អភិបាលខេត្តព្រះវិហារ៖ ជម្រុញទៅដល់សិក្ខាកាមត្រូវយកចំណេះដឹងពីវគ្គហ្វឹកហ្វឺន ទៅបន្តអនុវត្តក្នុងការអន្តរាគមន៍ បង្ក្រាបបទល្មើសដែលកើតមាននូវក្នុងខេត្ត

0

ព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានថ្លែងនូវការផ្តាំផ្ញើ និងជម្រុញទៅដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹងដែលទទួលបានពីវគ្គហ្វឹកហ្វឺននាពេលនេះ ទៅបន្តអនុវត្តក្នុងការ អន្តរាគមន៍ បង្ក្រាបបទល្មើសដែលកើតមាននូវក្នុងខេត្ត ដើម្បីរក្សាបាន នូវសណ្តាប់ធ្នាប់សង្គម និងពង្រឹងនីតិរដ្ឋ។ ត្រូវចេះរួមសាមគ្គីគ្នា ដោយរួមគិត រួមធ្វើ រួមទទួលខុសត្រូវ និងកសាងបាននូវស្ថាប័នមួយដ៏រឹងមាំដើម្បីបន្តបេសកកម្ម របស់ខ្លួនអោយ កាន់តែទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋបន្ថែមទៀត ។

ឯកឧត្តម គីម រិទ្ធី ជម្រុញបែបនេះ នៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នការងារអប់រំចិត្តសាស្ត្រ និងជំនាញស្រាវជ្រាវបង្គ្រាបបទល្មើស ប្រចាំឆមាសទី២ ឆ្នាំ២០២៣ របស់កងរាជអាវុធហត្ថខេត្តព្រះវិហារ កាលពីថ្ងៃទី៥ ធ្នូ ឆ្នាំ២០២៣ម្សិលមិញ។ ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការ លោកមេបញ្ជាការរង ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នតុលាការ និងសិក្ខាកាមជាច្រើនរូប នៅសាលប្រជុំបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្ត ។

ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ដែលបានចូលរួម នាឱកាសនេះ នឹងបានកោតសរសើរដល់សិក្ខាកាមទាំងអស់ ដែលបានចូលរៀនវគ្គហ្វឹកហ្វឺន ក្នុងការបំប៉នការងារចិត្តសាស្ត្រ នៃជំនាញស្រាវជ្រាវបង្ក្រាបបទល្មើសប្រចាំឆមាសទី២ ឆ្នាំ២០២៣ របស់កងរាជអាវុធហត្ថខេត្ត នាពេលនេះ ។

យោងតាមរបាយការណ៍រ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអោយដឹងថា វគ្គហ្វឹកហ្វឺននាពេលនេះមានរយៈពេល២៥ថ្ងៃ គិតចាប់ពីថ្ងៃទី៦ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៣៦នាក់ ក្នុងនោះស្រី ៥នាក់ ។

វគ្គហ្វឹកហ្វឺននេះមានគោលបំណង ដើម្បីលើកកម្ពស់សមត្ថភាពយល់ដឹង បន្ថែមអំពីតួនាទី ភារកិច្ចលើការបំពេញបេសកកម្ម ទាំងចំណេះដឹង និងចំណេះធ្វើ លើមុខវិជ្ជាច្បាប់និងជំនាញកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើអោយនាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តព្រះវិហារ មានស្មារតីទទួលខុសត្រូវ គោរពច្បាប់ មានវិន័យ ក្រមសីលធម៌ គុណធម៌ មានមនសិការ ការងារ និងអត្តចរិតស្លូតត្រង់ ៕