អតីតយុទ្ធជន អ៊ិត សំអឿនបានទទួលផ្ទះថ្មីជាខ្នងផ្ទះលើកទី៨៣ ជាអំណោយសម្តេចតេជោ ហ៊ុន សែន

0

កំពង់ធំ៖ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមទាំងសមាគមស្រុក ក្រុង ជម្រុញចែកផ្ទះជា​អំណោយ​ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានសាងសង់រួច ប្រគល់  ជូនដល់អតីតយុទ្ធជនកម្ពុជា ដែលកំពុងតែរស់នៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ចំនួន៩០ ខ្នងផ្ទះ ជូនដល់​គ្រួសារដែលមានជីវភាពខ្វះខាត គ្មានដីគ្មានផ្ទះ ឬមានផ្ទះមិនសមរម្យ ។

ខ្នងផ្ទះលើកទី៨៣ ត្រូវបានប្រគល់ជូនលោកអនុសេនីយ៍ឯក អ៊ិត សំអឿន អាយុ ៦០ ឆ្នាំ អតីតជានគរបាលចាប់តាំងពីថ្ងៃទី០៣ ខែមេសា ឆ្នាំ ១៩៩៣ អង្គភាពអធិដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក  មានតួនាទីជានាយរងប៉ុស្តិ៍នរគបាលរដ្ឋបាលឃុំសាមគ្គីភាព  ស្រុក​ប្រាសាទ​បល្ល័ង្ក​  នៃស្នងការនគរបាលខេត្តកំពង់ធំ និងបានផ្ទេររបបជីវភាពទៅមន្ទីរសង្គមកិច្ច ជានិវត្តន៍ជន នៅឆ្នាំ២០១៥  ផ្ទះថ្មីដែលមានទទួលមាន ទំហំ ៦មx៤ម សង់ខ្ពស់ផុតពីដី ដំបូង និងជញ្ចាំង ស័ង្កសី ក្រាលក្តារ ដែលបានចំណាយថវិកាក្នុងការសាងសង់អស់ចំនួន ៦,៥៨០,០០០ រៀល ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានអញ្ជើញប្រគល់ផ្ទះថ្មីជូនលោក អ៊ិត សំអឿន អមដំណើរដោយលោក សួង ថេន អធិការស្រុកបារាយណ៍ លោក ឃុន ប៊ុនហួ មេបញ្ជាការកងរាជអាវុធ ហត្ថស្រុកបារាយណ៍ និងមេបញ្ជាការផ្នែកសឹករងស្រុកបារាយណ៍ រួមទាំងមេភូមិ មេឃុំ និងប្រជាពលរដ្ឋ ជា ច្រើននាក់ចូលរួមអបអរ ដល់គ្រួសារអតីតយុទ្ធជន នៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨។

លោក អ៉ិត សំអឿន មានភរិយាឈ្មោះ ហ៊ាន សុភី អាយុ ៤៧ ឆ្នាំ មានកូន ០១ នាក់ នៅក្នុងបន្ទុក រស់នៅភូមិអណ្តូងពោធិ ឃុំអណ្តូងពោធិ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយ​ប្រកបមុខរបរធ្វើស្រែ​ បានទទួលប្រាក់បៀវត្សប្រចាំខែពីរាជរដ្ឋាភិបាល ចំនួន ៨០០,០០០ រៀល ផងដែរ ក្នុងឱកាសនោះដែរ ក្រុមការងារសមាគម បានយកអំណោយសម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនគាត់បន្ថែមទៀតរួមមានអង្ករ ៥០ គ.ក្រ ,មីយើង ០២ កេស ,ទឹកត្រីទឹកស៉ីអ៉ីវ ០២ យួរ ,មុងជ្រលក់ថ្នាំ ចំនួន ០២ ,សម្ភារៈប្រើប្រាស់មួយចំនួន និងថវិកា ៥៥០,០០០ រៀល ។

នៅរសៀលថ្ងៃដដែល ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន រួមទាំងព្រះចៅអធិការ វត្តពោធិ៍ ព្រះតេជ​គុណបានចូលរួម ក្នុងសកម្មភាពមនុស្សធម៌ បានផ្តល់នូវសម្ភារៈប្រើប្រាស់ ជួយដល់ក្រុមការងារ បានបន្តធ្វើ ការងារមនុស្សធម៌ ដោយនាំយកអំណោយ មកផ្តល់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពទីទាល់ក្រ មាន​ជីវភាព ខ្វះខាត ចំនួន៤ គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ២៥គ.ក មីយើងមួយកេស កំសៀវមួយ ជើងក្រាន១ ធុងទឹក ចានស្រាក់ មុង ភួយ ចាន ថវិកា ម្នាក់៥០០០០រៀល និងឧបករណ៍ប្រើប្រាស់ជាច្រើនទៀត ដើម្បីជួយដល់គ្រួសារ ទីទាល់ក្រ រស់នៅភូមិថ្នល់  ឃុំទ្រៀល  ​ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ដោយ  ប៊ុន  រដ្ឋា