បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ប្រជុំបង្កើនសុវត្តិភាពសន្តិសុខនិងបំរើប្រជាពលរដ្ឋក្រោយ​ពេលបោះឆ្នោត

0

កំពង់ធំៈ ក្នុងនាមជាកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ គឺជាឆ្អឹងខ្នងរបស់រាជរដ្ឋាភិបាល ត្រូវគោរពវិន័យ សណ្តាប់ធ្នាប់ អនុវត្តនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងត្រៀមខ្លួនជាស្រេចដើម្បីបំរើផលប្រយោជន៍របស់ប្រទេស ជាតិ ការពារសុវត្តិភាព សន្តិសុខ ជូនប្រជាពលរដ្ឋ រួមទាំងធ្វើអំពើល្អ បំរើប្រជាជន ដោយមិនប្រកាន់និន្នាការ​នយោបាយ ប្រសាសន៍នេះ ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី​៤ លើកថ្លែងក្នុងកិច្ច​ប្រជុំបង្កើនសុវត្តិភាពសន្តិសុខនិងបំរើប្រជាពលរដ្ឋក្រោយ​ពេលបោះឆ្នោត ។

កិច្ចប្រជុំនេះត្រូវបានចូលរួមពីសំណាក់ មេបញ្ជាការរង នាយ នាយរង សេនាធិការ , នាយ នាយរង ការិយា​ល័យ + ផ្នែក , មេបញ្ជាការ ផ្នែកសឹករងទាំង ០៨ ស្រុក-ក្រុង និងមេបញ្ជាការ វរសេនាតូចទាំង ០២ សរុប ចំនួន ៩៨ នាក់​  នៅ​សាលប្រជុំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ខែ​សីហា​ ឆ្នាំ​២០១៨ ខណៈពេលដែលឯកឧត្តម ជាគណអធិបតី។

គោលបំណងនៃការប្រជុំ បានលើកយកវិធានបទសំខាន់ចំនួន៥ ចំនុច ទី១ គឺការចូលរួម​អបអរសាទរ​ចំពោះ​ប្រជាជន​ទូទាំង​ប្រទេស​ បាន​អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​នៅ​ឆ្នាំ​២០១៨​នេះ​មាន​រហូត​ដល់​ទៅ​ជាង​៨៣%​ ដែល​ជា​លំដាប់​លេខ​២​ នៅ​លើ​ពិភពលោក​ដែល​មាន​ប្រជាជន​អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​ច្រើន​ជាង​គេ​  ទី ២ ក្នុងនាមកងកម្លាំងទាំងអស់ ត្រូវស្មោះត្រង់ ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​សម្តេច​តេជោ​ហ៊ុន​ សែន​ ដែល​ត្រូវ​បន្ត​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​អាណត្តិ​ទី​៦​  ដើម្បី​បន្ត​ដឹកនាំ​នាវាកម្ពុជា​រក្សា​នូវ​សន្តិភាព​ និង​បន្ត​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​យើង​ ។

ទី៣ កងកម្លាំងទាំងអស់ ត្រូវសហការជាមួយ កងកម្លាំងទាំង៣ប្រភេទ និងអាជ្ញាធរមូលដ្ឋាន ​ការ​អនុវត្តន៍​នូវ​គោល​នយោបាយ​ ភូមិ​ ឃុំ​ សង្កាត់​ មាន​សុវត្ថិភាព​ទាំង​៩ចំណុច​ របស់​រាជរដ្ឋាភិបាល​ ទី៤ ត្រូវពង្រឹង​នូវ​តួរនាទីភារកិច្ចរបស់កង​យោធពលខេមរភូមិន្ទ​ ស្រប​តាម​ច្បាប់​ នៃលក្ខន្តិកទូទៅ​របស់​ កងយោធពលខេមរភូមិន្ទ ទី៥ ត្រូវបន្ត​សកម្មភាព​ ស្វែងយល់​ពី​សុខ​ទុក្ខ​ របស់​អតីត​យុទ្ធ​ជន​នៅទូទាំង​ខេត្ត​  និង​សហការ​ជា​មួយ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់​ ដើម្បី​ដោះស្រាយ​ដីសម្បទានសង្គមកិច្ច​ និង​សាងសង់​លំនៅដ្ឋាន​ជូន​គាត់​ដែល​គ្មាន​ដី​ គ្មាន​ផ្ទះ​ពិត​ប្រាកដ​  ។

ឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំបាន​សំណូមពរឲ្យកងកម្លាំងគ្រប់ ​លំដាប់​ថ្នាក់​ និង​មេបញ្ជាការ​គ្រប់​បណ្ដា​អង្គភាព​ និងស្ថាប័ន​ចូល​រួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក បើបរមានសីលធម៌ យោគយល់ អធ្យាស្រ័យ ពាក់មួកសុវត្តិភាព និងដាក់​ខ្សែក្រវ៉ាត់ ដើម្បីកាត់បន្ថយអត្រាគ្រោះ​ថ្នាក់​ចរាចរណ៍កើតឡើង ។ដោយ  ប៊ុន  រដ្ឋា