សហគមន៍និងព្រះសង្ឃអំពាវនាវអោយសម្ដេចជួយសាងសង់ផ្លូវចូលតំបន់ទេសចរណ៍បឹងពារាំង

0

សៀមរាប៖ ប្រជាពលរដ្ឋជាច្រើននាក់ រួមនិងព្រះសង្ឃ បានអំពាវនាវដល់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រី អោយជួយសាងសង់ផ្លូវអមដោយប្រឡាយទឹកប្រវែង១៥០០ម៉ែត្រ ចូលទៅតំបន់ទេសចរណ៍ធម្មជាតិបឹងពារាំង ស្ថិតនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
ការអំពាវនេះ ស្របពេលអាជ្ញាធរខេត្ដសៀមរាប បានផ្ដល់គ្រឿងចក្រចំនួនពីរគ្រឿងដល់ប្រជាសហគមន៍ និងប្រគេនដល់ព្រះគ្រូ សន សារិទ្ធិ ព្រះចៅអធិការវត្ដរាជាធិបតី ហៅវត្ដព្រិន្ទ និងជាទីប្រឹក្សាផ្ទាល់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្រាប់ធ្វើផ្លូវមួយខ្សែប្រវែង១៥០០ម៉ែត្រ ចូលទៅកាន់តំបន់ទេសចរណ៍សត្វស្លាបបឹងពារាំងនោះ ប៉ុន្ដែត្រូវបានមន្ដ្រីជំនាញក្រសួងកសិកម្មហាមឃាត់មិងអោយសាងសង់ ដោយលើកឡើងថា ប៉ះពាល់ដល់ព្រៃលិចទឹកជម្រកត្រីពងកូន។
ព្រះចៅអធិការវត្ដរាជាធិបតី ហៅវត្ដព្រិន្ទ និងជាទីប្រឹក្សាផ្ទាល់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ព្រះតេជគុណសន សារិទ្ធិ ព្រះអង្គមានសង្ឃដីកា កាលពីម្សិលមិញថា ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ និងពុទ្ធបរិសទ្ធ ដែលពួកគាត់ធ្វើដំណើរទៅទស្សនាសត្វស្លាប នៅតំបន់ទេសចរណ៍ធម្មជាតិបឹងពារាំង ជាពិសេសរដូវវស្សា អាជ្ញាធរខេត្ដសៀមរាបបានឧបត្ថម្ភគ្រឿងចក្រពីរគ្រឿង ដើម្បីជួយធ្វើផ្លូវចូលទៅកាន់តំបន់នោះមានភាពងាយស្រួល ប៉ុន្ដែត្រូវមន្ដ្រីជំនាញផ្នែកជលផល នៃក្រសួងកសិកម្មហាមឃាត់ដោយលើកឡើងថា ធ្វើអោយប៉ះពាល់ដល់ជីវៈចម្រុះ និងព្រៃឈើលិចទឹកសម្រាប់ត្រីពងកូន។ព្រះអង្គបានបន្ដថា ផ្លូវនេះធ្វើបានប្រវែងប្រហែលជិត១០០ម៉ែត្រហើយ ក្នុងចំណោមសរុបប្រវែង១៥០០ម៉ែត្រនិងមានទទឹងផ្លូវគោក១៣ម៉ែត្រ និងផ្លូវទឹក៦ម៉ែត្រសងខាង។ព្រះអង្គបានបន្ដថា ការធ្វើផ្លូវនេះមានសារៈសំខាន់ណាស់សម្រាប់ប្រជាសហគមន៍និងភ្ញៀវទេសចរណ៍ជាតិនិងអន្ដរជាតិទៅទស្សនាសត្វស្លាប និងព្រៃលិចទឹកនៅតំបន់បឹងពារាំង។ព្រះអង្គបានបន្ថែមថា នៅតំបន់ព្រៃលិចទឹកបឹងទន្លេសាបមានការកាប់បំផ្លាញ មានបទល្មើសនេសាទកើតឡើងច្រើន ប៉ុន្ដែមន្ដ្រីជំនាញមិនមានការបង្ក្រាប បែជាមកហាមឃាត់មិនអោយសហគមន៍ទេសចរណ៍ធ្វើផ្លូវសម្រាប់សាធារណៈជនទៅវិញ។
ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិបឹងពារាំង សង្កាត់ជ្រាវ លោក គង់ មង្គល បានមានប្រសាសន៍ថា ការសង់ផ្លូវទៅកាន់តំបន់ទេសចរណ៍នេះ ដើម្បីងាយស្រួលប្រជាសហគមន៍ការពារនិងថែរក្សាតំបន់ទេសចរណ៍ធម្មជាតិបឹងពារាំងនេះ ព្រោះវាមានសារៈសំខាន់ខ្លាំងណាស់ផ្នែកវិស័យទេសចរណ៍ និងជីវៈចម្រុះព្រៃលិចទឹក។លោកបានបន្ដថា ផ្លូវថ្មីនោះ មិនប៉ះពាល់ដល់ព្រៃលិចទឹកធ្ងន់ធ្ងរទេ ព្រោះអ្នកធ្វើផ្លូវបានគាស់ដើមឈើដាំឡើងវិញ។មិនតែប៉ុណ្ណោះតំបន់ទេសចរណ៍បឹងពារាំង បានបង្កើតអោយពលរដ្ឋមានប្រាក់ចំណួល មានការងារធ្វើ តាមរយៈដឹកភ្ញៀវតាមទូកទស្សនាសត្វស្លាប ដឹកភ្ញៀវតាមរទៈគោជាដើម។លោកបានអំពាវដល់ដល់អាជ្ញាធរជំនាញ ជាពិសេសសម្ដេចតេជោ ជួយគាំទ្រនិងផ្ដល់ផ្លូវមួយខ្សែនេះ ដល់ប្រជាសហគមន៍សង្កាត់អោយបានមុនបោះឆ្នោតជាតិខាងមុខនេះផងដែរ។
លោកគង់ មង្គល បានអោយដឹងបន្ដថា តំបន់ទេសចរណ៍បឹងពារាំងមានផ្ទៃក្រឡាជាង២០០ហិកតា ក្នុងនោះមានកោះចំនួន១០កោះ។ បឹងពារាំង ជាតំបន់អភិរក្សត្រីពូជមួយ ក្នុងបឹងទន្លេសាប នៅចន្លោះភូមិសាស្ត្រសង្កាត់ជ្រាវ និងសង្កាត់ចុងឃ្នៀស ចម្ងាយប្រមាណ៧គីឡូម៉ែត្រ ភាគខាងត្បូងពីទីក្រុងសៀមរាប។ បច្ចុប្បន្នទីនោះ មានជីវចម្រុះនិងព្រៃលិចទឹកជាច្រើនប្រភេទ ដែលធ្វើឱ្យសត្វស្លាបជាច្រើនកំពុង ប្រជុំគ្នារកចំណីលើផ្ទៃទឹកដ៏ធំធេងនិងរស់នៅ ដូចជាតំបន់អភិរក្សសត្វស្លាបព្រែកទាល់ផងដែរ។ ទាំងអាជ្ញាធរខេត្តសៀមរាប និងមន្ត្រីឧទ្យាននុរក្ស នៃមន្ទីរបរិស្ថានបានសម្លឹងឃើញនៅតំបន់នោះ ថាមានការទាក់ទាញភ្ញៀវទេសចរណ៍បរទេស ឱ្យទៅកំសាន្តជាមួយជីវចម្រុះ និងទស្សនាសត្វស្លាបបានល្អប្រសើរ៕