រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនជម្រុញ អោយមានការឹតបន្តឹងទៅលើរថយន្តផ្ទុកលើសទម្ងន់ និងខុសបច្ចេកទេស ដែលបំផ្លាញផ្លូវសាធារណៈ

0

ខេត្តស្ទឹងត្រែង៖ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម សេង ឈួន បានជម្រុញ មន្ត្រីគ្រប់គ្រងស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអចល័តថ្មី ត្រូវរឹតបន្តឹងនិងបង្ក្រាបទៅលើរថយន្តផ្ទុកលើសទម្ងន់ និងខុសបច្ចេកទេស ដែលបំផ្លាញផ្លូវសាធារណៈឲ្យបានដោយគ្មានយោគយល់ជាដាច់ខាត ។

កាជម្រុញបែបនេះធ្វើឡើងខណះដែល ឯកឧត្តមអញ្ជើញចុះត្រួតពិនិត្យយានយន្តលើសទម្ងន់កម្រិតកំណត់ និងផ្លាស់ប្តូរសមាសភាពគ្រប់គ្រង នៅស្ថានីយ៍ថ្លឹងរថយន្តអចល័តរាជានុកូលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីក្រសួងសាធារណការ និងដឹងជញ្ជូន បានរកឃើញកំហុសមួយចំនួន ដែលមន្ត្រីគ្រប់គ្រងជញ្ជីង បានប្រព្រឹត្តផ្ទុយពីគោលការណ៍ណែនាំ របស់ក្រសួងនាពេលកន្លងទៅ។

ហើយជាក់ស្តែងនៅថ្ងៃទី៣១មករានេះ ក្រសួងបានសម្រេចផ្លាស់ប្តូរមន្ត្រីគ្រប់គ្រងជញ្ជីងអចល័ត រាជានុកូល ខេត្តមួយនេះរួមមានតែងតាំងលោក ឌី ចាន់ណារិត មន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត មកជាប្រធានស្ថានីយ៍ថ្លឹងរថយន្តអចល័តរាជានុកូលខេត្ត  លោក សេស ស៊ីថា មន្ត្រីបច្ចេកទេសក្រសួងសាធារណការនិងដឹកជញ្ជូន ជាអនុប្រធានស្ថានីយ៍ថ្លឹងរថយន្តអចល័តរាជានុកូលខេត្តស្ទឹងត្រែង រួមសមាជិក៩រូបទៀតផងដែរ ហើយកាតែងតាំងបន្ទាប់មានសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ចុះថ្ងៃទី២៨មករា២០១៩ កន្លងមកនេះ។

ប្រធានស្ថានីយ៍ថ្លឹងរថយន្តអចល័តរាជានុកូលខេត្តស្ទឹងត្រែង លោក ឌី ចាន់ណារិត បានធ្វើការប្តេជ្ញាចិត្តចំពោះមុខរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនថា លោកនឹងខិតខំប្រឹងប្រែងដឹកនាំមន្ត្រីជញ្ជីងអចល័តមួយនេះ ក្នុងការទប់ស្កាត់ និងបង្ក្រាបទៅលើរថយន្តដឹកលើស ទម្ងន់កម្រិតកំណត់ឲ្យបានជាដាច់ខាត រួមសាមគ្គីផ្ទៃក្នុងជាមួយមិត្តរួមការងារនៅស្ថានីយ៍ជញ្ជីង និងមជ្ឈដ្ឋានទូទៅ សមាជិកទាំងអស់ខិតខំបំពេញការងារឲ្យទូលំទូលាយ និងទទួលបានលទ្ធផលល្អ ទៅតាមគោលការណ៍ក្រសួង ដែលបានដាក់ចុះឲ្យអនុវត្ត។

ឯកឧត្តម  សេង ឈួន មានប្រសាសន៍ ជម្រុញប្រធានថ្មីនៃស្ថានីយ៍ថ្លឹងរថយន្តអចល័តរាជានុកូលខេត្តមួយនេះ ត្រូវរួមគ្នាទប់ស្កាត់និងបង្ក្រាបទៅលើរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ល្មើសច្បាប់ ហើយប្រធាន និងអនុប្រធានស្ថានីយ៍ ត្រូវទទួលខុសត្រូវខ្ពស់និងធ្វើការបង្ក្រាបទៅលើបទល្មើសដឹកជញ្ជូនដឹកលើសទម្ងន់កម្រិតកំណត់ និងរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដោយគ្មានការយោគយល់ជាដាច់ខាត ។

ឯកឧត្តម បានលើកឡើងដោយសង្កត់ធ្ងន់ទៅលើរថយន្តដឹកលើសទម្ងន់ ហើយបើកឆ្លងកាត់ស្ថានីយ៍ជញ្ជីងមិនព្រមចូលថ្លឹង និងស្ថានីយ៍ក៏មិនត្រូវបិទភ្លើងនៅពេលយប់នោះដែរ កត្តាសំខាន់ដែលទប់ស្កាត់បាន គឺស្ថិតនៅលើឆន្ទះរបស់អ្នករាល់គ្នា ពិសេសប្រធានស្ថានីយ៍ជញ្ជីង នៅត្រង់ថា ធ្វើបានមិនបាន ហ៊ានឬមិនហ៊ានតែប៉ុណ្ណោះ។ រីឯការអនុវត្តនេះ បើមិនប្តេជ្ញាដាច់ខាតនោះទេ គឺធ្វើមិនបានឡើយ ហើយបើធ្វើក្នុងមនោសញ្ចេតនា នោះការអនុវត្តរបស់យើង ប្រាកដជាបរាជ័យជាមិនខាន  ត្រូវសហការណ៍គ្នាឲ្យបានល្អ កុំមួយបើកឲ្យទៅ និងមួយជាអ្នកចាប់ ដូច្នេះ ត្រូវរួមសហការគ្នាអនុវត្តភារកិច្ចនេះ ទៅតាមគោលការណែនាំរបស់ក្រសួង និងតាមបទបញ្ជារបស់ សម្តេចនាយករដ្ឋមន្ត្រី ឲ្យមានប្រសិទ្ធភាព ៕