ម៉ូតូពីរគ្រឿងបោលបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យយុវជនពីរនាក់របួសធ្ងន់

0
SHARE

ខេត្តរតនគិរី÷ ម៉ូតូហុងដាឌ្រីមពីរគ្រឿងបោលបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យយុវជនពីរនាក់បានរងរបួសធ្ងន់ធ្ងរ ខណ:ជិះក្នុងទិសដៅបញ្ជ្រាសគ្នា ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីវេលាម៉ោង៦ នឹង៣០នាទីយប់ថ្ងៃច័ន្ទ ១០រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្កាឈូកក្បែរបន្ទាយប៉េអឹមខេត្ត ស្ថិតនៅក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ។

នគរបាលប៉ុស្តិ៍បឹងកន្សែងបានឲ្យដឹងថា ម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី ១B-០៥៩២ ជិះក្នុងទិសដៅពីកើតទៅលិចអ្នកបើកបរមានឈ្មោះ សាន សានិត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស របួសធ្ងន់បាក់ជើងខាងឆ្វេង មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។

ចំណែកភាគីម្ខាងទៀតឈ្មោះ ភីម សិលា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស របួសធ្ងន់ត្រង់ផ្ទៃមុខ ជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១C-៤៧៦៤ ក្នុងទិសដៅពីលិចទៅកើត ។

ក្រោយកើតហេតុនគរបាលមូលដ្ឋានចុះមកអន្តរាគមន៍ធ្វើការវាស់វែងដឹកបញ្ជូនជនរងគ្រោះទាំងពីរនាក់ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។

បច្ចុប្បន្នមធ្យោបាយទាំងពីរគ្រឿងនគរបាលអូសយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្តដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕ យក្ខឡោម

SHARE