ទឹកភ្នែកស្រ្តីមេម៉ាយកូន៥នាក់ជាគ្រួសារអតីយុទ្ធជនពលី បានទទួលផ្ទះថ្មីមួយខ្នងអំណោយសម្តេចតេជោ ហ៊ុន សែន

0

កំពង់ធំ៖ ទឹកភ្នែកស្រ្តីមេម៉ាយចិញ្ចឹមកូន៥នាក់ ដែលជាភរិយារបស់អតីតយុទ្ធជនពលី បានស្រក់ចុះទាំង អារម្មណ៍រំភើបក្តុកក្តួល ខណៈពេលដែលបានទទួលផ្ទះថ្មីបែរជាប្តីស្លាប់ចោល ពុំបានរស់នៅរួមសុខរួមទុក្ខជាមួយគ្នា ការទទួលផ្ទះថ្មីនេះជាខ្នងផ្ទះលើកទី៩៣និងជាអំណោយដ៏ ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ​កម្ពុជា តាមរយះឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ។

ខ្នងផ្ទះទី៩៣​ អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ​ហ៊ុន​ សែន ត្រូវបានសាងសង់ដោយ សមាគមអតីត​យុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដឹកនាំផ្ទាល់ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគ ទី៤ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងត្រូវបានប្រគល់ជូនលោក​ស្រី​ យ៉េន​ សុខណា​ អាយុ​៣៨​ ឆ្នាំជាភរិយាយរបស់អតីតយុទ្ធជន​ពលី ​ ឈ្មោះ​ធឿន​ថា​ ឋានន្តរសក្ដិ​ព្រិន្ទបាលឯក​ អាយុ​៤៣​ ឆ្នាំ​  មាន​កូន​តូច​ៗ​នៅ​ក្នុង​បន្ទុក​ចំនួន​៥​ នាក់​ ដែល​ត្រូវ​ទទួល​បន្ទុក​ចិញ្ចឹម​បីបាច់​ថែ​រក្សា​ក្រោយ​ស្វាមី​ទទួល​មរណភាព​ទៅ​ ផ្ទះ​ថ្មី​មួយ​ខ្នង​នេះ​មាន​ទំហំ​៦ម៉ែត្រ​x​៧ម៉ែត្រ​  ដែល​បាន​ចំណាយ​ថវិកា​ក្នុង​ការ​សាងសង់​អស់​ទឹក​ប្រាក់​ចំនួន​៧,៣២០,០០០រៀល​  ។

នៅក្នុង​ពិធី​ប្រគល់​ផ្ទះ​ថ្មី​នេះ​ក្រុម​ការងារ​សមាគម​អតីត​យុទ្ធ​ជន​ខេត្តកំពង់ធំ​ បាន​ពាំនាំ​យក​នូវ​អំណោយ​របស់​សម្ដេច​តេជោ​ហ៊ុន​ សែន​ ផ្តល់​ជូន​គាត់​បន្ថែម​ទៀត​រួម​មាន​អង្ករ​ចំនួន​៥០​ គឺ​គីឡូក្រាម​ មីយើងចំនួន២​កេស​ មុង​ជ្រលក់​ថ្នាំ​ចំនួន​២​ និង​ថវិកា​ចំនួន​២០០,០០០​ រៀល​ ដោយមានការចូលរួមពី  អាជ្ញាធរ​ដែនដី​ និង​ប្រជាពលរដ្ឋ​នៅ​ព្រឹកថ្ងៃទី​១៥​ ខែសីហា​ ឆ្នាំ​២០១៨ ​ នៅ​ភូមិ​បូពឹង​ឃុំ​កំពង់​គោ​  ស្រុកកំពង់ស្វាយ​ខេត្តកំពង់ធំ​  ។

​លោក​ស្រី​ យ៉េន​ សុខណា ភរិយា​អតីត​យុទ្ធ​ជន​ពលី​ បាន​ថ្លែង​អំណរគុណ​ចំពោះ​សម្តេច​តេជោ​ហ៊ុន​សែន​ និង​សម្តេច​កិត្តិព្រឹទ្ឋបណ្ឌិត​ ប៊ុន​ រ៉ានី​ហ៊ុន​សែន​ ដែល​បាន​យក​ចិត្ត​ទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ​ ពិសេស​សម្រាប់​គ្រួសារ​អតីត​យុទ្ធ​ជន​ដែល​ជួប​ការ​លំបាក​  និង​សូម​គោរព​ជូន​ពរ​សម្តេច​ទាំងពីរ​ សូម​មាន​សុខភាព​ល្អ​ ដើម្បី​បន្ត​ដឹកនាំ​នាវា​សន្តិភាព​ ឆ្ពោះ​ទៅ​កាន់​ការ​អភិវឌ្ឍន៍​បន្ត​ទៀត​ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានពាំនាំប្រសាសន៍​សួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សុំឲ្យបងប្អូនទាំងអស់ ទទួលបាននូវសេចក្តីសុខចម្រើន និងសូឲ្យថែរក្សាសុខភាព ប្រុងប្រយ័ត្នចំពោះក្មេងៗ និងមនុស្សចាស់ រួម​ទាំងសត្វពាហនៈ ក្នុងរដូវទឹកជំនន់នេះ អាចនឹងអន្តរាយបាន បើកាលណាខ្វះការប្រុងប្រយ័ត្ន ។

ដោយ  ប៊ុន  រដ្ឋា