ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តបុកស្លាប់ម្នាក់ រងរបួសធ្ងន់ពីរនាក់ នៅស្រុកឈូក

(ខេត្តកំពត)៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងពីរនាក់ទៀតរងរបួសធ្ងន់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ ខណៈជនរងគ្រោះទាំងបីនាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាឆ្លងកាត់ផ្លូវមិនប្រយ័ត្ន ក៏ត្រូវរថយន្តបុកពេញទំហឹង បណ្តាលឲ្យមានស្លាប់ និងរបួសតែម្តង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ រវាងរថយន្តនិងម៉ូតូបើកឆ្លងផ្លូវ លើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១១២-១១៣ ស្ថិតនៅភូមិព្រេច ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរម៉ូតូបង្កឈ្មោះ ជន ជេម ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិចំការមន ឃុំតាកែន ស្រុកឈូក ខេត្តកំពត បានស្លាប់កន្លែងកើតហេតុ បើកបរម៉ូតូC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1D-1657 ខូចខាតធ្ងន់ធ្ងរ និងអ្នករួមដំណើរពីរនាក់ ១/-ឈ្មោះចាន់ ជាង ភេទប្រុស អាយុ៥២ឆ្នាំ ទីលំនៅជាមួយគ្នា រងរបួសធ្ងន់, ២/-ឈ្មោះ ជាង ចិត្រា ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅជាមួយគ្នា រងរបួសធ្ងន់។ អ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាពភាពទាំងបីនាក់។

ដោយឡែកអ្នកបើកបររថយន្តបានរត់គេចខ្លួចបាត់ស្រមោល បន្សល់ទុករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2BD-7082 នៅនឹងកន្លែងកើតហេតុ ដែលរងខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរ។

បច្ចុប្បន្នសាកសពត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ដោយឡែកវត្ថុតាងសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឈូកសម្រាប់ដោះស្រាយនៅពេលក្រោយ៕ សេង ណារិទ្ធ