ម្នាក់រងរបួសធ្ងន់ដេកពេទ្យ រីឯម្នាក់ទៀតត្រូវកម្លាំងអាវុធហត្ថវាយខ្នោះ ដោយសារទំនាស់ពាក្យសំដី ក្នុងពេលនាំគ្នាទៅប្រើប្រាស់ថ្នាំញៀន!

0
SHARE

(ព្រះវិហារ): បុរសពីម្នាក់ ម្នាក់រងរបួសធ្ងន់ដេកពេទ្យ រីឯម្នាក់ទៀត ត្រូវបានកម្លាំងអាវុធហត្ថស្រុកជាំក្សាន្ត សហការជាមួយកម្លាំងកងពលតូចអន្តរាគមន៍លេខ៨ ចុះឃាត់ខ្លួន កាលពីវេលាម៉ោង១៩.៤៨នាទី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិបង្គោល៨ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងករណីហិង្សា ដោយចេតនា។

លោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរង ទទួលបន្ទុកការងារព្រហ្មទណ្ឌ បានអោយដឹងថា ជនដៃដល់ដែលកម្លាំងធ្វើការឃាត់ខ្លួនមានឈ្មោះ ឯក គឹមអិន ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្តខេត្តព្រះវិហារ។

លោកបន្តថា ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យជាដៃដល់ បានរៀបរាប់ថា នៅមុនពេលកើតហេតុ ខ្លួនគេកំពុងអង្គុយផឹកស្រាតែម្នាក់ឯង លុះក្រោយមក ជនរងគ្រោះឈ្មោះ ហឿន ធា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិធ្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្តខេត្តព្រះវិហារ ជិះម៉ូតូមកដល់ហើយបាននាំខ្លួនទៅប្រើប្រាស់ថ្នាំជាមួយ។

ប៉ុន្តែមិនទាន់បានប្រើប្រាស់ផង ខ្លួននិងជនរងគ្រោះ បានឈ្លោះប្រកែកគ្នា ហើយភ្លាមនោះខ្លួន ក៏ស្ទុះយកកាំបិតចុងស្រួចកាប់ទៅលើជនរងគ្រោះចំនួន៣កាំបិត÷ ទី១.ចំពោះធ្លាយពោះវៀន ទី២.ដៃស្ដាំ និងទី៣.ចំដៃឆ្វេង ត្រូវបានគេដឹកនាំយក មកជួយសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុនសែនស្រអែម។

លោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរង ទទួលបន្ទុកការងារព្រហ្មទណ្ឌ បានអោយដឹងបន្ថែមថា បច្ចប្បន្នជនដៃដល់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញធ្វើការបញ្ជូនទៅកាន់កងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តទៅតាមនិត្តិវិធី នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨នេះផងដែរ៕សួនលីណា

SHARE