ជំនួបទំនាក់ទំនងល្អបន្តឡើងវិញរវាងកងទ័ពកម្ពុជា-ថៃ ឈរជើងជួរមុខតាមបន្ទាត់ព្រំដែន បន្ទាប់ពីបានផ្ដាច់ការទាក់ទងកម្លាំងគ្នាមួយរយៈ ក្រោយការផ្ទុះរីករាលដាលជាសកលមេរោគដ៏កាចសាហាវកូវីដ១៩!

ព្រះវិហារ៖ ឯកឧត្តមឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន នាយសេនាធិការកងពលតូចអន្តរាគមន៍លេខ៨ បានដឹកនាំកងកម្លាំងក្រោមឱវាទ ប្រមាណ២៧នាក់ ជួបទំនាក់ទំនងល្អបន្តឡើងវិញ ជាមួយកងកម្លាំងប្រដាប់អាវុធថៃ ប្រមាណ២៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក មួន ប្រដាប់ ប្រធានទិសប្រាសាទព្រះវិហារ និងលោកវរសេនីយ៍ឯក ប៊ុន តឺប ប្រធានទំនាក់ទំនងព្រំដែន បន្ទាប់ពីបានផ្តាច់ការជួបទំនាក់ទំនងគ្នាមួយរយៈក្រោយការផ្ទុះរីករាលដាលជាសកល នៃជំងឺកូវីដ១៩ ។កិច្ចជំនួបទំនាក់ទំនងបន្តរវាងកងទ័ពកម្ពុជា-ថៃ ធ្វើឡើងកាលពីព្រឹកថ្ងៃសៅរ៍ ទី០៩ ខែឧសភា ឆ្នាំ២០២០ នៅបណ្តោយព្រំដែនក្នុងភូមិសាស្រ្តគោល៨ ខាងលិច ភ្នំប្រាសាទព្រះវិហារ។ ក្នុងគោលបំណង បង្កើនកិច្ចសហប្រតិបត្តិការ និងការទំនាក់ទំនងល្អបន្ថែមទៀត រវាងកងកម្លាំងឈរជើងជួរមុខ នៃប្រទេសទាំងពីរ ដើម្បីរក្សាបានសុខសន្តិភាព និងការអភិវឌ្ឍន៍ ព្រមទាំងការរស់នៅប្រកបដោយភាពសុខសាន្ត របស់ប្រជាជន នៃប្រទេសទាំងពីរ ឈរលើការណ៍ដោះស្រាយគ្នាដោយសន្តិវិធី ដើម្បីបញ្ជៀសបានការប្រឈមមុខដាក់គ្នាដោយកម្លាំងប្រដាប់អាវុធ ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន នាយសេនាធិការកងពលតូចអន្តរាគមន៍លេខ៨ បានថ្លែងបញ្ជាក់ឲ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងការជឿទុកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ អគ្គបញ្ជាការបញ្ជាការដ្ឋានកងទ័ពជើងគោក នៅគ្រប់បណ្តាអង្គភាពទាំងអស់ ដែលកំពុងបំពេញភារកិច្ច ក្នុងកិច្ចការពារ នៅតាមគោលដៅខ្សែរត្រៀមជួរមុខព្រំដែនកម្ពុជា-ថៃ នៅតែប្តេជ្ញាចិត្តខ្ពស់ខិតខំប្រឹងប្រែងបន្ត ក្នុងការការពារ គ្រប់គ្រងបានយ៉ាងរឹងមាំ ដោយឈរលើស្មារតីប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់។ ពិសេសបង្កើនការចេញដើរល្បាតបានជាប់ជាប្រចាំ ទោះបីជាសភាពការណ៍ព្រំដែន មានសភាពស្ងប់ស្ងាត់ជាធម្មតាក្តី យើងក៏នៅតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច៕