អគ្គស្នងការដ្ឋាននគរបាលជាតិ ដោះលែងមនុស្ស ១១នាក់

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា គិតរហូតដល់ព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបអ្នកចែកចាយ និងលក់ឧបករណ៍ធ្វើតេស្តកូវីដ-១៩ ក្លែងក្លាយចំនួន១៣លើក ដោយឃាត់ខ្លួនមនុស្សចំនួន១៤នាក់ ក្នុងនោះមាន១១នាក់ ត្រូវបានអប់រំ ហើយដោះលែងវិញ និង៣នាក់ ត្រូវបានបញ្ជូនទៅតុលាការ។

ក្នុងចំណោមការបង្ក្រាបបទល្មើសលក់​ និងចែកចាយឧបករណ៍ និងសម្ភារៈប្រឆាំងកូវីដ-១៩ ទាំង១៣លើក រយៈពេល៣ថ្ងៃនេះ មាននៅភ្នំពេញ ១០ករណី, ខេត្តសៀមរាប១ករណី និងនៅខេត្តព្រះសីហនុចំនួន២ករណី ដោយក្នុងនោះមានជនជាតិចិន ចំនួន៥នាក់ និងជនជាតិខ្មែរ ចំនួន៩នាក់ ត្រូវបានឃាត់ខ្លួន។

ត្រង់ចំណុចនេះ សូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋឲ្យ បានជ្រាបថា អាជ្ញាធរហាមឃាត់តែឧបករណ៍តេស្តយកជំងឺកូវីដ-១៩ ចំណែកម៉ាស៉ីនបាញ់វាស់កំដៅខ្លួន ម៉ាស់ ទឹកអាល់កុល ក្រដាសសើមមានជាតិអាល់កុលជូតសម្លាប់មេរោគ មិនត្រូវបានហាមឃាត់នោះទេ ផលិតផលទាំងនេះ ជាការចូលរួមជួយទប់ស្កាត់ការរីករាលដាលជំងឺកូវីត-១៩។

សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បានថ្លែងចេញបទបញ្ជាឲ្យកម្លាំងនគរបាល នៃស្នងការរាធានី-ខេត្តទូទាំងប្រទេស សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ឃាត់ខ្លួន និងឱសថស្ថានណា ដែលលក់ឧបករណ៍ធ្វើធ្វើតេស្តិ៍រកជំងឺ Covid-19។

ការចេញបទបញ្ជាដ៏ក្តៅគគុកនេះ ធ្វើឡើងបន្ទាប់ពីទទួលបានបទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺ Covid-19 នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០៕