របួសធ្ងន់ស្រាលបីនាក់ ខណៈម៉ូតូពីរគ្រឿង ព្រលះគ្នានៅលើទ្រូងផ្លូវជាតិលេខ៣

(ខេត្តកំពត)៖ មនុស្សបីនាក់បានរងរបួសធ្ងន់ ស្រាល ដោយសារជិះម៉ូតូបុកគ្នាពេញទំហឹង លើកំណាត់ផ្លូវជាតិលេខ៣ កំពត-ភ្នំពេញ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវចូលដំណាក់ហ្លួងចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣២-១៣៣ ស្ថិតក្នុងភូមិដំណាក់ហ្លួង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត រវាងម៉ូតូនិងម៉ូតូ ដែលមានទិសដៅបញ្ច្រាសគ្នា។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូម៉ាកC125ផលិតឆ្នាំ(២០១៥)ពណ៌ខ្មៅពាក់ស្លាកលេខ កំពត 1B-6508 បើកបរពីលិចទៅកើតដោយឈ្មោះ នាក់ ឃាងហេង ភេទប្រុសអាយុ៣១ឆ្នាំ រស់នៅភូមិមាត់ពាម ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត លុះមកដល់ចំណុចកើតហេតុបានបុកជាមួុយម៉ូតូមួយគ្រឿងទៀតម៉ាកC125 ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1B-7930 ជិះគ្នាពីរនាក់ បើកបរដោយឈ្មោះ ខន សុខេន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិសួងកើត សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ និងអ្នករួមដំណើរ ឈ្មោះ ផុន ទេពភិវង្ស ភេទប្រុស អាយុ១៧ឆ្នាំ(របួសស្រាល) ក្នុងទិសដៅផ្ទុយគ្នា(ពីកើតទៅលិច) ចំពីមុខពេញទំហឹង បណ្តាលឲ្យកែកុងម៉ូតូទាំងពីរគ្រឿង រងរបួសធ្ងន់ដូចគ្នា។ចំណែកម៉ូតូក៏រងការខូចខាតយ៉ាងដំណំផងដែរ។

ក្រោយពីកើតហេតុសមត្ថកិច្ច បាននាំយកវត្ថុតាងទាំងពីរទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលព្រៃថ្នង។ដោយឡែកជនរងគ្រោះ ត្រូវសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះអាយុជីវិតនៅមន្ទីរពេទ្យបង្អែកខេត្តកំពត៕ សេង ណារិទ្ធ