ថវិកាមិត្តជួយមិត្តជាង៦លានរៀល ត្រូវបានប្រគល់ជូនដល់ដៃក្រុមគ្រួសារសព លោក អនុសេនីយ៍ទោ ឆុន ឈឿន អង្គភាពវរសេនាតូចលេខ៣៨៥ ស្លាប់ដោយសាររោគាពាធ!

ព្រះវិហារ៖ ថវិកាមិត្តជួយមិត្ត របស់ទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ចំនួន៤លានរៀល និងថវិកាមិត្តជួយមិត្ត នៃបណ្តាវរសនាតូចទាំងប្រាំ ចំណុះ ព្រមទាំងថវិកាសម្ព័ន្ធមេត្រីភាព សរុបចំនួន ៦,៤៧៨,០០០រៀល និងអង្ករចំនួន ២២ការ៉ុង ត្រូវបានប្រគល់ជូនដល់ដៃក្រុមគ្រួសារសព លោកអនុសេនីយ៍ទោ ឆុន ឈឿន តាមរយៈលោកវរសេនីយ៍ឯក តាន រុាំ ប្រធានក្រុមការងារគោលនយោបាយ និងលោកវរសេនីយ៍ឯក សាំង ហ៊ឹម មេបញ្ជាការវរសេនាតូច៣៨៥ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ក្នុងដំណើរអញ្ជើញជាអធិបតីបំពាក់ឋានន្តរស័ក្កិបច្ឆាមរណៈជូនសពលោកអនុសេនីយ៍ទោ ឆុន ឈឿន មេបញ្ជាការរងកងអនុសេនាធំគាំទ្រ វរសេនាតូច៣៨៥ ចំណុះកងពលតូចអន្តរាគមន៍លេខ៨ កាលពីថ្ងៃទី២៩ ខែកុម្ភះ ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ថ្លែងនៅក្នុងឱកាសនោះ លោកវរសេនីយ៍ឯក តាន រុាំ ប្រធានក្រុមការងារគោលនយោបាយ អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ បានមានប្រសាសន៍ថា មរណភាពរបស់លោកអនុសេនីយ៍ទោ ឆុន ឈឿន គឺជាការបាត់បង់ នូវកុលបុត្រកម្ពុជាដ៏ឆ្នើមមួយរូប ដែលបានលះបង់កំលាំងកាយចិត្ត ធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ រួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងការពារជាតិ ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិកន្លងមក។ ទោះបីជាលោកបានលាចាកលោកយើងនេះហើយក្តី ក៏វីរៈភាពនិងគំរូល្អ ដែលយើងមិនអាចកាត់ថ្លៃបាន ស្ថិតនៅចងចាំជានិច្ចចំពោះយើងគ្រប់រូប។

សូមជម្រាបថា៖ លោកអនុសេនីយ៍ទោ ឆុន ឈឿន មេបញ្ជាការរងកងអនុសេនាធំគាំទ្រ វរសេនាតូច៣៨៥ ចំណុះកងពលតូចអន្តរាគមន៍លេខ៨ កងពលធំអន្តរាគមន៍លេខ៣ បានទទួលមរណភាព ក្នុងជន្មាយុ៥២ឆ្នាំ ដោយរោគាពាធ(ជំងឺលើសឈាម) កាលពីយប់ថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០២០ចុងសប្តាហ៍កន្លងទៅ ស្ថិតនៅក្នុងភូមិ ធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕ សួនលីណា