ឯកឧត្តម យន្ត មីន នាំយកអំណោយសាខាកាកបាទក្រហមចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុកកំពង់សិលា

0

ព្រះសីហនុ: នារសៀលថ្ងៃទី ៦កើត ខែទុតិយាសាឍ ឆ្នាំចសំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដាឆ្នាំ 2018 ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិ បាលខេត្តព្រះសីហនុ និងសហការី នាំយកអំណោយសង្គ្រោះបន្ទាន់របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចែកជួនប្រជាពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀង ក្នុងស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។

ក្នុងឱកាសនោះ ឯកឧត្តម យន្ត មីន អភិបាលខេត្តក៏បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វផ្សេងៗ ខណៈដែលជំនន់ទឹកភ្លៀងបានជន់លិចផ្ទះប្រជាពលរដ្ឋ ព្រមទាំងផ្តាំផ្ញើដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះសុវត្ថិភាពប្រជាពល រដ្ឋ និងត្រៀមបង្ការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា មិនត្រូវឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ ដើម្បីនាំពួកគាត់មកកាន់ទីទួលសុវត្ថិភាព ។
សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀងបានស្រកចុះបន្តិចវិញហើយបើទោះជាភ្លៀងនៅតែបន្តធ្លាក់។ចំពោះសុវត្ថិភាពប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៃជំននលទឹកភ្លៀងនេះមិនទាន់មានបញ្ហាធ្ងន់ធ្ងរអ្វីឡើយគ្រាន់តែពួកគាត់មិនអាចចេញទៅរកស៊ីដូចធម្មតាបានប៉ុណ្ណោះ។

តែអាជ្ញាធរខេត្ត និងសាខាកាកបាទក្រហមកម្ពុជា បានត្រៀមជំនួយសង្គ្រោះបន្ទាន់រួចរាល់ជាស្រេច ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួនជិត ៥០០គ្រួសារ នៅក្នុងស្រុកកំពង់សិលាខេត្តព្រះសីហនុ នៅ ពេលឆាប់ៗនេះ។

ដោយឡែកស្ថានភាពផ្លូវនៅតែបន្តបិទផ្អាកដោយសារស្ថានភាពទឹកមិនអាចអោយធ្វើចារាចរណ៍បាននៅពេលនេះ។
ប៉ុន្តែការធ្វើចរាចរណ៍ចេញចូលខេត្តព្រះសីហនុ អាចធ្វើដំណើរតាមផ្លូវជាតិលេខ ៣៕