ខ្នងផ្ទះលើកទី៩៤អំណោយរបស់សម្តេច តេជោ ហ៊ុន សែន ប្រគល់ជូនអតីតយុទ្ធជនពិការស្រុកស្ទោង

0

កំពង់ធំៈ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកអតីតយុទ្ធជន ជា​ក្រុមគ្រួសារមានគុណបំណាច់លើប្រទេសជាតិ ដែលកន្លងមកបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីការ​ពារបុព្វហេតុជាតិមាតុភូមិ ដោយមិនញញើតនឹងស្លាប់ ឬពិការ ក្នុងសមរភូមិឡើយ ដើម្បីដណ្តើមយក​សន្តិភាព និងការអភិវឌ្ឍន៍មកដល់ពេលនេះ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដ៏ឈ្លៀសវៃ  ដែល ប្រសាសន៍នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ថ្លែងក្នុងពិធីប្រគល់ផ្ទះជូនដល់អតីតយុទ្ធជនពិការ ដែលមានជីវភាពខ្វះខាត។

ពិធីប្រគល់ផ្ទះជូនដល់អតីតយុទ្ធជនពិការ ត្រូវបានធ្វើឡើង នៅរសៀលថ្ងៃទី ​១៧​ ខែ​សីហា​ ឆ្នាំ​២០១៨នៅ​ភូមិ​ព្រះនង្គ័ល​ ឃុំ​ចំណាក្រោម​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ ដែលជា​ខ្នង​លើកទី៩៤​ជូន​អតីត​យុទ្ធ​ជន​ពិការ​ លោក​ពលបាលឯក​ដៀក​ ហ៊ាម​ អាយុ​៤៦ មាន​ភរិយា​ឈ្មោះ​សោ​ ផារី​ អាយុ​៣៥​ ឆ្នាំ​ មាន​កូន​តូច​ៗ​ចំនួន​៦​ នាក់​ សុទ្ធ​តែ​ប្រុស​ទាំង​អស់​ ដោយ​ប្រកបមុខរបរ​ធ្វើ​ស្រែ​ រួម​ផ្សំ​នឹង​ប្រាក់​បៀវត្ស​ដែល​រាជរដ្ឋាភិបាល​ផ្តល់​ជូន​គាត់​ប្រចាំ​ខែ​ចំនួន​ ៦២០,០០០រៀល​ ផងដែរ​ ។ 
ផ្ទះថ្មីដែលបានប្រគល់ជូន ​មាន​ទំហំ​ ៦ម៉ែត្រ​x​៨ម៉ែត្រ​ ដែល​ត្រូវ​បាន​ចំណាយ​ថវិកា​ក្នុង​ការ​សាងសង់​អស់​ទឹក​ប្រាក់​ចំនួន​ ៧,៣២០,០០០រៀល​  និងបាន​នាំ​យក​នូវ​អំណោយ​សម្ដេច​តេជោ​ហ៊ុន​ សែន​ ផ្តល់​ជូន​គាត់​បន្ថែម​ទៀត​រួម​មាន​អង្ករ​ចំនួន​៥០​ គីឡូ​ក្រាម​ មី​យើង​ចំនួន​២កេស​ មុងជ្រលក់ថ្នាំចំនួន២​ និង​ថវិកា​ចំនួន​២០០,០០០​ រៀល​ ផងដែរ​ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ បានមានប្រសាសន៍ថា លោក​ពលបាលឯក​ដៀក​ ហ៊ាម​ ​ ឆ្នាំ​ ចូល​បម្រើ​ក្នុង​ជួរ​កង​ទ័ព​នៅ​ថ្ងៃទី​១៩​ ខែ​ មិថុនា​ ឆ្នាំ​១៩៩០​ បាន​ត្រូវ​របួស​ពិកា​ នៅ​ថ្ងៃទី​១៩ខែ​កុម្ភៈ​ឆ្នាំ​១៩៩៧​ នៅ​សមរភូមិ​ផ្លូវ​១២​ (៦២)​ ដោយមានការអាណិត អាសូ នូវជីវភាពខ្វះ​ខាត ​ពីសំណាក់ ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍​គន់​ គីម​ អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ បាន ឲ្យសមាគម​អតីត​យុទ្ធ​ជន​កម្ពុជាខេត្តកំពង់ធំ សាងសង់ផ្ទះ ដែលជាអំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជាជម្រកស្នាក់នៅជូនគ្រួសារពិការនេះ ដើម្បីឲ្យរស់​នៅ មានជម្រកស្នាក់នៅសមរម្យនិងគេ និងបានថ្លែងអំណរគុណ ដល់​បងប្អូន​ដែល​បាន​អញ្ជើញ​ទៅ​បោះឆ្នោត​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ​ ។

ដោយ  ប៊ុន  រដ្ឋា