ត្រាក់ទ័រកែច្នៃពីគោយន្តដោយស្នារដៃកូន ខ្មែរក្នុងខេត្តស្ទឹងត្រែង !!

0

ខេត្តស្ទឹងត្រែង៖ប្រជាពលរដ្ឋមួយរូប ក្នុងស្រុកថាឡាបរិវ៉ាត់ មានគំនិតកែច្នៃគោយន្តកន្ត្រៃទៅជាត្រាក់ទ័រកសិកម្ម ។

ក្នុងវ័យ៤៥ឆ្នាំ លោក គ្រី លាងពៅ មានស្រុកកំណើតនៅភូមិព្រែកដំបូក ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សព្វថ្ងៃ បានមករស់នៅក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានរៀបរាប់ដំណើរនៃការផលិត និងការប្រែ
ក្លាយពីគោយន្តកន្រ្តៃ ឲ្យទៅជាត្រាក់ទ័រសម្រាប់បម្រើការក្នុងវិស័យកសិកម្ម ទាំងចិត្តស្រស់ស្រាយថា:ដើមហេតុដែលបណ្តាលឲ្យលោកគិតឃើញចង់ផលិតត្រាក់ទ័រនេះ គឺដោយសារលោកយល់ឃើញថា ការធ្វើស្រែចំការដោយប្រើកម្លាំងមនុស្ស គឺត្រូវចំណាយពេល និងចំណាយកម្លាំងច្រើន ។ ដើម្បីជាការងាយស្រួលលោកក៏បានយកគោយន្តកន្ត្រៃទៅកែច្នៃជាកូនត្រាក់ទ័រដ៏ស្រស់ស្អាត ដែលអាចយកទៅបម្រើក្នុងវិស័យកសិកម្ម បានយ៉ាងងាយ ។

ក្នុងសកម្មភាពកំពុងផលិតត្រាក់ទ័រនោះ លោក លាងពៅ បានរៀបរាប់បណ្តើរៗទៀតថា:គាត់ចាប់ផ្តើមកែច្នៃត្រាក់ទ័រមួយគ្រឿងនេះ ក្នុងអំឡុងពេលនាពាក់កណ្តាលខែមីនា ឆ្នាំ២០២០រហូតមកដល់ពេលនេះគឺត្រាក់ទ័រដ៏តូចច្រឡឹងរបស់គាត់ ផលិតបានជាង៨០%ហើយ ដោយលោកបញ្ជាក់ថាត្រូវចំណាយពេល តែ០១ខែប៉ុណ្ណោះក្នុងការផលិត ឯថវិកាចំណាយក្នុងការទិញសម្ភារ:ផលិតនោះ លោកមិនទាន់បានបញ្ជាក់ថា បានចំណាយអស់ប៉ុន្មាននៅឡើយនោះទេ ។

លោកថា:ត្រាក់ទ័រនេះ មានមុខងារពិសេស៥យ៉ាង គឺ:មុខងារទី១អាចភ្ជួរដីបានដោយផ្លែភ្ជួរភ្ជាប់នៅក្រោយផ្នែកខាងក្រោមនៃត្រាក់ទ័រ. មុខងារទី២គឺអាចរុញដីបានដោយមានផ្លែប៉ែលរុញនៅខាងមុខត្រាក់ទ័រ. ទី៣អាចសណ្តោងរ៉ឺម៉កបាន. ទី៤មានក្បាលបាញ់ថ្នាំសម្រាប់បាញ់ស្មៅ និងទី៥ អាចបាញ់ថ្នាំជំនួយរុក្ខជាតិ ។

លោក គ្រី លាងពៅ បានបញ្ជាក់ថា:ដំបូង លោកកែច្នៃបាន០១គ្រឿងសម្រាប់ប្រើប្រាស់ក្នុងចំការរបស់លោក ដោយមើលឃើញថានៅមិនទាន់គ្រប់គ្រាន់តាមស្តង់ដារតម្រូវការចិត្តលោក ទើបលោកបង្កើតគំនិតច្នៃប្រឌិតបន្ថែមទៀតកើតបានចេញជារូបរាងបែបនេះ ។ លោកបានបង្ហាញពីមហិច្ឆិតារបស់ខ្លួនថា នៅពេលលោកផលិតត្រាក់ទ័រមួយប្រភេទនេះបានជោគ
ជ័យហើយ នោះលោកនឹងឈានទៅធ្វើការផលិតប្រភេទយន្តហោះបញ្ជាដោយតេឡេ(Drone) សម្រាប់ស្រោចដំណាំ និងបាញ់ថ្នាំសម្លាប់សត្វល្អិតជាដើមបន្ថែមទៀត ។ ហើយបើការផលិតរបស់លោកបានជោគជ័យជាស្ថាពរហើយនោះ លោកនឹងគ្រោងដាក់លក់ផលិតផលទាំងនេះ នៅលើទី
ផ្សារក្នុងខេត្តស្ទឹងត្រែងផងដែរ ជាជំហ៊ានដំបូង ។

សូមជម្រាបថា:សម្រាប់អ្នកប្រកបរបរធ្វើចំការ អាចយកត្រាក់ទ័រ ប្រភេទនេះយកទៅបម្រើការក្នុងវិស័យកសិកម្ម បានដោយស្រួល ដោយចំណាយថវិកាក្នុងការទិញយកមកប្រើ ក្នុងតម្លៃចាប់ពី៥០០០$ទៅ៧០០០$តែប៉ុណ្ណោះ ហើយគ្រឿង
បន្លាស់ ក៏ងាយស្រួលរកនៅក្នុងទីផ្សារផងដែរ ៕ ដោយ:ម៉ាវិន