សមត្ថកិច្ចខេត្តព្រះវិហារ បានចុះឃាត់ត្រាក់ទ័រមួយគ្រឿងរបស់ មន្ត្រីនគរបាលការពារព្រំដែនម្នាក់ កំពុងធ្វើសកម្មភាពឈូសឆាយដីព្រៃរដ្ឋ ដោយខុសច្បាប់ !

ខេត្តព្រះវិហារ៖ មន្ត្រីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព សហការជាមួយ កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងកងទ័ព ដែលដឹកនាំដោយ លោក សុងចាន់ សុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានចុះទៅកាន់ទិសមុំបី ដើម្បីស្រាវជ្រាវរកដីព្រៃរដ្ឋ ដែលរងការកាប់រុករាន ទន្ទ្រានឈូសឆាយ យកមកធ្វើជាកម្មសិទ្ធិ ដោយខុសច្បាប់ ពីសំណាក់ជនខិលខូច កាលពីថ្ងៃទី២៩មិថុនាឆ្នាំ២០២១ នៅចំណុចត្រពាំងស្រមោច ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ភ្នាក់ងារព័ត៌មានបានរាយការណ៍បានឲ្យដឹងថា នៅក្នុងដំណើរចុះស្រាវជ្រាវ រកករណីបទល្មើសកាប់រុករាន ទន្ទ្រានឈូសឆាយដីរដ្ឋជាកម្មសិទ្ធិ កាលពីថ្ងៃ២៩មិថុនាម្សិលមិញនោះ ក្រុមមន្ត្រីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព បានប្រទះឃើញ ត្រាក់ទ័រមួយគ្រឿង និងមនុស្ស ៣នាក់ ដែលកំពុងធ្វើសកម្មភាពឈូសឆាយដីព្រៃរដ្ឋ ដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងនៅខណៈនោះ លោក សុងចាន់ សុជាតិ បានបញ្ជាកម្លាំងសមត្ថកិច្ច ឃាត់ត្រាក់ទ័រមួយគ្រឿងនោះ ប៉ុន្តែ មិនបានឃាត់ខ្លួនមនុស្ស ៣នាក់ ដែលស្ថិតនៅក្នុងទីតាំងប្រព្រឹត្តបទល្មើសជាក់ស្តែង «ឈូសឆាយដីព្រៃរដ្ឋ»នោះទេ។
ភ្នាក់ងារព័ត៌មានបានរាយការណ៍ទៀតថា មន្ត្រីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព បាននិយាយថា បុគ្គលដែលបញ្ជាគ្រឿងចក្រឈូសឆាយដីព្រៃរដ្ឋនោះ ត្រូវគេបានស្គាល់ឈ្មោះ កឿន ជាមន្ត្រីនគរបាល ដែលបម្រើការងារនៅក្នុងអង្គភាព នគរបាលវរសេនាតូចលេខ១១៦ និងមនុស្ស ២នាក់ទៀត ដែលជាគូនកន នៅក្នុងសកម្មភាពឈូសឆាយដីព្រៃរដ្ឋនោះ។ ចំណែក វត្ថុតាងបទល្មើសដែលដកហូតបាននៅក្នុងពេលនោះ មានត្រាក់ទ័រ១គ្រឿង និងម៉ាស៊ីនត្រង់ស៊ីន័រ ១គ្រឿង ផងដែរ។ ក្រោយពេលឃាត់ទុករួច ត្រាក់ទ័រ១គ្រឿង និងម៉ាស៊ីនត្រង់ស៊ីន័រ ១គ្រឿងនោះ ត្រូវបានបញ្ជូនយកមករក្សាទុក នៅស្នាក់ការបរិស្ថានក្បាលដំរី ដែលស្ថិតនៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
គេនៅរង់ចាំមើលថា តើមន្ត្រីនគរបាលម្នាក់ និងបក្ខពួកពីរនាក់ទៀត ដែលខ្លួន គឺជាមន្ត្រីនគរបាលយុត្តិធម៌ ជាអ្ននអនុវត្តច្បាប់ តែបែរជាមកប្រព្រឹត្តអំពើល្មើសច្បាប់ អាចគេចផុតពីសំណាញ់ច្បាប់ដែរឬទេ?។ នៅវេលាចុងក្រោយនេះ គេតែងសង្កេតឃើញថា សកម្មភាពកាប់រុករាន ទន្ទ្រានឈូសឆាយ វាទយកដីព្រៃរដ្ឋជាកម្មសិទ្ធិ តែងកើតឡើងយ៉ាងរង្គាល ស្ទើរគ្រប់ទីកន្លែង និងជាបន្តបន្ទាប់ នៅក្នុងខេត្តព្រះវិហារ។ រីឯការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ទាំងនោះ ត្រូវគេសង្ស័យថា អាចមានមេខ្យល់ ឬមន្ត្រីគ្រាក់ៗ មានលុយនិងអំណាច ធ្វើជាខ្នងបង្អែក ទើបសកម្មភាពរំលោភយកដីរដ្ឋទាំងនោះ ប្រព្រឹត្តទៅបានយ៉ាងរលូនបែបនេះ?៕