ឃាត់ខ្លួនស្ត្រីមេខ្យល់ម្នាក់នាំមនុស្សឆ្លងដែនខុសច្បាប់ទៅតុលាកា ចាត់ការតាមនិតិវិធីច្បាប់

0

បន្ទាយមានជ័យ៖ ស្ត្រីម្នាក់ជាមេខ្សល់នាំមនុស្សឆ្លងដែនដោយខុសច្បាប់យ៉ាងសកម្មត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២១ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។
លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថាមេខ្យល់នោះមានឈ្មោះ ខន សុឃឿត ភេទស្រី អាយុ៣៦ឆ្នាំ នៅភូមិសិលាខ្មែរ ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យស្ត្រីនេះ ត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រមដែនគោកលេខ៩១១ ចុះល្បាតតាមបន្ទាត់ព្រំដែនឃាត់ខ្លួនបាននៅវេលាម៉ោង៤នាទីល្ងាចថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២១  ចំណុចភូមិសាស្ត្រភូមិសិលាខ្មែរ ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ ពេលដែលស្ត្រីនោះកំពុងនាំមនុស្សឆ្លងដែនចេញពីប្រទេសថៃចូលមកកម្ពុជា តាមច្រករបៀងខុសច្បាប់គេចពីការធ្វើចត្តាឡីស័ក ហើយបានបញ្ជូនមកអធិការដ្ឋាន ដើម្បីសាកសួរ ។
លោកវរសេនីយ៍ឯក សែស វិបុលបានបញ្ជាក់ឲ្យដឹងបន្តទៀតថាដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនបានលួចនាំមនុស្សចេញ ចូល ឆ្លងដែនចំនួន៥លើករួចមកហើយ  ចាប់ពីខែមករា ឆ្នាំ២០២១មក ខ្លួនបានជូនគេទៅធ្វើការដកដំឡូងនិងកាប់អំពៅ ក្នុងរយៈពេល១អាទិត្យទើបវិលមកខ្មែរវិញ ដោយយកគេក្នុង២នាក់តម្លៃ៣០០បាត ។លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនការងារយ៉េនឌ័រនិងប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានបញ្ជាក់ថាដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យត្រូវបានកម្លាំងជំនាញការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕ដោយ៖ឃិន គន្ធា