្ឋនៅមានការយល់ដឹងមានកំរិត។ប៉ុន្តែបើយោងច្បាប់ស្តីពីគ្រប់គ្រងគុណភាព សុវត្ថិភាព ផលិតផលនិងសេវា មាត្រា៦២ ផ្តន្ទាទោសដាក់ពន្ធនាគារពី៦ថ្ងៃទៅ១ខែ និងពិន័យជាប្រាក់ពី១លានរៀលទៅ៥លានរៀលក្នុងករណីការធ្វើពាណិជ្ជកម្មម្ហូបអាហារបង្កប៉ះពាល់សុខភាពនិងសុវត្ថិភាពអ្នកប្រើប្រាស់ ដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ។
​ លោក សាន​ វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ ប្រាប់ឱ្យដឹងថាក្នុងតួនាទីត្រួតពិនិត្យថែរក្សា សុវត្ថិភាព ម្ហូបអាហារនៃការធ្វើពាណិជ្ជកម្ម មន្រ្តីជំនាញកាំកុងត្រូលតែងតែយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ចូលរួមលើកស្ទូយសុខមាលភាពប្រជាពលរដ្ឋ ។ ការចុះត្រួតពិនិត្យជាប្រចាំនូវទំនិញចរាចរណ៍គិតទាំងអនាម័យដាក់លក់នៅលើទីផ្សារនិងបានធ្វើការឆែកឆេរត្រួតពិនិត្យតាមរយៈនៃការពង្រឹងនាំចូលទំនិញតាមច្រកទ្វារព្រំដែនជាដើម។កិច្ចការងារនេះមន្រ្តីជំនាញបានចុះអនុវត្តនិងបានទប់ស្កាត់បង្រ្កាបនៃការនាំចូលនិងការតាំងលក់ទំនិញហាមឃាត់ខុសច្បាប់ជាមុខសញ្ញាទំនិញបង្កគ្រោះថ្នាក់សុខភាព ជាបន្តបន្ទាប់នោះផងដែរ៕ដោយ៖ឃិន គន្ធា