ច្រកអានសេះបើកកិច្ចប្រជុំក្រៅផ្លូវការរវាងកម្ពុជា.ថៃ!

0

ខេត្តព្រះវិហារ៖ គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ ផាត់ សុផេន មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ រួមជាមួយអាជ្ញាធរខេត្ត ស្រុក និងកងកម្លាំងសរុប១៧នាក់ បានចូលរួមក្នុងកិច្ចប្រជុំក្រៅផ្លូវការ ជាមួយភាគ្គីថៃ ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក វិឈិត យ៉ាធីប ប្រធាននាយកសហគមន៍ មិត្តភាពថៃ. កម្ពុជា និងឯកឧត្តម សាត់ លុតវិធូន អភិបាលខេត្តឧប៊ុនរាជធានី នៃព្រះរាជាណាចក្រថៃ សរុបចំនួន២៥នាក់ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្សារថៃច្រកអានសេះ ក្នុងដំណើរបេសកកម្មទស្សនៈកិច្ច ស្វែងយល់តាមបន្ទាត់ព្រំដែនកម្ពុជា.ថៃ របស់ឯកឧត្តមប្រធានសហគមន៍មិត្តភាពថៃ.កម្ពុជា មកកាន់ច្រកអានសេះ ក្នុងគោលបំណង ដើម្បីក្តាប់របាយការណ៍ និងប្រមូលទិន្និន័យពីច្រក ដើម្បីរាយការណ៍ជូននាយករដ្ឋមន្ត្រី នៃប្រទេសទាំងពី ក្នុងអង្គប្រជុំសហគមន៍មិត្តភាពថៃ.កម្ពុជា នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅឯទីក្រុងភ្នំពេញខាងមុខនេះ ដើម្បីជម្រុញការបើកច្រកអានសេះ ជាច្រកអន្តរជាតិអោយបានឆាប់រហ័ស ។
ក្រោយពីបានស្តាប់នូវរាល់របាយការណ៍វឌ្ឍនភាព ព្រមទាំងកិច្ចសហប្រតិបត្តិការល្អ នៃប្រទេសទាំងពីកន្លងមក ឯកឧត្តមគណៈប្រតិភូនៃភាគ្គីថៃ បានធ្វើការវាយតំលៃពីសមិទ្ធផលដ៍ល្អមួយ ឈានទៅដំណើរការបើកច្រក នាពេលអនាគត ។
ឆ្លើយតបទៅនិងការលើកឡើងរបស់ភាគ្គីថៃនេះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ ផាត់ សុផេន មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ បានលើកឡើងថា ចំពោះបញ្ហាការបើកច្រកអានសេះ ជាច្រកអន្តរជាតិ កម្ពុជាបានរៀបចំឯកសារស្នើរសុំកំណត់ពេលវេលា នៃការបើកច្រកទៅភាគ្គីថៃ រួចរាល់ហើយផងដែរ ។
ជាមួយគ្នានោះផងដែរឯកឧត្តម ក៍បានធ្វើការស្នើរសុំអោយខាងភាគ្គីថៃ បន្តកិច្ចសហប្រតិបត្តិការល្អបន្តទៀត និងធ្វើយ៉ាងណា ជួយជម្រុញការបើកច្រកអន្តរជាតិនេះ អោយបានឆាប់ ជាពិសេសជួយសម្រួលទៅដល់អតិថិជនថៃ ទិញផលិទ្ធផលកសិកម្ម ពីកម្ពុជាអោយបានទូលំទូលាយជាងមុនផងដែរ ៕សួនលីណា