ឯកឧត្តមព្រីម រដ្ឋា និងក្រុមហ៊ុន NSZ WORLD អញ្ជើញសំណេះសំណាលប្រជាពលរដ្ឋភូមិតាប៉ោងដោះទុក្ខកង្វល់បញ្ហាច្រាំងបាក់ស្ទឹងដាច់ផ្លូវ និងបំពាក់ភ្លើងសូឡា១២៧បង្គោលជូនប្រជាពលរដ្ឋភូមិតាប៉ោង

0

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិតាប៉ោង មានសេចក្តីត្រេតអរឃាពន់ពេក ដោយសារបានទទួលចំណងដៃថ្មីពីក្រុមហ៊ុន NSZ WORLD បំពាក់ភ្លើងសូឡា១២៧បង្គោលជូនប្រជាពលរដ្ឋភូមិតាប៉ោង ដើម្បីបំភ្លឺផ្លូវ រួមទាំងបានជួយសម្រួល បញ្ហាទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ពីបញ្ហាច្រាំងស្ទឹងបាក់ដាច់ផ្លូវ ធ្វើឲ្យមានការព្រួយ​បារម្ភណ៍ ក្នុងពេលមានទឹកទំនន់។

ពិធីសំណេះសំណាលនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តមព្រីម រដ្ឋា អភិបាលរងខេត្តកំពង់ធំ ឯកឧត្តម ជា វ៉ាន់ចាន់ សមាជិកក្រុមប្រឹក្សាខេត្តនឹង ជាប្រធាន សហភាពសហព័ន្ឋយុវជន កម្ពុជាខេត្តកំពង់ធំ ព្រមទាំងលោកជំទាវ យស ថានារី ក្រុមប្រឹក្សាខេត្ត លោកអភិបាលរងស្រុកប្រាសាទសម្បូរ លោកមេឃុំកំពង់ស្វាយ និងក្រុមហ៊ុន NSZ WORLD  ពិធីនេះបានធ្វើឡើងនៅវត្តកោះរការ ហៅវត្តតាប៉ោង ស្ថិតនៅក្នុងភូមិតាប៉ោង  ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២១។

មេឃុំកំពង់ស្វាយ បានឲ្យដឹងថា ប្រជាពលរដ្ឋមានការព្រួយបារម្ភណ៍ ជាខ្លាំងនារដូវទឹកជំនន់ ទឹកបុកឡើងខ្លាំង ធ្វើឲ្យបាក់ដីតាមច្រាំងមាត់ស្ទឹង ចូលទឹកស្ទឹងផ្លូវត្រូវបានខូចខាតស្ទើរតែពុំអាចធ្វើដំណើរដីឆ្លងកាត់បាន ជាពិសេសដីលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋបានបាក់ចូលស្ទឹង ទឹកលិចភូមិនារដូវវស្សាមិនអាចធ្វើ ដំណើរបានមិនអាចចេញទៅប្រកបអាជីវកម្មបាន សិស្សានុសិស្សមិនអាចទៅសាលារៀនបាន ក្នុងនោះអាជ្ញាធរ និងប្រជាពលរដ្ឋ សំណូមពរមន្ទីរធនធានទឹក មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ ដើម្បីជួយសំរួលនិងពិនិត្យមើលការកសាងរបាំងទប់ទឹក ជូនដល់បងប្អូនប្រជាពលរដ្ឋ ។

អាជ្ញាធរភូមិឃុំ នឹងប្រជាពលរដ្ឋរស់នៅភូមិតាប៉ោង ថ្លែងអំណរគុណដល់មន្ទីរធនធានទឹក ដែលបានជួយដាក់ម៉ាស៊ីនបូមទឹក ចំនួនពីរគ្រឿងជួយដល់ប្រជាពលរដ្ឋ ក្នុងការស្រោចស្រពដំណាំកសិកម្ម និងអគុណចំពោះលោកអគ្គនាយកក្រុមហ៊ុន NSZ world នឹងលោកស្រី បានឧបត្ថម្ភជាអំពូលភ្លើងនិងបង្គោលសូឡាបំភ្លឺតាមផ្លូវក្នុងភូមិដល់បងប្អូនប្រជាពលរដ្ឋ ចំនួន 105 អំពូល 90 បង្គោល និងផ្លាកគណបក្សប្រជាជនកម្ពុជាបណ្តោយពីរម៉ែត្រសំរាប់ដាក់ក្នុងភូមិតាប៉ោង។

សម្រាប់សូឡាចំនួន ១២៧បង្គោល និងសូឡាហ្វា ៨ ត្រូវបានដាក់តាមគោលដៅ ភូមិតាប៉ោងត្រើយខាងលិច ចំនួន ៨៩បង្គោលនិង សូឡាហ្វា ៧ តាប៉ោងត្រើយខាងកើត ចំនួន ១០បង្គោលសាលាគរុកោសល្យខេត្ត ចំនួន១០បង្គោល និងហ្វា១ ស.ស.យ.ក ស្រុកប្រាសាទសម្បូរ ១០បង្គោល  – ស.ស.យ.កខេត្ត ៥អំពូល  ការបំពាក់ភ្លើងសូឡា គឺក្នុងគោលបំណង ចង់ឲ្យជីវភាពបងប្អូនប្រជាពលរដ្ឋរស់នៅបានល្អប្រសើរ សន្តិសុខសុវត្តិភាព ភូមិឃុំផងដែរ។

ដោយ ប៊ុន រដ្ឋា